ឈួន សុវណ្ណឆៃ ចែករំលែកធនធានផ្ទាល់ខ្លួនជូនកុមារកំព្រា

កាលពីម្សិលមិញនេះតារាចម្រៀងសំឡេងក្រលួច ឈួន សុវណ្ណឆៃ បានរៀបចំកម្មវិធីចុះចែកអំណោយដល់កុមារកំព្រាជាច្រើនរូបនៅអង្គការបណ្តុះបណ្តាលនិងថែរក្សាកុមារកំព្រាដែលស្ថិតនៅភូមិទី1 (ដីអំបិល)ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និតស្នាលរាក់ទាក់។ នេះជាលើកទី2ហើយដែលអ្នកនាងឈួន សុវណ្ណឆៃផ្តួចផ្តើមគំនិតចុះជួយក្មួយៗកុមារកំព្រាដោយជូនដំណឹងដល់សប្បុរសជនមិត្តភក្តិជិតដិត និងអាជីវករតាមផ្សារដើម្បីបានគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់ខ្លះៗជូនប្អូនៗ។

អ្នកនាងឈួន សុវណ្ណឆៃ បានប្រាប់ថាមិនដឹងជាបែបណានោះទេក្នុងចិត្តអោយតែមកដល់ទីនេះគឺសប្បាយចិត្តបំផុតដែលបានជួយដល់ប្អូនៗនៅទីនេះព្រោះគ្នាលំបាកហើយអត់មានឪពុកម្តាយមើលថែរក្រៅពីរស់នៅអង្គការ។ អ្នកនាងថាឱកាសលើកនេះនាងបានបង្កើតបរិយាកាសស្និតជាមួយប្អូនៗជាច្រើនដូចជាលេងហ្គេមការច្រៀងការរាំកម្សាន្តហើយក៏បានផ្តាំផ្ញើអោយក្មួយត្រូវយកចិត្តទុកដាក់រៀនសូត្រអោយបានចេះដឹងធ្វើជាមនុស្សល្អមនុស្សមានចំនេះនៅក្នុងសង្គម។ អំណោយដែលទទួលបានមានទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ អង្ករ5បាវ មី សម្លៀកបំពាក់ និងរបស់របរមួយចំនួនទៀតផងដែរ។ ការផ្តល់នូវអំណោយនេះបានមកពីអ្នកស្គាល់នាងដូចជាមិត្តភ័ក្រ្តឃើញនាងប្រកូកប្រកាសតាមហ្វេសបុកក៏ជួយតាមទឹកចិត្តហើយក៍មានអាជីវកនៅផ្សារថ្មីក៏ដូចជាប្អូនស្រីបង្កើតឈួន សុវណ្ណដាលីនមកពីអាមេរិកក៏ស្ម័គ្រជួយ។ អ្នកនាងនឹងឈ្លៀតយកពេលវេលាណាមួយអោយបានច្រើនដើម្បីពាំនាំរបស់របរជួយដល់កុមារនៅទីនេះនាងចូលចិត្តនិងស្រឡាញ់ណាស់។

លោកចំរើនដែលជាមិត្តជិតដិតរបស់សុវណ្ណឆៃបានអោយដឹងថាលោកក៏បានរួមសហការជាមួយអ្នកនាងសុវណ្ណឆៃដើម្បីបង្កើតនិងរកជំនួយអោយបានច្រើនហើយបានជួយខ្លះដែរ។ បើទោះផ្លូវឆ្ងាយតែសប្បាយចិត្តដែលបានចែករំលែកក្តីស្រឡាញ់ដល់ប្អូនៗអោយបានកក់ក្តៅព្រោះតាមដឹង1ថ្ងៃប្រើអង្ករអស់1បាវ៕

Advertisement