អាជ្ញាធរ​ពន្ធដារចិនបង្គាប់មិនឱ្យចាក់បញ្ចាំងរឿង Fan Bingbing ខណៈកំពុងមានករណីគេចពន្ធលើសលប់

តាមរយៈសារព័ត៌មាន The Startime ដែលទើបតែចេញផ្សាយមុនបន្ដិចបានឱ្យដឹងថា អាជ្ញាធរពន្ធដារចិនបានចេញសេចក្ដីប្រកាសថា កំពូលតារា​សម្ដែងចិនអ្នកនាង ហ្វាន ពីងពីង (Fan Bingbing) ត្រូវបាន​បង្គាប់បង់ពន្ធ​ចូលរដ្ឋវិញ និងពិន័យជាប្រាក់​រាប់រយលានយ័នពីបទ​គេចពន្ធ ព្រមទាំងពិន័យមិនឱ្យចាក់បញ្ចាំរឿងរបស់នាងឡើយ។

អាជ្ញាធរពន្ធដារចិន បានបង្ហើបឱ្យដឹងថា តារាសម្ដែងស្រីរូបនេះ បានគេចមិនព្រមបង់ពន្ធក្នុងទឹកប្រាក់ប្រមាណ 95.8 លានដុល្លារ និងជាប់ពិន័យពន្ធដារ 255 លានយ័នផងដែរ។ អ្នកនាង ហ្វាន ពីងពីង មិនបាន​បង្ហាញខ្លួនជា សាធារណអស់​រយៈពេលជាច្រើនខែ​មកហើយ ខណៈមានពាក្យ​​ចចាមអារ៉ាម​​ជាច្រើនថា កំពូលតារា​​សម្ដែងរូបនេះ​ ​ត្រូវបានអាជ្ញាធរ​ចិនចាប់ខ្លួន​ពីបទ​គេចពន្ធ។ ចំណែកឯ ទីកន្លែង​ដែល​អ្នកនាង Fan កំពុងស្ថិតនៅក៏​ពុំទាន់ត្រូវបានគេឱ្យ​ដឹងនៅឡើយ​ដែរ។

គួររំឭកដែរថា អ្នកនាង Fan Bingbing មិនបានបង្ហាញ​​ខ្លួនជាសាធារណៈ​ តាំងតែពីខែមិថុនា​​មកម្ល៉េះ ពោលគឺបន្ទាប់​ពីអ្នក​នាងបានបង្ហោះ​រូបភាព នៅលើបណ្ដាញ​​ទំនាក់ទំនង​សង្គម​ថា អ្នកនាងបាន​ធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ​​កុមារមួយ​កន្លែង ស្ថិតនៅ​ក្នុង​តំបន់ទីបេ។ បន្ថែមពីលើ​នេះ អត្ថបទមួយចុះ​​ផ្សាយដោយប្រព័ន្ធ​ផ្សព្វ​ផ្សាយរដ្ឋ Securities Daily កាលពីថ្ងៃទី6 ខែកញ្ញា ហើយដែល​ក្រោយ​មកត្រូវបាន​លុបចោល​វិញភ្លាមៗ​​បានអះអាងថា អ្នកនាង Fan កំពុងស្ថិតនៅ​​ក្រោមការឃ្លាំមើល​របស់​អាជ្ញាធរចិន និងកំពុងប្រឈមមុខ ការកាត់ទោស​​ពីបទ​គេចពន្ធ។

សូមជម្រាបបន្ថែមថា រឿងរបស់ Fan Bingbing ដែលសម្ដែងនៅហូលីវូតត្រៀមនឹងរៀបបញ្ចាំងមានដូចជារឿង «X-Men» និងរឿង «Iron Man» ដែលរំពឹងកើបចំ​ណូលបានពីអ្នកគាំទ្រចិនបានដល់ទៅ 62 លានដុល្លារសហរដ្ឋអាមេរិច៕

Advertisement