ឈិត សុវណ្ណបញ្ញា បង្ហាញពីអារម្មណ៍កក់ក្ដៅជាមួយផលិតកម្មថោន

ទោះបីជាកញ្ញា ឈិត សុវណ្ណបញ្ញា ចាកចេញពីទ្រនំចាស់ផ្លាស់ចូលផលិតកម្មថោន ទើបតែបានរយៈពេលជិត 4ខែក៏ដោយ ប៉ុន្ដែនាងបានសម្ដែងចេញនូវអារម្មណ៍កក់ក្ដៅជាមួយទ្រនំថ្មីនេះជាខ្លាំង។

ឈិត សុវណ្ណបញ្ញា ជាតារាចម្រៀងអាជីពឈរលើវិថីសិល្បៈអស់រយៈពេលជិត 10ឆ្នាំហើយ អាចនិយាយបានថាភាពល្បីល្បាញរបស់នាងនៅក្នុងពិភពចម្រៀងក៏មានសម្ទុះខ្លាំងគួរសមដែរ តែដោយសារតែនាងចាកចេញមកកាន់ផលិតកម្ម ថោន ពុំទាន់មានជំហររឹងមាំនៅឡើយនោះ ដូច្នេះហើយទើបធ្វើឱ្យអ្នកគាំទ្រជាច្រើន សម្ដែងនូវការបារម្ភជាខ្លាំងជាមួយទ្រនំថ្មីនេះ។

កញ្ញា ឈិត សុវណ្ណបញ្ញា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងគ្រាដែលនាង បានផ្លាស់បទពិសោធការងារមកកាន់កន្លែងថ្មី នាងនិយាយថា៖ «សព្វថ្ងៃនេះខ្ញុំមានអារម្មណ៍ជ្រះស្រឡះច្រើន ព្រោះក្រុមការងារនៅផលិតកម្ម ថោន គាត់ទទួលស្វាគមន៍ខ្ញុំ និងផ្ដល់តម្លៃឱ្យខ្ញុំតាំងពីលើដល់ក្រោម ដល់អ៊ីចឹងពេលខ្ញុំធ្វើការងារ ខ្ញុំមានភាពសប្បាយរីករាយណាស់»។

រហូតមកដល់ពេលនេះ នាងមានបទចម្រៀងចំនួន6បទចេញលក់លើទីផ្សារ និងបទដែលកំពុងតែទទួលបានការគាំទ្រជាងគេគឺបទ «ចង់តែចងក» និង «ឃើញហើយក៏ហួសចិត្ដ» ជាបទចម្រៀងដើមរបស់អ្នកស្រី សុង សេងហ៊ន។ បច្ចុប្បន្ននាងកំពុងតែរៀបចំចេញបទចម្រៀងរបស់ខ្លួនជាបន្ដបន្ទាប់ទៀត។

តារាចម្រៀងរូបនេះបញ្ជាក់យ៉ាងច្បាស់ថា៖ «នៅកន្លែងការងារថ្មី គាត់ផ្ដល់ឱកាសឱ្យខ្ញុំច្រើន តាមរយៈការបញ្ចេញបទចម្រៀងជាច្រើនទៅលើទីផ្សារ ពិសេសនោះ គឺគាត់ទទួលយកនូវអ្វីដែលជាការផ្ដល់យោបល់របស់ខ្ញុំដើម្បីធ្វើយ៉ាងណាជំរុញឱ្យការងារទទួលបានលទ្ធផលជោគជ័យ»។

ជាមួយគ្នានេះនាងក៏បញ្ជាក់ថា បើទោះជាមានការបើកឱកាសច្រើនដល់រូបនាងក៏ពិតមែន តែរាល់ការងារនៅខាងក្រៅដែលនាងទទួលយកមកធ្វើ គឺត្រូវឆ្លងកាត់ការពិភាក្សាជាមួយអ្នកគ្រប់គ្រងជាមុនសិនដែរ ដូចជាការសម្ដែងភាពយន្ដឱ្យផលិតកម្មនានាជាដើមជាដើម៕

Advertisement