ពិធីករល្បីឈ្មោះ សាហារ៉ា បដិសេធរឿងបោះទុនបើកហាងកាហ្វេនៅសៀមរាប

នៅពេលថ្មីៗនេះ គេឃើញពិធីករ និងជាតារាសម្ដែងតួឯកក្នុងរឿង «ស្នូរជើងអ្នកណា» បានចេញមុខបើកសម្ពោធហាងការហ្វេ និងតែគុជធំមួយ យីហោ «ឆាវ ដយ» នៅខេត្តសៀមរាបយ៉ាងគគ្រឹកគគ្រេង ដោយហាងកាហ្វេនោះត្រូវបានមហាជនយល់ឃើញថា ជាភាគហ៊ុនរបស់លោក បើទោះជាហាងដែលស្ថិតនៅម្ដុំព្រះអង្គចេក-ព្រះអង្គចម ជាទីតាំងដែលល្អ និងចំណាយទុនបើកមិនធម្មតាក្ដី។ ជាងនេះទៅទៀត គេមើលឃើញថា ហាងកាហ្វេដែលពាក់ព័ន្ធនឹងរូបលោកនេះ ត្រូវបានគេសង្ស័យថាជាប្រ៊េនដ៍មកពីប្រទេសវៀតណាម ទើបធ្វើ​ឱ្យលោកចេញមុខប្រតិកម្មភ្លាមៗតែម្ដង។

លោក សាហារ៉ា បាននិយាយប្រាប់អ្នកយកព័ត៌មានគេហទំព័រ ឡារ៉ែន ថា រហូតមកដល់ថ្ងៃនេះ នៅតែមានមិត្តភក្ដិក្នុងហ្វេសប៊ុកជាច្រើនយល់ថា លោកបានសម្ងំបោះទុន ឬដាក់ភាគហ៊ុនបើកហាងកាហ្វេធំមួយនៅខេត្តសៀមរាប ដោយសារតែក្នុងថ្ងៃសម្ពោធហាងកាហ្វេ«ឆាវ ដយ»នៅសៀមរាបនោះ លោក គឺជាអ្នកចេញមុខខ្នះខ្នែង ដោយចូលរួមទាំងការរៀបចំ ធ្វើពិធីករ និងជួយចាត់ចែងស្ទើរទាំងស្រុង ដើម្បីឱ្យការសម្ពោធដំណើរការទៅដោយរលូន។ លោកបានបញ្ជាក់ថា ការយល់ច្រឡំថា អាជីវកម្មនោះជារបស់ខ្លួន គឺជារឿងដែលអាចធ្វើឱ្យម្ចាស់មែនទែនគេអន់ចិត្ត ដោយសារតែអាជីវកម្មនោះត្រូវបានគេដឹងថាប្រើទុនដល់រាប់សែនដុល្លារដែលលើសពីសមត្ថភាពរបស់លោក ហើយម្ចាស់ហាងពិតប្រាកដ គឺជារបស់លោក ឈិន ឈួង និងអ្នកស្រី សេក ច័ន្ទសុធារិន្ទ ដែលត្រូវជាមិត្តភ័ក្ដិស្និទ្ធស្នាលរបស់លោក តាំងពីនៅរៀនមហាវិទ្យាល័យជាមួយគ្នាឯណោះទេ។

លោកបញ្ចាក់ថា  មិនមានសូម្បីតែភាគហ៊ុនមួយហ៊ុន ប៉ុន្តែហេតុផលដែលលោកខ្នះខ្នែង គឺដោយសារតែលោកចង់ស្វែងយល់ពីមុខរបរបើកហាងកាហ្វេនោះ ពីមិត្តភ័ក្តិឱ្យបានល្អិតល្អន់ និងចង់រួមចំណែកជួយដល់អតីតមិត្តរួមថ្នាក់ផង ទើបលោកចេញមុខខ្នះខ្នែងនៅក្នុងថ្ងៃនោះ ដោយរំពឹងថានឹងទទួលបានបទពិសោធមួយ ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន នៅពេលដែលលោកចង់ទិញប្រ៊េនដ៍ហាងកាហ្វេ ឆាវ ដយ ក្នុងពេលខាងមុខ។ លោកថា ខ្លួនមានចំណូលចិត្តទិញប្រ៊េនដ៍បើកហាងកាហ្វេធំៗបែបនេះក្នុងពេលខាងមុខ ខណៈដែលលោកកាន់តែមានចំណូលចិត្តទ្វេឡើងនៅពេលទៅចូលរួមសម្ពោធហាង ឆាវ ដយ នៅសៀមរាបរបស់មិត្តសម្លាញ់ ហើយបានកត់សម្គាល់ថា អាជីវកម្មរបស់ហាងធំដុំនោះទទួលបានការរីកចម្រើនមិនធម្មតា។ មកទល់ម៉ោងនេះ ខ្លួនកាន់តែពេញចិត្តក្នុងការសិក្សាស្វែងយល់ពីប្រ៊េនដ៍របស់ហាងកាហ្វេ ឆាវ ដយ ដោយសារតែលោកយល់ថា អាជីវកម្មមួយនេះ បើមានដើមទុន គឺពិតជាងាយស្រួលកើបផលចំណេញណាស់ ជាពិសេសសម្រាប់អ្នកជ្រើសរើសត្រូវទីតាំង ដូចហាង ឆាវ ដយ នៅសៀមរាបនេះ។

លោកបានជម្រាបបន្ថែមឱ្យកាន់តែច្បាស់ថា ហាង ឆាវ ដយ សៀមរាប មិនមែនជាកម្មសិទ្ធិ ឬជាភាគហ៊ុនរបស់ខ្លួនទេ លោកក៏បានប្រតិកម្មជុំវិញការលើកឡើងថា យីហោ ហាងនេះ គឺជាប្រ៊េនដ៍របស់វៀតណាមផងដែរ។ លោកថា អ្នកយល់ឃើញនោះ បណ្ដាលមកពីគិតតែមួយជ្រុង ត្រង់សូរសៀង របស់ឈ្មោះហាង ដោយមិនបានស្វែងយល់ថា នេះជាប្រ៊េនដ៍នាំចូលមកពីប្រទេសណា។ លោក សាហារ៉ា បន្តថា កាហ្វេ ឆាវ ដយ គឺជាយីហោល្បីមួយនៅក្នុងប្រទេសថៃ ហើយក្រៅពីនៅក្នុងប្រទេសថៃហើយ ហាងកាហ្វេយីហោនេះ ក៏មានវត្តមាននៅតាមបណ្ដាប្រទេសផ្សេងៗផងដែរ ហើយនេះគឺជាសាខាទី5 ទើបបើកថ្មោងថ្មីនៅខេត្តសៀមរាប។ លោកថា ខ្លួនសម្លឹងឃើញពីការចាប់ផ្ដើមរបស់អាជីវកម្មនេះ តែលោកមិនទាន់ច្បាស់ថា តើខ្លួនមានលទ្ធភាពពេលណានោះទេ ដោយសារតែការទិញប្រ៊េនដ៍ និងធ្វើហាងឱ្យត្រូវតាមស្ដង់ដាររបស់ឆាវ ដយ នេះត្រូវប្រើទុនខ្ពស់ ហើយក៏ត្រូវការពេលវេលាគ្រប់គ្រងពេញលេញដែរ៕

Advertisement