ភីយ៉ា វេកា រំពឹងទទួលបានប្រជាប្រិយភាពតាមរយៈ រូបភាពចេញពីកាមេរ៉ាទូរស័ព្ទ

កាលពីប៉ុន្មានថ្ងៃមុនគ្រាដែលកញ្ញា ភីយ៉ា វេកា បានបង្ហោះរូបនាងថតនៅជិតអាងហែលទឹកដោយបានបង្ហាញឈុតប៊ីគីនីយ៉ាងស្រស់ស្អាតនោះ បានធ្វើឱ្យកើតមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក។

ការបង្ហាញរូបភាពសិចស៊ីគួរឱ្យស្រឡាញ់នេះមិនត្រឹមតែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានចំណាប់អារម្មណ៍ប៉ុណ្ណោះទេ តែរូបភាពទាំងនោះក៏បានធ្វើឱ្យមហាជនជាច្រើនចង់ដឹងដែរថា តើកញ្ញាភីយ៉ា វេកា ជានរណា ជាតារាខ្មែរឬជាកូនកាត់រស់នៅបរទេស។


កញ្ញា ភីយ៉ា វេកា ប្រាប់ថា នាងធ្លាប់ចូលប្រឡូកសិល្បៈតាំងពីប៉ុន្មានឆ្នាំមុនម្ល៉េះ គ្រាន់តែពេលនោះមិនទាន់មានមហាជនស្គាល់នាង។ ម្យ៉ាងដោយសារតែរវល់ជាមួយការសិក្សាផងនាងក៏ដកខ្លួនចេញពីសិល្បៈវិញទៅ។ ក្រោយពីមានពេលទំនេរច្រើន ពិសេសបានដឹងថាខ្លួនអាចមានទេពកោសល្យក្នុងសិល្បៈហើយ ទើបនាងសម្រេចចិត្ដចូលប្រឡូកក្នុងវិថីសិល្បៈនេះជាលើកទីពីរក្នុងនាមជាតារាបង្ហាញម៉ូដ។

ជាមួយនឹងដងខ្លួនរាងតូចច្រឡឹង និងស្រឡូន ម្រាមដៃតូចស្ដើង-ងដូចបន្លាក្រូច លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរ V ច្រមុះស្រួច កែវភ្នែកខ្មៅយង់ បបូរមាត់ពណ៌ផ្កាឈូក ពិតជាធ្វើឱ្យបុរសៗដែលបានឃើញរូបនាងពត់ពេនលើអាងហែលទឹកនេះហើយ មិនត្រឹមតែធ្វើឱ្យគេនឹកសរសើរនូវទឹកដៃក្នុងការថតរូបដែលហាក់ដូចជាអ្នកថតរូបអាជីពប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានអារម្មណ៍ញាប់ញ័រមិនស្ងប់ទៀតផង។

ភីយ៉ា វេកាបានបញ្ជាក់ថា រូបទាំងនោះនាងបានថតលេងដោយប្រើកាមេរ៉ាភ្លោះ Huawei P10 Plus គ្រាដែលនាងទៅកម្សាន្ដនៅឯខេត្ដសៀមរាប។ នាងបន្ដថា៖ «នៅពេលថតបានមួយប៉ុស្ដិ៍ គ្រាន់តែខ្ញុំយកទូរស័ព្ទមកមើល ខ្ញុំដឹងភ្លាមតែម្តងថា រូបនេះពេលបង្ហោះចេញទៅច្បាស់ជាមានការគាំទ្រច្រើនពីមហាជនជាមិនខាន»។

តារាម៉ូដែលរូបនេះបានប្រាប់ទៀតថា នាងជាតារាសិល្បៈម្នាក់ដែលនិយមថតរូបលេង និងក្រោយពីបានឃើញរូបភាពនេះមានភាពស្រស់ស្អាតហើយ ធ្វើឱ្យនាងមានចិត្ដចង់បង្ហោះរូបភាពនេះតែម្ដង។ នាងបញ្ជាក់ថា ការបង្ហោះរូបភាពនេះអាចផ្ដល់ប្រយោជន៍ដល់នាងច្រើន គឺទី1អាចធ្វើឱ្យមហាជនបានស្គាល់នាងច្បាស់។ ទី2 គឺចង់ឱ្យបណ្ដាក្រុមហ៊ុននានាមើលឃើញពីសមត្ថភាពនៃការសម្ដែងរបស់នាង ខណៈនាងកំពុងតែចង់ទទួលបានការងារសិល្បៈច្រើនដើម្បីពង្រីកនូវប្រជាប្រិយភាព។
ទោះជាយ៉ាងណាកញ្ញាភីយ៉ា វេកា ប្រាប់ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈជាលើកទីពីរ នាងពុំទាន់បានថតភាពយន្ដម្ដងទេដូច្នេះនាងក៏ចង់ភ្លក្សរសជាតិការថតភាពយន្ដដែរប្រសិនបើមានផលិតកម្មណាត្រូវការនាង។

ជាមួយសម្រស់ធម្មជាតិ និងរូបភាពប៉ុន្មានសន្លឹករបស់កញ្ញាភីយ៉ា វេកា ត្រូវបានគេទស្សន៍ទាយថា មិនយូរទេនាងនឹងទទួលបានប្រជាប្រិយភាព និងការពេញនិយមក្នុងវិស័យបង្ហាញម៉ូដ និង ថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុង និងក្រៅសុ្រក គ្រាដែលបច្ចុប្បន្ននាងទទួលបានស្ប៉តសាប៊ូ Clear មួយរួចហើយ។ពាក់ព័ន្ធបញ្ហាផ្ទាល់ខ្លួន ភីយ៉ា នាងប្រាប់ថា បច្ចុប្បន្ននាងមិនទាន់មានគូកំណាន់ចិត្ដ ឬមានបុរសណាម្នាក់មើលថែចិត្ដគ្នាឡើយ ដោយសារចង់កសាងកេរ្តិ៍ឈ្មោះសិន។ ដូច្នេះបុរសណាដែលកំពុងតែចង់តាមដានបញ្ហាផ្ទាល់ខ្លួន និងមានចិត្ដលួចបេតីនាងអាចមានសង្ឃឹមឡើងវិញហើយ៕

Advertisement