វ៉ាន់ នីឡា ចេញមុខនិយាយពីរឿងប្រព័ន្ធតុលាការស្រុកខ្មែរ ក្រោយអតីតគូស្នេហ៍ទម្លាយរូបថតជិតចូលរោងការ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី វ៉ាន់​ នីឡា ឬមានឈ្មោះពិត សុខ ចិន្តា នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2018 នេះ បានបង្ហោះសារអមដោយជាមួយរូបភាពជាច្រើនសន្លឹក ដែលស្ដែងពីអារម្មណ៍មិនពេញចិត្តចំពោះប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ខណៈក្រោយពេលអតីតគូស្នេហ៍បានបង្ហោះរូបភាពថត Pre-wedding និងជិតដល់ពេលចូលរោងការនោះ បានបណ្ដាលឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ដែលរូបនាងផ្ទាល់បានអះអាងថា នាងនៅមិនទាន់បានទទួលភាពយុត្តិធម៌នៅឡើយទេ។

កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារប្រកបដោយភាពឈឺចាប់ថា « ហ្នឹងហើយបងប្អូនទាំងអស់គ្នា មើលទៅណា៎ ប្រពន្ធ័ច្បាប់តុលាការស្រុកខ្មែរ ខ្ញុំមិនទាន់បានទទួលភាពយុត្តិធម៌ស្អីទេ បងបងសារព័ត៌មានកុំយល់ច្រលំ ភាពយុត្តិធម៌សម្រាប់ខ្ញុំមានត្រឹមតែក្រដាសប្រកាសសាលក្រមក្លែងក្លាយដែលគ្មានប្រសិទ្ធភាពតែមួយសន្លឹកប៉ុណ្ណោះ ហើយក៏គ្មានខាងតុលាកាមួយរូបណាអើពើនិងរកដំណោះស្រាយឱ្យខ្ញុំចេញជារូបជារាងទៅតាមសេចក្តីប្រកាសសាលក្រមនោះដែរ »។

សេចក្ដីឈឺចាប់ និងការទទូចទាមទាររកយុត្តិធម៌ បានបណ្ដាលនារីម្នាក់នេះ ហ៊ានបញ្ជាក់យ៉ាងដូច្នោះ « ខ្ញុំសូមជម្រាបថា ខ្ញុំអត់បានឈឺចុកចាប់នឹងរឿងដែលអាមនុស្សពាលនឹងវារៀបការទេ តែខ្ញុំឈឺដែលមនុស្សដែលត្រូវជាប់ទោសវាបែជារួចខ្លួនសប្បាយរីករាយក្អាកក្អាយ មិនតែប៉ុណ្ណោះថែមទាំងប្រកាសក្តែងៗរៀបការទាំងវាមិនទាន់ចេញមុខដោះស្រាយរឿងក្តីចប់សព្វគ្រប់។ ស្រុកខ្មែរគ្មានភាពយុត្តិធម៌សម្រាប់ប្រជារាស្រ្តឡើយ គ្នាគេ ឱ្យចាំ »។ ការទទូចរបស់តារាស្រីរូបនេះ បានធ្វើឱ្យមហាជនខ្មែរសង្រេងចិត្តជាខ្លាំង និងអាណិតដល់នាងជាអ្នករងគ្រោះ៕

Advertisement