គូស្នេហ៍ អៀ ម៉ីលិ ប្រកាសថា មិនក្បត់គ្នាបើទោះបីជារស់នៅឆ្ងាយគ្នាយ៉ាងណា

បន្ទាប់ពីតារាសម្ដែងស្រីសិចស៊ីសាច់សខ្ចីកញ្ញា អៀ ម៉ីលិ ហៅអូនម៉ី បានបង្ហាញ​ពីមុខ​មាត់​គូស្នេហ៍​របស់​នាង​ជា​និស្សិត​មកពី​បរទេស ដែលមិន​ត្រឹមតែ​មានចំណេះដឹង​ខ្ពស់និងមានរូបរាង​សង្ហា​ទៀតផងនោះ អ្វីដែលគួរ​ឱ្យចាប់អារម្មណ៍​នោះគឺ ពួកគេ​ទាំងពីរនាក់​បាន​សម្តែង​ជាមួយគ្នា​នៅក្នុងវីដេអូចម្រៀងយ៉ាង​ផ្អែមល្ហែម​មានចំណងជើងថា«កម្មសិទ្ធិផ្ដាច់មុខ» ដែលទុកជាអនុស្សាវរីយពេលនឹកគ្នា ដែលធ្វើមហាជនច្រណែនចំពោះភាពស្អិតរមួតរបស់អ្នកទាំងពីរ លើសពីស្ករទាំងម៉ែទៅទៀត។

បើតាមការបញ្ជាក់ពីរបស់គូស្នេហ៍អូនម៉ី ដែលគេមើលឃើញមានឈ្មោះហ្វេសប៊ុកថា Sakkal បានប្រាប់ថា បទនេះចំណាយពេលមិនដល់មួយខែក្នុងការតែងនិពន្ធសាច់ភ្លេងនិងទំនុកថ្មីទាំងអស់ តែលិទ្ធផលមានអ្នកគាំទ្រច្រើនរហូតនឹកស្មានមិនដល់។ លោកបានប្រាប់ឱ្យដឹងថា«ក្រោយពីបានរស់នៅជិតគ្នារយៈពេលខ្លីមក ពួកយើងមានអនុស្សាវរីយច្រើនណាស់។ ពេលនេះខ្ញុំត្រូវបែកចេញពី អូនម៉ី មកបន្ដការសិក្សានៅប្រទេសឥណ្ឌា រយៈពេលយូរទៀត ដូច្នេះខ្ញុំតែងបទនេះទុកជាអនុស្សាវរីយ សម្រាប់ស្នេហារបស់ពួកយើង និងចែកជូនដល់ប្រិយមិត្ដដែលមានរឿងរ៉ាវស្នេហាដូចជាខ្ញុំទស្សនាផង។ យ៉ាងណាខ្ញុំក៏មានគម្រោងផលិតបទថ្មីមួយបទទៀតបង្ហាញពីអារម្មណ៍ និងចិត្ដនឹករបស់ពួកយើងទាំងពីរចំពោះគ្នាទៅវិញទៅមក គ្រាដែលរស់នៅឆ្ងាយពីគ្នារយៈពេលយូរ។ ពិសេសចង់បង្ហាញថាពួកយើងរស់នៅឆ្ងាយមែនតែមិនមានចិត្ដក្បត់គ្នាឡើយ»។

គួរបញ្ជាក់ផងដែរថាវីដេអូខចម្រៀងមួយបទនេះ គូស្នេហ៍អូនម៉ី បានចំណាយថវិកាប្រមាណជាង 6000 ដុល្លារដើម្បីថតជាMV ដែលផ្ដិតយករូបភាព និងទេសភាពស្អាតនាទឹកដីខេត្ត កោះកុង ។ អត្ថន័យបទចម្រៀងទាំងមូល​បានបង្ហាញពីអារម្មណ៍របស់បុរសម្នាក់ដែលស្រលាញ់សង្សារសំណព្វចិត្ដរបស់ខ្លួនស្មគ្រ័ចិត្ដតាមមើលថែមិនថាមានរឿងអ្វីកើតឡើងនោះទេ។ ពោលគឺ ខ្លឹមសារចង់បញ្ជាក់ថា ក្ដីស្រលាញ់គឺជាកម្មសិទ្ធផ្ដាច់មុខរបស់រូបលោកតែម្នាក់ និងមិនព្រមឱ្យបុរសដទៃមកលូកលាន់អូនម៉ីបានឡើយ៕

Advertisement