គង់ វង្សយ៉ាទីរអ៊ូ : ឆ្នាំ 2017 ទទួលការងារច្រើន តែបានលុយតិច

ចូលមកដល់ដើមឆ្នាំ2017នេះគេឃើញថាកញ្ញា គង់ វង្សយ៉ាទី ហាក់កំពុងសម្រុកជាមួយការងារសម្ដែងជាខ្លាំងដែលមានទាំងការថតស្ប៉ត ភាពយន្ដ និងខារ៉ាអូខេជាច្រើនផងដែរ ។ ការប្រឹងប្រែងលើការងារស្ទើរតែរកពេលសម្រាកគ្មាននេះ ត្រូវបានអ្នកគាំទ្ររបស់នាងមានការសាទរជាខ្លាំងដោយសារតែគិតថា នាងប្រហែលជាអាចរកចំណូលបានច្រើនហើយមើលទៅ ។

ជាញឹកញយគេបានឃើញកញ្ញា គង់ វង្សយ៉ាទី បង្ហោះពីសកម្មភាពការងាររបស់នាងតាមរយៈបណ្ដាញសង្គមគ្រាដែលចេញទៅធ្វើការថតភាពយន្ដ ឬស្ប៉តពាណិជ្ជកម្មជាដើម។ ក្នុងនោះក៏មានអ្នកគាំទ្រនាងបានចូលសួរសុខទុក្ខ និងLike ជាច្រើនតាមរយៈការLive ក្នុងហ្វេសប៊ុក ។ ពេលជួបកញ្ញាគង់ វង្សយ៉ាទី នាងបានបញ្ជាក់ថា ចូលមកដល់ឆ្នាំ2017នេះ នាងពិតជាទទួលបានការងារច្រើនមែនស្ទើរតែរកពេលសម្រាកពុំបាន ចប់ពីការងារមួយចូលការងារមួយទៀត ជួនកាលក្នុងមួយថ្ងៃនាងទទួលការងារដល់ទៅពីរ ឬបីឯណោះ។ នាងបន្ដថា៖ ”បច្ចុប្បន្នខ្ញុំក៏មានការនឿយហត់ដែរចំពោះការងារដែលខ្លួនឯងកំពុងធ្វើ ព្រោះវាមកជាប់ៗគ្នាពេក ប៉ុន្ដែសប្បាយចិត្ដ ព្រោះមិននឹកស្មានថាខ្ញុំ អាចទទួលបានការនិយមចូលចិត្ដពីក្រុមហ៊ុន ឬផលិតកម្មនានាបែបនេះសោះ”។

គ្រាន់តែសួរចូលដល់ប្រាក់ចំណូលភ្លាម ត្រូវបានកញ្ញា គង់ វង្សយ៉ាទី ផ្ទុះសំណើចឃឹកៗ ហើយនិយាយថា ឃើញនាងទទួលបានការងារច្រើនជាងឆ្នាំ2016 មែន ប៉ុន្ដែប្រាក់ចំណូលក្នុងឆ្នាំនេះរកបានតិចជាឆ្នាំចាស់ទេ បើធៀបទៅនឹងរយៈពេលដូចគ្នានេះ។ យ៉ាទីបញ្ជាក់ថា៖ ”កាលពីឆ្នាំ2016ខ្ញុំធ្វើការងារតិច ប៉ុន្ដែទទួលបានប្រាក់ចំណូលច្រើន ដោយសារតែការងារដែលខ្ញុំបានចុះកុងត្រា ទទួលបានប្រាក់រួចរាល់អស់ហើយ តែវាបានពន្យារពេលមកដល់ឆ្នាំថ្មី2017 ដូច្នេះហើយទើបខ្ញុំសម្រុកបញ្ចប់ការងារឆ្នាំចាស់ឱ្យអស់”។

កញ្ញាគង់ វង្សយ៉ាទី បានបញ្ជាក់ថា ដោយសារតែការងារក្នុងឆ្នាំ2017 រវល់ខ្លាំង ទើបថ្មីៗនេះនាងមិនទាន់ហ៊ានទទួលយកការងារថ្មីទៀតទេ ព្រោះខ្លាចធ្វើមិនទាន់ ឬធ្វើមិនបានល្អឱ្យគេ នាំឱ្យបាត់បង់ប្រជាប្រិយភាព ដូច្នេះហើយទើបនាងចង់បញ្ចប់ការងារចាស់ៗឱ្យអស់សិន ទើបទទួលយកការងារថ្មីៗមកធ្វើបន្ដទៀត។

ទោះជាយ៉ាងណាគង់ វង្សយ៉ាទីបញ្ជាក់ថា ចំពោះប្រាក់ចំណូលក្នុងដើមឆ្នាំ2017នេះ ទោះជាមិនអាចធៀបនឹងឆ្នាំ 2016 មែន តែវាក៏បានច្រើនក្រែលដែរ ដែលអាចឱ្យនាងគ្រប់គ្រងជីវភាពប្រចាំថ្ងៃបានយ៉ាងងាយស្រួល៕

Advertisement