ក្នុងឱកាសគម្រប់ខួបកូនប្រុស លោក ឡេង ណាវ៉ាត្រា បរិច្ចាគ 10 ម៉ឺនដុល្លារកសាងផ្លូវជូនប្រជាពលរដ្ឋ

នៅថ្ងៃ3 ខែ កញ្ញា មុននេះ គេបានដឹងថា ម្ចាស់ផលិតកម្ម Galaxy ដែលបានវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាវ័យក្មេងក្រោយជោគជ័យក្នុងជំនួញដីធ្លី លោក ឡេង ណាវ៉ាត្រា បានបរិច្ចាគថរិកាប្រមាណជា10 ម៉ឺនដុល្លារ ជាថវិកាទាំងស្រុងរបស់លោកផ្ទាល់ ក្នុងការកសាងផ្លូវក្នុងសង្កាត់ចោមចៅ និងចុះមើលករដ្ឋានផ្ទាល់ ស្របពេលថ្ងៃគម្រប់ខួបកំណើតរបស់កូនប្រុសលោកតែម្ដង។

នេះជាការសកម្មភាពជួយដល់សង្គមមួយថ្មីបន្ទាប់ពីលោកបានក្លាយជាអ្នកមានបាន បន្ទាប់ពីលោកត្រូវគេស្គាល់យ៉ាងខ្លាំងក្នុងសកម្មភាពបរិច្ចាគទានដល់ជនទុរគត និងបានជួយថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ច្រើនលើករួចមកហើយ។
ប្រភពដែលបានចែកចាយព័ត៌មានចុះសាងសង់ផ្លូវរបស់លោកបានធ្វើការបង្ហោះថា គឺជារឿងប្រពៃណាស់ ដែលអតីតារាចម្រៀងហើយបានក្លាយជាបុគ្គលជោគជ័យក្នុងសង្គមមួយនេះ បានចំណាយលុយផ្ទាល់ខ្លួន និងបានទាំងចុះទៅមើលការចាក់បេតុងដោយផ្ទាល់ទៀត ដើម្បីឱ្យផ្លូវមួយខ្សែដែលលោកប្រកាសថា នេះជាការបរិច្ចាគទឹកចិត្តសប្បុរស ដែលជាកាដូជូនកូនប្រុសនាថ្ងៃកំណើត។

លោកឡេង ណាវ៉ាត្រា បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ហេតុផលដែលលោកសម្រេចចិត្តចំណាយថវិកាដ៏ច្រើន សង់ផ្លូវមួយខ្សែជូនដល់អ្នកភូមិក្នុងសង្កាត់ចោមចៅ គឺដោយសារតែលោកមានបំណងអបអរដល់កំណើតកូនប្រុស និងដោយសារតែលោកក៏ទទួលបានសំណូមពរពីសំណាក់អ្នករស់នៅក្នុងនៅតាមបណ្ដោយផ្លូវនោះ ថ្ងូរថាពិបាកធ្វើដំណើរជាពិសេសនៅពេលធ្លាក់ដក់ទឹកម្ដងៗ។ លោកថាខ្លួនមិនមានអ្វីចងដៃដល់កូនប្រុសឱ្យច្រើននោះទេ ទើបសម្រេចចិត្តធ្វើសេចក្ដីល្អមួយ ដោយការចំណាយលុយសង់ផ្លូវទុកជូនអ្នកភូមិបានធ្វើដំណើរ ដើម្បីសន្សំកុសលចងដៃដល់កូនប្រុសដែលជាដំណក់ឈាមរបស់ខ្លួន។

ចុងក្រោយ លោកបានបញ្ជាក់បន្ថែមថា ខ្លួននឹងរក្សាទុកនូវសេចក្ដីល្អក្នុងពេលមានបាន ដោយរំពឹងតែម្យ៉ាងថាអំពើរល្អទាំងនោះ នឹងជួយឱ្យលោកកាន់តែជោគជ័យក្នុងអាជីព និងជួយធ្វើឱ្យកូនប្រុសរបស់លោកក្លាយជាក្មេងមានសំណាង និងអាចជំនួសដៃជើងលោកបាននៅពេលដឹងក្ដី៕

Advertisement