សាស្ត្រចារ្យបង្ហាត់ចម្រៀង អ្នកស្រី គង់ ណារី កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ​

សាស្ត្រចារ្យ បង្ហាត់ចម្រៀង ដ៏ល្បីឈ្មោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ 80 អ្នកស្រី គង់ ណារី ត្រូវបានទទួលដំណឹងមកថា អ្នកគ្រូកំពុងស្ថិតនៅក្នុង​ ស្ថានភាពសង្គ្រោះបន្ទាន់ នាមន្ទីរពេទ្យលោកសង្ឃ តាំងពីល្ងាចថ្ងៃសុក្រ ទី23 ខែវិច្ឆិកា ឆ្នាំ2018។ ក្រុមគ្រួសារសាច់ញាតិបានឱ្យដំណឹងថា ស្ថានភាពរបស់អ្នកគ្រូ ស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរ។

ខណៈនេះដែរ ពិធីករ លោក សន សុវណ្ណារ៉ា កូនសិស្សជំនិតរបស់អ្នកគ្រូ ដែលបានដឹកអ្នកគ្រូទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបានថ្លែងប្រាប់ថា ក្រោយពីបញ្ជូនទៅសង្គ្រោះបន្ទាន់ជាថ្មី អ្នកគ្រូគង់ ណារី ត្រូវបានគ្រូពេទ្យជំនាញបង្ហាញភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធសរីរាង្គខាងក្នុងរបស់អ្នកគ្រូត្រូវបានដុំសាច់ដែលបង្កឱ្យក្រិនថ្លើមស៊ីប្រព័ន្ធភាពស៊ាំស្ទើរអស់ទៅហើយ ទើបធ្វើឱ្យសរីរាង្គខាងក្នុងរបស់អ្នកគ្រូ មិនអាចដំណើរការ ហើយបណ្ដាលឱ្យជំងឺកាន់តែធ្លាក់ដល់សភាពធ្ងន់ធ្ងរ។

លោកបន្ដប្រាប់ថា អ្នកគ្រូស្ថិតក្នុងការបារម្ភយ៉ាងខ្លាំង ដោយខាងគ្រូពេទ្យបានអះអាងថា ជំងឺរបស់អ្នកគ្រូមានតែទៅមុខហើយ ដោយសារតែអ្នកគ្រូបណ្ដោយឱ្យជំងឺដល់ដំណាក់ចុងក្រោយព្រោះមិនមានកូនចៅមើលខុសត្រូវដិតដល់។ លោកនិយាយថា«គ្រូពេទ្យគាត់អោយត្រៀមចិត្ត ដោយសារជំងឺអ្នកគ្រូធ្ងន់ហើយ ហើយអ្នកគ្រូក៏ដឹងខ្លួនគាត់ដែរ តែគាត់នៅតែមានស្មារតីមិនតក់ស្លុត!»។

ចុងក្រោយ លោក សន សុវណ្ណារ៉ា បញ្ជាក់ថាជំងឺរបស់អ្នកគ្រូ គង់ ណារី កើតមានជាយូរឆ្នាំមកហើយ ប៉ុន្តែអាចមកពីអ្នកគ្រូមិនមានកូនចៅ ហើយការតាមដានសុខភាពក៏មិនមានបម្រុងប្រយ័ត្នក្នុងពេលដំបូងៗ ទើបជំងឺដែលបង្កឡើងកើតជាក្រិនថ្លើម និងមានទឹកក្នុងថ្លើម ដោយក្នុងពេលសង្គ្រោះបន្ទាន់ គឺអ្នកគ្រូមានសភាពធ្លាក់ឈាម និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ លោកថ្លែងយ៉ាងខ្លីថា នៅក្នុងពេលនេះ សាច់ញាតិរបស់អ្នកគ្រូបានទទួលយកលទ្ធផលដែលបានស្ដែងឡើងហើយ ដោយមិនមានគម្រោងដឹកអ្នកគ្រូទៅព្យាបាលនៅក្រៅប្រទេសជម្នះឱ្យការវាយតម្លៃអវិជ្ជមានរបស់គ្រូពេទ្យក្នុងស្រុកនោះឡើយ ដោយសារតែក្រុមគ្រួសារយល់ថាសភាពជំងឺរបស់អ្នកគ្រូ ទោះជាខាងវេជ្ជបណ្ឌិតទំនើបនៅក្រៅប្រទេសក៏ពិបាកព្យាបាល៕

Advertisement