តារាប្រុសក្នុងរឿង  «ឆមាសចុងក្រោយ» និយាយពីរឿងឆាកស្រើបស្រាល

ជាវណ្ណកម្មថ្មីមួយរបស់ផលិតកម្ម កងចក្រ គឺរឿង «ឆមាសចុងក្រោយ ឬFinal Semester» បន្ទាប់ពីរឿង « Jailbreak ឬ​ការ​ពារ​ឧក្រិដ្ឋជន» ដែលធ្លាប់ទទួលបានពានរង្វាន់ភាពយន្ដឆ្នើមថ្នាក់ជាតិដល់ទៅ 5រង្វាន់នោះ នៅពេលនេះរឿងថ្មីសន្លាងមួយនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាមជ្ឈដ្ឋានមហាជនខ្មែរ បន្ទាប់បានដាក់បង្ហាញខ្លួននៅឯប្រទេសចិនរួចមក។ នៅក្នុងរឿង «ឆមាសចុងក្រោយ ឬFinal Semester» នេះមានការចូលរួមសម្ដែងពីសំណាក់តារាៗវ័យក្មេងដែលមានទេពកោសល្យសម្ដែងដូចជា លោក Boncher Buth លោក ធី លុច កញ្ញា អា ជី និងតារាប្រុសស្រីស្អាតៗជាច្រើនដួងទៀត និងក្រោមស្នាដៃដឹកនាំសម្ដែងដោយលោក  ជីមី ហេនដឺសុន (Jimmy Henderson) ។

ស្របជាមួយគ្នានោះដែរ តារាឯកប្រុសដែលលេចធ្លោក្នុងឈុតឆាកស្រើបស្រាល គឺលោក Boncher Buth បានថ្លែងប្រាប់អ្នកយកព័ត៌មានឡារ៉ែនថា នៅក្នុងផ្ទៃរឿងទាំងមូលនេះ លោកមិនបានដឹងពីសាច់រឿង និងប៉ារ៉ូលនិយាយជាមុនទេ ពោលគឺអ្នកដឹកនាំរឿងចង់បានការសម្ដែងដែលមានភាពជាក់ស្ដែង ត្រូវភ័យរន្ធត់ និងដំណើរស្វែងរកវិញ្ញាសាអាថ៌កំបាំងទាំងព្រឺព្រួចភ័យខ្លាច និយាយឱ្យខ្លី គឺត្រូវបង្កើតផ្ទៃរឿងភ្លាមៗពីអ្នកដឹកនាំ និងត្រូវសម្ដែងភ្លាមៗដោយមិនបានព្រាងទុកមុនឡើយ។

តារាប្រុសរូបនេះបានបន្ដប្រាប់ថា «ចំពោះឈុតស្នេហារោលរាលនៅក្នុងរឿង ឆមាសចុងក្រោយ នេះវិញ ពិតជាធ្វើឱ្យទស្សនិកជនចំហមាត់ភ្លឹកជក់នឹងសាច់រឿង តែដោយឡែក រូបខ្ញុំផ្ទាល់វិញ គឺមិនបានដឹងខ្លួនមុនថានឹងត្រូវសម្ដែងបែបនេះដូចគ្នា គ្រាន់តែដឹងថា មានប្លង់បែបហ្នឹងក្នុងឈុតមួយ តែមិនដឹងថា ត្រូវមកសម្ដែងដល់កម្រិតហ្នឹងសោះ សូម្បីតែតួស្រីក៏មិនបានដឹងខ្លួនមុនដូចគ្នា»។ លោកប្រាប់ទៀតថា «មុនពេលសម្ដែងឈុតនេះ អ្នកដឹកនាំរឿងចេះតែចង់ឱ្យខ្ញុំ និងតួស្រីស្រឡាញ់គ្នាមុន ហើយឱ្យពួកយើងរៀនថើបគ្នាទៅវិញទៅមក ក៏ប៉ុន្ដែលុះដល់ពេលសម្ដែងមែនទែន ស្រាប់តែតួស្រីរត់បាត់ លែងហ៊ានសម្ដែង ព្រោះថា..មើលទៅនាងដូចជាអៀនខ្លាំងណាស់»។

គួរបញ្ជាក់ផងដែរថា មួយឈុតដែលគួរឱ្យចាប់អារម្មណ៍ដូចពោលខាងលើនេះ ជាការសម្ដែងដែលមានការលំបាកក្នុងការដាក់អារម្មណ៍បញ្ចូលក្នុងតួអង្គខ្លាំងណាស់។ ដូច្នេះដើម្បីស្រាយចម្ងល់នេះ មានតែទស្សនិកជនទៅទស្សនាដោយផ្ទាល់តែម្ដងទេទើបដឹង។ សូមជម្រាបបន្ថែមថា រឿង «ឆមាសចុងក្រោយ ឬFinal Semester»  ជាប្រភេទរឿងភ័យរន្ធត់ និងព្រឺព្រួចបំផុតចំពោះដំណើរស្វែងរកវិញ្ញាសាប្រឡងដ៏អាថ៌កំបាំងនៅក្នុងសាលារៀន ដែលកូនសិស្សមួយក្រុមត្រូវប្រឡងបញ្ចប់ឆមាស និងទទួលបានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិក​ តែជាអកុសលពួកគេត្រូវប្រឈមមុខជាមួយសេចក្ដីស្លាប់៕

Advertisement