អ្នកនិពន្ធវ័យក្មេងបោះជំហានពី ជំរុញការអាន ទៅជាការសរសេរ

បង្កើនទម្លាប់នៃការអានដល់ប្រជាជនខ្មែរ ជាប្រធានបទដែលកំពុងតែមានការចាប់អារម្មណ៍ក្នុងចំណោមយុវវ័យ ដែល​នាពេលថ្មីៗនេះមានយុវជនជាច្រើន​បានចាប់ផ្តើម​បង្កើតក្រុមការងារ​ឡើងដើម្បីជួយជំរុញឱ្យប្រទេសកម្ពុជា​ចាប់ផ្តើមអានឱ្យបានច្រើនឡើង។ នៅពេលថ្មីៗនេះ យុវជនមួយក្រុមបានចាប់ផ្តើម​ឈានមួយជំហានទៀតទៅកាន់​ការអភិវឌ្ឍ​សមត្ថភាពសំណេរដល់អ្នកនិពន្ធវ័យក្មេងនៅកម្ពុជា។

លោក លី តារា អ្នកនិពន្ធ និង​ជា​ស្ថាបនិក​នៃក្រុមអ្នកនិពន្ធវ័យក្មេង CYA បានលើកឡើងថា ក្រុមរបស់លោក​បង្កើតឡើងដើម្បីជំរុញវប្បធម៌នៃការអាន និងការសរសេរនៅកម្ពុជា។ ក្រៅពីនេះ លោកក៏មានបំណងចង់សម្រេចក្តីស្រមៃរបស់យុវជនដែលចង់ក្លាយជាអ្នកនិពន្ធឱ្យក្លាយជាការពិត តាមរយៈការជំរុញឱ្យមានសមត្ថភាពសរសេរ និង​បោះពុម្ពផ្សាយជាសាធារណៈ។ មួយវិញទៀត ក្រុមអ្នកនិពន្ធវ័យក្មេង ក៏ចង់ឱ្យយុវជនមាន​ទម្លាប់ក្នុងការចែករំលែកគំនិតរបស់ខ្លួនជាសាធារណៈ​តាមរយៈសំណេររបស់ខ្លួន។

លោក លី តារា បាននិយាយថា៖ «​ជា​គោលបំណងសំខាន់របស់ក្រុមអ្នកនិពន្ធវ័យក្មេង គឺបង្កើតសៀវភៅឱ្យបាន 111ចំណងជើង ដែលខណៈពេលនេះ យើងបានបោះពុម្ពផ្សាយចំនួន 6ចំណងជើង​រួចមកហើយ ហើយសៀវភៅចំនួនប្រមាណ 1,000ក្បាល នឹងត្រូវចែកដោយឥតគិតថ្លៃក្នុងថ្ងៃពិព័រណ៍សៀវភៅខាងមុខនេះ»។

ស្ថាបនិក និងជាប្រធានក្រុមអ្នកនិពន្ធខាងលើបានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យសមាជិកមានសមត្ថភាព​ក្នុងការបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួន​ប្រកបដោយតម្លៃពិតប្រាកដ ក្រុមរបស់លោក​បានផ្តល់ជំនួយ 5យ៉ាងដល់ពួកគេ គឺ ៖

ដំណាក់កាលទី1 លោក​មានធនធានមនុស្សក្នុងការបណ្តុះបណ្តាល​ និងណែនាំពួកគាត់ពីបច្ចេកទេសក្នុងការសរសេរឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសរសេរ។

បន្ទាប់មក ដំណាក់កាលទី2 នៅពេលដែលគាត់​កំពុងសរសេរគឺ យើងមាន​ជំនួយក្នុងការស្វែងរក​អ្នកណែនាំដើម្បីធានាថា សៀវភៅនឹងស្របទៅតាមស្ថានភាពជាក់ស្តែង និងមានតម្លៃអប់រំត្រឹមត្រូវ។

ដំណាក់កាលទី 3 គឺនៅពេលដែលគាត់សរសេរចប់ យើងនឹងជួយស្វែងរកបណ្ណាធិការ ដើម្បីកែតម្រូវឯកសាររបស់គាត់ឱ្យបានត្រឹមត្រូវ។

ហើយដំណាក់កាលទី4 គឺ យើងជួយពួកគាត់សម្រួលដល់ការងារបច្ចេកទេសក្នុងការរចនា និងបោះពុម្ពសៀវភៅឱ្យមានសោភ័ណភាព និងដំណាក់កាលចុងក្រោយគឺយើងជួយអ្នកនិពន្ធក្នុងការធ្វើទីផ្សារ​ ឬលក់សៀវភៅ ជាមួយនឹងការសម្ពោធសៀវភៅ​ដែលគាត់បានបោះពុម្ពផ្សាយនោះ៕

Advertisement