ពិតជាអស្ចារ្យមែន!  អ្នកច្នៃឈុតបុរាណម្នាក់ ធ្វើឱ្យតារា 4នាក់ឈ្នះពានក្នុងពេលតែមួយ

មកទល់ពេលនេះ ការប្រកួតឈុតបុរាណរបស់ «គ្រួសារតារាកម្ពុជា» ត្រូវបានគេកត់សម្គាល់ឃើញថា វេទិកានេះបានជួយឱ្យតារា 7រូបទទួលបានកិត្តិយសយ៉ាងខ្លាំង ដោយសារតែពួកគេសុទ្ធតែបានក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំទាំងអស់ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតារាចាស់-ថ្មីសរុបដល់ទៅជាង 300នាក់។ ក្នុងចំណោមម្ចាស់ពានទាំងអស់ គេចាប់អារម្មណ៍លើម្ចាស់ពានចំនួន 4រូប ដោយសារតែពួកគេទាំង4 សុទ្ធតែបានគ្រងឈុតរបស់អ្នកច្នៃម៉ូដតែម្នាក់គត់ គឺលោកនូ សុផេន ដែលជាអ្នកស្រាវជ្រាវ និងជាអ្នកច្នៃឈុតបុរាណដ៏ល្បីឈ្មោះ។

លោក នូ សុផេន ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និងត្រូវបានគេស្គាល់ថា មានជំនាញខាងស្រាវជ្រាវ និងជាអ្នកច្នៃម៉ូដបុរាណទៀតផងនោះ បានអះអាងថា មុនការប្រកួតចាប់ផ្ដើម យ៉ាងហោចមានតារាប្រមាណ 10នាក់របស់ «គ្រួសារតារាកម្ពុជា» បានទាក់ទងមកលោកដោយផ្ទាល់ និងស្នើឱ្យលោកជួយច្នៃម៉ូដឈុតបុរាណ ដើម្បីឱ្យពួកគេបានស្លៀកចូលរួមប្រកួតនៅក្នុងកម្មវិធីខាងលើ។ តារាដែលបានចូលរួមប្រកួតរហូតជិត 10រូប បានស្លៀកឈុតដែលលោកកែច្នៃទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នោះ ដែលលោកមិននឹកស្មានថា ឈុតរបស់លោករហូតដល់ទៅ 4ឈុត បានទទួលពានក្នុងចំណោម 7ពាន នារាត្រីនោះឡើយ។

លោកបានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងថា ឈុតព្រះនាងឥន្ទ្រទេវី របស់កញ្ញាប៊េប៊ី ឈុតស្រីស្នំនៅសម័យអង្គររបស់អ្នកនាងម៉ៅ ស៊ីណាត   ឈុតព្រះបាទសុរិយវរ្ម័នទី2 ដែលជាស្ដេចកសាងប្រាសាទអង្គររបស់ លោករុន ណាកូ និងឈុតកងទាហាននៅសម័យអង្គររបស់លោកស៊ិន សុធារិទ្ធ ត្រូវបានគណៈកម្មការផ្ដល់ពិន្ទុឱ្យលើកពាន ខណៈដែលលោកយល់ថាមិនគួរសោះ ដោយសារតែក្នុងពិធីនោះត្រូវបានចូលរួមបញ្ចេញស្នាដៃដោយផ្ដល់ឈុតឱ្យតារាៗមួយចំនួនខ្ចីស្លៀកយកទៅប្រកួតដែរ។

លោកបានពន្យល់ពីហេតុផល ដែលនាំឱ្យឈុតរបស់លោកដល់ទៅ 4ឈុតបានក្លាយជាម្ចាស់ពាន គឺដោយសារតែលោកជ្រើសយកតារាដែលមានទម្រង់មុខ និងដងខ្លួនស័ក្តិសមនឹងឈុតទាំងនោះបានល្អ ទើបធ្វើឱ្យឈុតទាំង4 នោះមានភាពលេចធ្លោ និងយកឈ្នះចិត្តគណៈកម្មការបាន។ លោកប្រាប់ថា លោកបានចំណាយពេលវេលាស្រាវជ្រាវ កែច្នៃ និងថវិកាដើម្បីចាត់ចែងលើការងារនេះដោយមិនស្ដាយកម្លាំងទេ ទើបស្នាដៃដែលលោកខំប្រឹងប្រែងទាំងនោះទទួលបានការទទួលស្គាល់តាមរយៈការប្រកួតប្រជែងស្នាដៃច្រើនបែបនេះ។

លោកបញ្ជាក់ថា ការគ្រងឈុតបុរាណ ទោះជាឈុតទាំងនោះមានភាពទាក់ទាញមែន តែបើការជ្រើសរើសតួតារាមកគ្រងមិនបានស័ក្តិសម និងមានរូបរាង សម្រស់មិនស៊ីគ្នានឹងឈុតនោះ ក៏ភាពលេចធ្លោមិនបានកើតឡើងដែរ ដូច្នេះហើយទើបលោកយល់ថា ហេតុផលដែលឈុតរបស់លោកបានលើកពានដល់ទៅ 4ឈុត គឺដោយសារតែរាងរៅ និងមុខមាត់របស់តារាអ្នកដែលស្លៀកនោះត្រូវនឹងឈុតដែលលោកបានច្នៃនោះដែរ៕

Advertisement