លោក ប៊ុត សីហា ត្រូវបានផលិតកម្មធំសម្លឹងឃើញហើយ…

អតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងម្ចាស់ជយលាភីកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី1 លោក ប៊ុត សីហា ត្រូវបានប្រភពច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងថា ខណៈនេះតារាចម្រៀងប្រុសសំឡេងខ្ពស់រូបនេះ ត្រូវបានផលិតកម្មក្នុងស្រុកធំមួយកំពុងតែចាប់អារម្មណ៍ និងផ្ដល់ឱកាសដល់រូបលោកឱ្យចូលច្រៀងហើយ។

ដោយសារតែមានរឿងអាស្រូវពាក់ព័ន្ធជាមួយគ្រឿងញៀនកាលពីប៉ុន្មានខែមុននោះ ធ្វើឱ្យលោក ប៊ុត សីហា ត្រូវបាត់បង់ការងារនៅក្នុងសិល្បៈអស់មួយចំនួនធំ និងថែមទាំងរបូតឱកាសទៅកើបប្រាក់នៅលើទឹកដីប្រទេសមហាអំណាច គឺសហរដ្ឋអាមេរិកទៀតផង។ មិនតែប៉ុណ្ណោះ លោក សីហា នៅត្រូវបានខាងផលិតកម្មហង្សមាសប្រកាសប្រាប់មហាជនជាអ្នកគាំទ្រផលិតកម្មថា បើទោះបីជា សីហា កែខ្លួនល្អឡើងវិញយ៉ាងណាក៏ដោយ ក៏ខាងផលិតកម្មមិនអាចទទួលយករូបលោកឱ្យចូលច្រៀងវិញបានដែរ។ រឿងអាស្រូវទាំងអស់នេះបានធ្វើឱ្យតារាចម្រៀងរូបនេះភ្ញាក់រឭកខ្លួន និងកែប្រែកំហុសឆ្គង ហើយងាកមកចូលរួមជាមួយការងារសង្គមវិញម្ដង ដោយមួយរយៈចុងក្រោយនេះគេសង្កេតឃើញ លោក ប៊ុត សីហា បានធ្វើការ​ចែករំលែក​សេចក្តី​ស្រឡាញ់​ទៅដល់​កុមារៗ​នៅតាម​សហគមន៍ ​ឬ​មណ្ឌលកុមារ​កំព្រា​នានាជាច្រើន​។

ប្រភពដដែលបានបង្ហើបប្រាប់ទៀតថា ទោះបីជា​ពេលនេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បោះបង់ចោល ​និង​ត្រូវ​បាត់បង់​ឱកាស​ការងារ​ច្រៀង​នៅ​តាម​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ក៏ពិតមែន​ ប៉ុន្តែ​តារា​ប្រុស​រូបនេះ​ក៏ត្រូវ​បាន​ផលិតកម្ម​ថោ​ន​សម្លឹង​ឃើញ​ និង​ត្រៀម​ចុះកិច្ចសន្យា​ជាមួយ​ផង​ដែរ គ្រាន់តែ​មិនទាន់​ដល់ពេលប៉ុណ្ណោះ។ ប្រភព​ដដែល​បាន​បន្ថែមថា ​មូលហេតុ​ដែល​ភាគី​ថោ​ន​មិនទាន់​បញ្ចេញព័ត៌មាន ​ឬ​ទទួលយក​តារាចម្រៀង​ប្រុស​រូបនេះ​ជា​ផ្លូវការ​នោះ ​គឺ​ទុកពេល​ឱ្យ​លោក ប៊ុត សីហា ចេញមុខ​លើ​ការងារ​សង្គមឱ្យបានច្រើន​តាមរយៈ​សកម្មភាព​មនុស្សធម៌​មួយចំនួន ​ក្នុងន័យ​លុបលាង​កំហុស​របស់ខ្លួន​ឱ្យអស់សិន ​ទើប​ប្រកាស​ទទួលយក​ពេញ​សិទ្ធិតែម្តង​។​

ដើម្បីបញ្ជាក់ឱ្យបានច្បាស់លើបញ្ហាពាក់ព័ន្ធនឹងការសម្រេចចុះកិច្ចសន្យារវាងលោក សីហា ជាមួយផលិតកម្មថោននេះ សារព័ត៌មាន ឡារ៉ែននឹងព្យាយាមទាក់ទងទៅអ្នកគ្រប់គ្រងផលិតកម្មថោន ដើម្បីសុំការអះអាងបន្ថែមទៀតឱ្យកាន់តែជាក់ច្បាស់ ដើម្បីជម្រាបជូនប្រិយមិត្តទស្សនិកជនបន្ថែមទៀតនៅពេលក្រោយ៕

Advertisement