អ្នកគាំទ្រចង់ឱ្យ នី រតនា ដឹកដៃ វី ឌីណែត រហូត

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងអ៊ីនស្ដាក្រាម នៅពេលថ្មីៗនេះ មហាជនអ្នកគាំទ្រតារាចម្រៀងសម្បុរស្រអែម និងជាកូនស្រីតារាចម្រៀងជើងចាស់ ហួរ ឡាវី បានបង្កភាពភ្ញាក់ផ្អើលនិង អូសទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រខ្លួនមែនទែន គឺកញ្ញា វី ឌីណែត ដែលបានចាប់ដៃគូចម្រៀងជាមួយលោក នី រតនា ។

តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ទទួលបានការគាំទ្រគួរសមក្រោយចូលជ្រកក្រោមម្លប់ត្រឈឹងត្រឈៃនៃទ្រនំធំមួយនេះ ដែលកាលពីដំបូងឡើយនាងតែងបង្ហាញវត្តមានញឹកញាប់ជាមួយតារាចម្រៀងស្រីល្បីឈ្មោះកញ្ញា ឱក សុគន្ធកញ្ញា លុះក្រោយមកនាងបានចេញបទចម្រៀងផ្ទាល់ខ្លួន ក៏លែងឃើញនាងដើរតាម ឱក សុគន្ធកញ្ញា ទៀត។

តែមួយរយៈក្រោយមកនេះ វី ឌីណែត ឧស្សាហ៍លេចមុខជាមួយតារាចម្រៀងម្ចាស់ពាន Cambodian idol រដូវកាលទី1 លោក នី រតនា រហូតកើតមានជាការសង្ស័យថា អ្នកទាំងពីរមានទំនាក់ទំនងក្រៅឆាក តែដំណឹងនោះធ្លាប់ត្រូវបានលោក នី រតនា បដិសេធម្តងរួចមកហើយ។ កាន់តែពិសេសជាងនេះទៅទៀត មហាជនលោកចង់ឲ្យអ្នកទាំងពីរចាប់ដៃគ្នា ច្រៀង និងសម្តែងឲ្យបានច្រើនព្រោះថា នី រតនា និង វី ឌីណែត ជាដៃគូសាកសមបំផុត ទាំងការច្រៀង រាំ និងសម្តែង។

គួរបញ្ជាក់ផងដែរ រហូតមកទល់ពេលថ្មីនេះ វត្តមានអ្នកទាំងពីររមែងមានតាមបណ្ដាការប្រគំតន្ត្រីធំៗ ដែលជាហេតុឱ្យអ្នកទាំងពីរទីផ្សារសិល្បៈខ្ពស់៕

Advertisement