ធ្លាយ​ព័ត៌មាន លោក អ៊ី ណូ ត្រូវបាន​អ្នកគ្រប់គ្រង​កម្មវិធី​ប្រគំ​តន្ត្រី​ក្រុមហ៊ុន​ចំនួន2ផ្អឹបមិនឱ្យ​ឡើង​ឆាក​ពេញ1ឆ្នាំ

លោក អ៊ី ណូ ត្រូវបាន​មហាជន​មួយចំនួន​ស្គាល់​ថា ជា​តារាចម្រៀង​ម្នាក់​ដែល​បច្ចុប្បន្នកំពុង​ជ្រក​នៅក្រោម​ដំបូល​ផលិតកម្ម​សាន់​ដេ ដែល​កំពុង​ព្យាយាម​បង្ហាញ​វត្តមាន​នៅតាម​កម្មវិធីផ្សេងៗ ក៏ដូចជា​ផលិត​បទ​ចម្រៀង​ចេញលក់​នៅលើ​ទីផ្សារដើម្បី​កៀងគរ​ប្រមូលយក​ប្រជាប្រិយភាព​ឱ្យមាន​ភាព​ល្បី​រន្ទឺ​ដូចជា​បណ្តា​តារាចម្រៀង​រួម​ផលិតកម្ម​ផងដែរ។ យ៉ាងណាក៏ដោយ ជា​អកុសល កាលពីពេល​កន្លងទៅថ្មីៗ ស្រាប់​តែមាន​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឱ្យដឹងថា ខណៈដែល​ពន្លឺ​នៃ​កេរ្តិ៍ឈ្មោះ​មិនទាន់មាន​ភាព​ចាំងចែង​ផង​នោះ ស្រាប់តែ​ត្រូវបាន​ខាង​ផលិតករ និង​អ្នកតំណាង​ក្រុមហ៊ុន​ឯកជន​ចំនួន2 ដែលជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​តន្ត្រី​ផ្សព្វផ្សាយ​ផលិតផល​ដ៏​ធំ​នៅ​កម្ពុជា ផ្អឹប​ឈ្មោះ​របស់លោក ដោយ​ដាក់​បម្រាម​មិនឱ្យ​អ្នករៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​អញ្ជើញ​វត្តមាន​របស់​តារាចម្រៀង​រូបនេះ​នៅក្នុង​ការផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ ក្រោម​ហេតុផល​ថា លោក អ៊ី ណូ ជា​តារាចម្រៀង​តម្កើង​ឫក អួតខ្លួន​ហួសប្រមាណ។

តារាចម្រៀង​ប្រចាំ​នៅក្នុង​ផលិតកម្ម​សាន់​ដេ លោក អ៊ី ណូ កាលពីពេល​កន្លងទៅនេះ បាន​ព្យាយាម​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​យ៉ាង​ត្រចះត្រចង់​ជាមួយនឹង​បទ​ចម្រៀង​បែប​យុវវ័យពីរោះៗជាច្រើន​បទ​ដែល​ផលិតឡើង​ដោយ​ខ្លួនឯង ទាំង​បទ​ភ្លេង ទំនុកច្រៀង និង​បទ​ចម្រៀង​ផងដែរ ដូចជា បទ “ឈប់​យំ​ទៅ​អូន” និង​បទ“ស្រឡាញ់​ស្រី​សក់​ក្រ​ញ៉ា​ញ់” ដែលមាន​ភាព​ល្បី​កក្រើក​ជាដើម។ បន្ថែម​ពីនេះ លោក អ៊ី ណូ ក៏​ជា​តារាចម្រៀង​ម្នាក់ ដែលមាន​ក្បាច់​រាំប្លែកៗគួរ​ជាទី​ទាក់ទាញ​ផងដែរ។

ដោយឡែក​កាលពីពេល​កន្លងទៅថ្មីៗនេះស្រាប់តែ​ធ្លាយ​ដំណឹង​មក​ថា ពេលនេះ តារាចម្រៀង​ថ្គាមខ្លា និង​ពូកែ​ស្រែក​ម្នាក់នេះ ត្រូវបាន​អ្នកតំណាង​ក្រុមហ៊ុន​ចំនួន2 ដែល​ឧបត្ថម្ភ​លើ​កម្មវិធី​ប្រគំ​តន្ត្រី​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក ដាក់​សម្ពាធ​ដល់​បណ្តា​ផលិតករ​ផលិតកម្ម​វិធី​កម្សាន្ត ដូចជា ការប្រគំ​តន្ត្រី​ប្រចាំ​សប្ដាហ៍ និង​ការប្រគំ​តន្ត្រី​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​ជាដើម​នោះ ហាម​មិនឱ្យ​អញ្ជើញ លោក អ៊ី ណូ ឡើង​បង្ហាញខ្លួន​ក្នុងនាម​ជា​តារាចម្រៀង​កិត្តិយស​នៅក្នុង​កម្មវិធី​របស់ខ្លួន​នោះឡើយ ដោយហេតុ​ផល​ថា អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ មានគំនិត​អវិជ្ជមាន និង​បាន​ចោទប្រកាន់​ទៅលើ​លោក អ៊ី ណូ ថា ជា​តារា​ដែលមាន​ចរិត​ឆ្មើងកន្ត្រើង និង​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​ខ្ពស់​ហួសហេតុ​ពេក។

ប្រភព​ដដែល​បាន​បង្ហើប​មកទៀត​ថា ដើម​ហេតុដែល​បណ្តាលឱ្យ​អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ​មានការ​អាក់អន់ស្រពន់ចិត្ត​ជាមួយ​លោក អ៊ី ណូ គឺ​កើតមាន​បន្ទាប់ពី​ទទួល​បានការ​ប្រតិកម្ម​របស់លោក អី​ុ ណូ ទៅលើ​ការ​ឌី​ហ្សា​ញ​របស់​ក្រុមហ៊ុន សម្រាប់​ការផ្សព្វផ្សាយ​ការប្រគំ​តន្ត្រី​នៅតាម​ខេត្ត ដោយ​យក​រូបថត​របស់លោក អ៊ី ណូ ទៅ​ដា​ក់នៅ​ពីក្រោយ​តារាចម្រៀងផ្សេង។ គ្រានោះបើទោះជា​ខាង​តំណាង​ក្រុមហ៊ុន​សុំ​សម្រួល​យ៉ាងណា ក៏ លោក អ៊ី ណូ មិន​ព្រម ដោយ​ទាមទារ​ឱ្យមាន​ការរៀបចំ​ឌី​ហ្សា​ញ​សាជាថ្មី និង​យក​រូប​របស់ខ្លួន​ដាក់​នៅ​ពីមុខ​តារាចម្រៀង​ផ្សេងទៀត ដោយហេតុ​ផល​ថា លោក អ៊ី ណូ គិតថា​ខ្លួន​ជា​តារា​ល្បី មិនគួរ​នៅ​ពីក្រោយ​តារា​ជំនាន់​ក្រោយ​នោះទេ។ នេះហើយ​ដែលជា​មូលហេតុ​ធ្វើឱ្យ​អ្នកតំណាង​ក្រុមហ៊ុន​រូបនោះ សម្រេច​ដាក់​គំនៀប​មិន​ឱ្យមាន​វត្តមាន​របស់​លោក អ៊ី ណូ នៅ​គ្រប់​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួនរ​យៈ​ពេល​ពេញ​មួយឆ្នាំ៕

Advertisement