គង់ ចាន់ស្រីមុំ ធ្វើឱ្យអ្នកគាំទ្រអួលដើមកពេលបានឃើញផ្ទះកម្សត់

ពិតជាមានភាពភ្ញាក់ផ្អើលខ្លាំងមែន ខណៈដែលតារាស្រី គង់ ចាន់ស្រីមុំ និងស្វាមី គឺលោក គីម សីហា កំពុងតែជោគជ័យជាមួយជីវិតឯកជនក្នុងការគ្រប់គ្រងជំនួញរបស់ខ្លួន ហើយកំពុងតែត្រៀមបើកសាខាបន្ដបន្ទាប់តាមបណ្ដាខេត្តនានាផងដែរ។ ស្របគ្នានោះ នៅពេលដែលតារាស្រីរូបនេះបានបង្ហាញពីផ្ទះកម្សត់របស់ខ្លួន បានធ្វើឱ្យមហាជនទប់អារម្មណ៍មិនបាន និងអួលដើមកចង់ស្រក់ទឹកភ្នែក មិននឹកស្មានថា នាងអាចតស៊ូរហូតមានភាពជោគជ័យនៅក្នុងជីវិតដូចសព្វថ្ងៃឡើយ។

ថៅកែស្រីវ័យក្មេងរូបនេះ បានបង្ហោះរូបភាពដែលមិនអាចភ្លេចបានពីផ្ទះឈើចាស់មានសភាពពុកផុយ បាក់បែក នៅឯស្រុកកំណើត ក្នុងទឹកដីខេត្តបាត់ដំបង។ ជាក់ស្ដែង រាល់ពេលមានកិច្ចការទៅខេត្តបាត់ដំបងម្ដងៗ ស្រីមុំ តែងតែឆ្លៀតពេលចូលមើលផ្ទះកំណើតចាស់នោះ មិនដែលភ្លេចឡើយ នេះបើតាមអត្ថន័យសារដែលភរិយា លោក សីហា បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន។

ដោយក្នុងនោះ អ្នកនាងបានរៀបរាប់យ៉ាងវែងអន្លាយថា «ឱ្យតែមកលេងបាត់ដំបង ពេលណាក៏មិនភ្លេចមកមើលផ្ទះកំណើតរបស់ខ្ញុំដែរ ផ្ទះឈើតូចមួយនេះពោរពេញទៅដោយអនុស្សាវរីយ៍ជាច្រើនរបស់គ្រួសារខ្ញុំ។ ផ្ទះតូចពិតមែន តែមិនចង្អៀតទេ ផ្ទះនេះនៅរក្សារូបរាងដើមបានយ៉ាងល្អអស់រយៈពេល 30ឆ្នាំជាង តែពេលនេះបានផ្លាស់ប្តូរម្ចាស់ទៅហើយ…។ ខ្ញុំកើតនៅក្នុងផ្ទះឈើដ៏តូចមួយនេះពិតមែន តែលោកអ្នកមានគុណទាំងពីរ មិនដែលឱ្យខ្ញុំស្គាល់ពាក្យថាលំបាកម្តងណាឡើយ រស់នៅផ្ទះតូចតែមានរបស់ប្រើប្រាស់មិនចាញ់គេ លោកទាំងពីរមិនដែលឱ្យកូនៗខ្វះខាតឡើយ…»។

នាងបានបញ្ជាក់បន្ថែមថា «ហើយខ្ញុំមានថ្ងៃនេះក៏ព្រោះតែលោកទាំងពីរ និងមនុស្សប្រុសដែលកំពុងឈរក្បែរខ្ញុំ តែងប្រដៅ និងផ្ដល់កម្លាំងចិត្តដល់ខ្ញុំជានិច្ច…។ ថ្ងៃណាមួយយើងទាំងពីរនាក់ និងធ្វើឱ្យផ្ទះតូចក្លាយទៅជាផ្ទះធំដូចក្នុងក្តីស្រមៃឱ្យបាន មិនថាពេលវេលាយូរប៉ុនណាក៏ដោយ (ឱ្យតែមានក្តីស្រមៃ ថ្ងៃណាមួយយើងនឹងបានទៅដល់គោលដៅ) »៕

Advertisement