អាចទេ…ដែលលោក ព្រាប សុវត្ថិ ច្រៀងជាមួយ មាស សុខសោភា ជាការបើកឱកាសឱ្យនាងចូលហង្សមាស??

មិនចង់និយាយទេ តែបើនិយាយហើយ គឺទប់ចិត្តមិនបានតែម្ដង ព្រោះស្របពេលដែលកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយដួង គឺលោកព្រាប សុវត្ថិ កំពូលតារាចម្រៀងបុរស ប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានឈ្មោះល្បីល្បាញអស់រយៈពេល 20ឆ្នាំជាងមកហើយនោះ ងាកមកចាប់ដៃគូចម្រៀងជាមួយនឹងនាងមាស សុខសោភា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មថោន នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយ។ អូហូ!!!! ពិតជាស័ក្ដិសមគ្នាឥតខ្ចោះតែម្ដង ទាំងបច្ចេកទេសការប្រើសំឡេងច្រៀង ការផ្ដោះផ្ដង កាយវិការស៊ីចង្វាក់គ្នា។ និយាយទៅ មិនឱ្យសរសើរ គឺមិនបានតែម្ដង(ហាស ហាស ហា!)។

ជាការពិតណាស់ប្រិយមិត្តរបស់សារព័ត៌មាន ឡារ៉ែន ជាទីគោរព! កំពូលតារាចម្រៀងទាំងពីរដួងពិតជាកម្រនឹងមានឱកាសសម្ដែង ឬបកស្រាយបទចម្រៀងរួមគ្នាជូនទស្សនិកជនបានទស្សនាណាស់ មិនថាតាមប៉ុស្តិ៍ទូរទស្សន៍ ឬក្នុងកម្មវិធីប្រគំតន្ត្រីធំៗ ឬសូម្បីតែកម្មវិធីប្រពៃណីក្នុងពិធីបុណ្យជាតិធំៗក៏ដោយ នោះក៏ព្រោះតែអ្នកទាំងពីរជ្រកក្រោមផលិតកម្មខុសគ្នា ដែលសុទ្ធសឹងតែជាផលិតកម្មធំនៅកម្ពុជា ទើបធ្វើឱ្យអ្នកទាំងពីរមមាញឹកនឹងការងាររៀងៗខ្លួន។ តែដោយឡែក ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយនេះ បានអញ្ចើញឱ្យអ្នកទាំងពីរមកប៉ះគ្នានៅលើឆាក ដែលជាការទន្ទឹងរង់ចាំជាយូរមកហើយរបស់មហាជនអ្នកគាំទ្រ ធ្វើឱ្យការបញ្ចេញសមត្ថភាពច្រៀងរបស់អ្នកទាំងពីរ ក្លាយជាវេទិកាមួយអង្រួនដួងចិត្តយ៉ាងញាប់ញ័រ ព្រឺសម្បុរទៅតាមបទចម្រៀង ដែលមានចំណងជើងថា «ភ័ព្វសំណាង» ខណៈច្រៀងរួមគ្នា។

ពិតជាមិនធម្មតាមែន ហើយកាន់តែអស្ចារ្យខ្លាំងណាស់ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលស្ងើចសរសើរមិនដាច់ពីមាត់ចំពោះសំឡេងដ៏ក្រអួនក្រអៅរបស់អ្នកទាំងពីរដែលបានលើកយកចម្រៀងមរតកដើមមួយបទនេះមកច្រៀងរួមគ្នាលើឆាកតន្រ្តីអាពាហ៍ពិពាហ៍ ដោយសារមានការសំណូមពរពីកូនកំលោះក្រមុំ ឱ្យបង្ហើរទឹកដមសំនៀងរបស់កំពូលតារាចម្រៀងទាំងពីរដ៏សែនពីរោះ និងលន្លង់លន្លោច។ គួរជម្រាបផងដែរ ការចាប់ដៃគូរវាងកំពូលតារាចម្រៀងទាំងពីរនេះ ក៏បានធ្វើឱ្យកើតការសង្ស័យពីអ្នកគាំទ្រដែរថា តិចលោអ្នកនាង មាស សុខសោភា ទៅជួបគ្នាជាមួយលោក ព្រាប សុវត្ថិ ក្នុងពេលឆាប់ៗនេះទេដឹង? ឬមួយនេះជាការបើកទំព័រថ្មីក្នុងទ្រនំរួមគ្នាទេដឹង?។

នេះអាចជាតម្រុយមួយក៏ថាបានដែរ ព្រោះថា កន្លងមក សុខសោភាយើងក៏ធ្លាប់លេចឮព័ត៌មានថា នឹងចូលហង្សមាសជាច្រើនដងណាស់មកហើយ បើទោះនាងខំបដិសេធយ៉ាងណាក៏ដោយ។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម៖

Advertisement