វិធីជ្រើសរើសកុមារកម្ពុជាមកថតខ្សែភាពយន្តរបស់អ្នកស្រី Angelina Jolie រងការរិះគន់

នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2017 នេះបានឱ្យដឹងថា កំពូលតារាហូលីវូដដ៏ល្បីល្បាញលើពិភពលោក អ្នកស្រី Angelina Jolie បានរងការរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះវិធីដែលអ្នកម្តាយកុមារាម៉ាដុករូបនេះបានប្រើប្រាស់វិធីជ្រើសរើសកុមារកម្ពុជាយកទៅថតខ្សែ​ភាពយន្តខ្នាតធំរបស់នាងដែលបង្ហាញអំពីភាពសាហាវយង់ឃ្នងនៃរបបវាលពិឃាត ប៉ុលពត ដែលប្រទេសកម្ពុជាធ្លាប់ហែលឆ្លងកាត់​ថ្លុកឈាមនោះកាលពីអតីតកាល។

អ្នកនាង Jolie ដែលអ្នកដឹកនាំរឿងដ៏មានថ្វីដៃជំនាញបានប្រាប់ទស្សនាវដ្តី Vanity Fair ថា នាងចង់បានក្មេងស្រីម្នាក់ដែលមានបទពិសោធជិវិតខ្លាំង មានសភាពលំបាកវេទនាពិតក្នុងខ្សែជីវិត ដើម្បីមកសម្តែងជាតួក្នុងខ្សែភាពយន្តរបស់នាង ដូច្នេះនាងបាន​សម្រេចចិត្តចុះទៅស្រាវជ្រាវរកប្រភេទកុមារដែលនាងចង់បាននោះនៅតាមមណ្ឌលកុមារកំព្រា សាលាហាត់សៀក និងសាលារៀនក្រីក្រនៅតាមជនបទជាច្រើនកន្លែង។

ចំពោះវិធីនៃការចម្រាញ់រើសតួសម្តែងដោយការយកកុមារតែម្នាក់នោះ គឺកុមារា កុមារីដែលជាប់ឈ្មោះក្នុងបញ្ជីទាំងអស់ត្រូវធ្វើការ​ណែនាំខ្លួន អមដោយការផ្តល់ប្រាក់ចំពោះកុមារដែលជាប់ក្នុងបញ្ជីទាំងនោះ និងតម្រូវឲ្យកុមារនីមួយៗ ប្រាប់ពីមូលហេតុ​តែមួយប៉ុណ្ណោះថា តើត្រូវការលុយនេះយកទៅធ្វើអ្វី? និងលក្ខខណ្ឌដែលសំខាន់នោះគឺ បើកុមារណាឆ្លើយមិនត្រូវនឹងអ្វីដែលនាងចង់បាន ប្រាក់នោះនឹងត្រូវដកយកមកវិញ។ ទីបំផុត Jolie បានអះអាងថា «ស្រីម៉ុច (ក្មេងដែលត្រូវបានជ្រើសយកដើម្បីថតរឿង) គឺជាកុមារីតែម្នាក់គត់ ដែលបានសម្លឹងមើលលុយនោះយ៉ាងយូរ គឺយូរមែនទែន មុននឹងឆ្លើយនូវសំនួរ ដែល Jolie ទទួលយកបាន។

អ្វីដែលនាងបានធ្វើចំពោះកុមារកម្ពុជាបែបនេះហើយ ទើបត្រូវរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មជ្ឍដ្ឋានមហាជនទូទៅ ព្រោះវាហាក់ដូចជាការបោកប្រាស់ក្មេងៗដែលកំពុងតែក្រលំបាក៕

Advertisement