លោក ឡេង ណាវ៉ាត់ត្រា អាណិតសិល្បៈករខ្មែរ គ្មានអ្នកគាំទ្រភ្លូកទឹកភ្លូកដីដូចតារាថៃ

បន្ទាប់ពីបានឃើញវីដេអូដែលអ្នកគាំទ្រខ្មែរ បានទៅស្វាគមន៍តារាសិល្បៈករថៃ យ៉ាងប្រជ្រៀតគ្នាណែនណាន់តាន់តាប់ហើយនោះ មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្មែរមួយចំនួនបានលើកឡើងថា តារាសិល្បៈករថៃ ត្រូវបានអ្នកគាំទ្រឱ្យតម្លៃខ្លាំងជាង តារាសិល្បៈករក្នុងស្រុក។ មិនតែប៉ុណ្ណោះទេ នៅក្នុងនោះ លោកឧកញ៉ាវ័យក្មេង និងជាសិល្បៈករសម្ដែងច្រៀង គឺលោក ឡេង ណាវ៉ាត់ត្រា ក៏បានបញ្ចេញមតិចំពោះបញ្ហានោះផងដែរ។

លោក ណាវ៉ាត់ត្រា បានយល់ឃើញថា « ខ្ញុំ ឡេង ណាវ៉ាត់ត្រា សូមទោសផង បងប្អូនអើយ ហេតុអ្វីទៅតារាថៃ គេមានតំលៃម្លេះ​ Fanច្រើនណាស់ តារាខ្មែវិញស្លាប់ហើយ អត់មានបង Fan ទៅច្រើនអីចឹងសោះ ខ្ញុំអត់ហ៊ានថាម៉េចទេ សូមបងប្អូនចែកក្ដីស្រលាញ់ ឱ្យសិល្បះខ្មែរខ្លះផង បងប្អូនអើយគ្មាននរណាស្រលាញ់យើងជាងគ្រួសារជនជាតិយើងទេ ខ្ញុំសូមអង្វរបងប្អូនតើបានទេ ខ្ញុំឈឺចាប់ណាស់ ជនជាតិគេមិនដែល យកភ្នែកមើលយើងផង អាណិតអ្នកសិល្បៈខ្មែរផងបងប្អូន ពេលគាត់មានបានពួកគាត់តែងតែជួយបងប្អូនយើងខ្វះខាតជារឿយៗតើ »។ ការលើកឡើងបែបនេះ មិនមែនត្រឹមតែលោកម្នាក់នោះទេ នៅមានតារាសិល្បៈខ្មែរមួយចំនួនទៀត ក៏បានត្អូញត្អែ និងអំពាវនាវសុំសេចក្ដីស្រឡាញ់ពីអ្នកគាំទ្រដូចគ្នា។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីណេះៗ ដោយមានវីដេអូបង្ហាញពីសកម្មភាពមហាជននៅកម្ពុជាគាំទ្រតារាថៃដ៏ខ្លាំងក្លាបែបសឹងតែមិនជឿនោះ  អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ លោក អ៊ាម វន្នី ជាតារាចម្រៀង និងអ្នកនិពន្ធឯករាជ្យ ក៏បានធ្វើការចែករំលែក និងបញ្ចេញយោបល់យ៉ាងខ្លីនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា« នៅពេលដែលយើងភ្លេចអោយតម្លៃគ្នាឯង នោះអ្នកដ៏ទៃគឺមានតម្លៃជាងហើយ។ គេមិនមានអ្វីខុសទេ នេះជាការដើរទៅមុខមួយជំហ៊ានមុនយើងវិញម្តងតែប៉ុណ្ណោះ។ ខ្ញុំជឿថាខ្មែរយើងមិនចិត្តអាក្រក់នោះទេ»។ នេះក៏ជាសារមួយ នៃការអង្វរកឱ្យអ្នកគាំទ្រខ្មែរ ផ្ដល់តម្លៃជូនសិល្បករខ្មែរខ្លួនឯង។ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ?៕

Advertisement