អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal ប្រកាសស្វាគមន៍ផលិតករភាពយន្ដខ្មែរជានិច្ច

អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal​ តំណាងប្រទេសកម្ពុជាគឺ កញ្ញា ផរ រីណា (pho Ryna) ជាកូនខ្មែរនៅអាមេរិក  នៅពេលថ្មីៗនេះបានមកដល់ប្រទេសកម្ពុជាជាថ្មីម្ដងទៀតដើម្បីបន្តសកម្មភាពសង្គមមួយចំនួនតាមការគ្រោងទុកជាមួយក្រុមការងារ។

ដោយហេតុតែកន្លងមកមានពាក្យលេចឮថា មានផលិតកម្មធំៗក្នុងស្រុកកំពុងតែសម្លឹងសមត្ថភាពពហុជំនាញរបស់បវរកញ្ញារូបនេះ ទើបខាងក្រុមការងារផលិតកម្មគ្រោងអញ្ជើញឱ្យនាងសម្ដែងភាពយន្ដនៅកម្ពុជា ទោះជាយ៉ាងណាកូនកាត់ខ្មែរអាមេរិករូបនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា នាងមិនទាន់ទទួលបានដំណឹងជាក់លាក់នៅឡើយទេ ប៉ុន្ដែប្រសិនបើដំណឹងនោះជាការពិត នាងសប្បាយចិត្ដក្នុងការសហការជាមួយផលិតករខ្មែរនៅក្នុងស្រុក ដើម្បីផលិតភាពយន្ដឱ្យបានល្អឯក។ អតីតបេក្ខភាពបវរកញ្ញា Miss Global Internatinal ​តំណាងប្រទេសកម្ពុជារូបនេះបន្ថែមថា« ប្រសិនមានឱកាសនោះមែន ខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលអាចបញ្ចេញសមត្ថភាពក្នុងសិល្បៈឱ្យប្រជាជនខ្មែរបានឃើញ។ ហើយខ្ញុំក៏ពុំមានការបារម្ភលើការសម្ដែងដែរ ព្រោះនៅសហរដ្ឋអាមេរិកខ្ញុំក៏បានហាត់រៀនជំនាញសិល្បៈជាច្រើនដែរ ដូច្នេះខ្ញុំគិតថា វាមិនលំបាកសម្រាប់ខ្ញុំទេ »។

សូមជម្រាបបន្ថែមថា កញ្ញា ផរ រីណា បានឆ្លងចូលវគ្គ 10នាក់ចុងក្រោយ មិនតែប៉ុណ្ណោះ ការវិលមកកាន់ប្រទេសកម្ពុជាលើកនេះមានរយៈពេល 3សប្តាហ៍ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលនាងមានគម្រោងចុះទៅតាមខេត្តមួយចំនួន ដូចជា សៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តមួយចំនួនទៀត ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់នាងទៅកាន់ប្រជាពលរដ្ឋ៕

Advertisement