ហេតុផលដែលចេះតែអូសបន្លាយពេលរៀបការរបស់កញ្ញា វ៉ាន់ នីឡា កូនស្រីតាវ៉ិចទ័រ

ភ្នំពេញៈ បើគិតមកដល់ពេលនេះតារាកំប្លែងរាងតូចច្រឡឹងកញ្ញា វ៉ាន់ នីឡា បានភ្ជាប់ពាក្យមួយគូស្នេហ៍កំលោះ ផន រង្សី ដែលជាកូនប្រុសរបស់លោក ភី សុគន្ធធី ចាងហ្វាងផលិតកម្ម ភីសុគន្ធធី អស់រយៈពេលជិតមួយឆ្នាំហើយ ប៉ុន្ដែមកដល់ពេលនេះហើយ នីឡា នៅតែមិនទាន់បង្ហើបពីដំណឹងថ្ងៃចូលរោងការទទួលពរជ័យសិរីមង្គលជាមួយគូដណ្ដឹងរូបសង្ហានៅឡើយ ទោះបីជាអ្នកទាំងពីរស្រឡាញ់ និង បានបណ្តើរគ្នាដោយភាពផ្អែមល្ហែមខ្លាំងដូចជាប្តីប្រពន្ធយ៉ាងណាក្តី។

ការអូសបន្លាយពេលនេះត្រូវបានមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង និងជជីកសួររកហេតុផលទៀត ដោយអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញជាមតិសរសើរជូនពរឲ្យពួកគេចេះស្រឡាញ់គ្នា និងថែរក្សាគ្នាដល់ចាស់កោងខ្នង កុំឲ្យបែកបាក់ដូចតារាដទៃទៀត។ ក៏ប៉ុន្តែក៏មានមតិរិះគន់ដែរ ដោយអ្នកខ្លះបាននិយាយថា «ហេតុអ្វីចាំបាច់ ភ្ជាប់ពាក្យទាំងវ័យក្មេងបែបនេះ?» រីឯអ្នកខ្លះវិញបានពោលពាក្យថា «ខ្លាចកូនអត់មានស្វាមីមែនទេបានជាឆាប់រៀបចំទុកដាក់យ៉ាងនេះ?»។

តបនឹងចម្ងល់ទស្សនិកជនជាច្រើនទាក់ទងនឹងពិធីមង្គលនេះ លោក សុវណ្ណ ឬទ្ធី ហៅតា វិចទ័រអ្នកដឹកនាំកម្មវិធីប្រចាំស្ថានីយទូរទស្សន៍ CTN ជាឪពុករបស់តារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា បានបង្ហើបប្រាប់ថា៖ «ចំពោះគម្រោងរៀបការមិនទាន់ប្រញាប់ពេកទេអាចនៅយូរប្រមាណជា ២ ឆ្នាំទៀតឯណោះទើបគិតគូរ ព្រោះពេលនេះកូនខ្ញុំនាងនៅក្មេងពេក មិនទាន់អាចចេះកសាងសង្គមគ្រួសារបានល្អនោះឡើយ»។

ខណៈកញ្ញា វ៉ាន់ នីឡា ក៏ធ្លាប់បានបញ្ជាក់ផងដែរទាក់ទងទៅនឹងភាពស្រពេចស្រពិលក្រោយពេលរៀបការរូចដែលថា តើកញ្ញា វ៉ាន់នីឡា នឹងបន្តការងារសិល្បៈដូចជាពេលបច្ចុប្បន្ននេះទៀតឬយ៉ាងណា ?។ ចំពោះភាពស្រពេចស្រពិលនេះ តារាកំប្លែងស្រីវ័យក្មេងដែលដុះពន្លកពីថ្នាលក្រុមកំប្លែងនាយពែកមី និងមានឪពុកបង្កើតជាអ្នកដឹកនាំកម្មវិធីនោះក៏ធ្លាប់បានបង្ហើបប្រាប់ដែរថា៖ «ទោះបីជាយ៉ាងណាក៏នាងខ្ញុំមិនបោះបង់ចោលសិល្បៈដែរ ព្រោះថានាងខ្ញុំស្រឡាញ់អាជីពមួយនេះខ្លាំងណាស់ ហើយក៏សូមអរគុណដល់អនាគតស្វាមីរបស់នាងខ្ញុំផងដែរ ដែលតែងតែយល់ដល់ការងាររបស់នាងខ្ញុំកន្លងមក។ ពេលវេលា ២ ឆ្នាំទៀតនេះ វាគ្រប់គ្រាន់ទាំងវ័យ និងភាពទទួលខុសត្រូវខ្ពស់ដែលអាចបង្កើតគ្រួសារថ្មីមួយប្រកបដោយសុភមង្គលបាន»។

គួរបញ្ជាក់ដែរថា កាលពីភ្ជាប់ពាក្យនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នោះ តារាកំប្លែង និង ជាអ្នកជំនួញវ័យក្មេងកញ្ញា វ៉ាន់ នីឡា មានវ័យ១៧ ឆ្នាំ ខណៈគូដណ្តឹងជាកូនប្រុសថៅកែចាងហ្វាងផលិតកម្មភីសុគន្ធីភាពយន្តឈ្មោះលោក ផន រង្សី មានវ័យ ២៤ ឆ្នាំ៕

Advertisement