ភិន សុដាលី ប្រាប់ពីបទពិសោធ និងផលលំបាកខ្លះៗនៃការថែទាំកូនស្រីម្នាក់ មុនទិវាមាតាអន្តរជាតិ

ភ្នំពេញៈ ខណៈទិវាមាតាអន្តរជាតិកាន់តែខិតជិតមកដល់សម្រាប់ឆ្នាំ២០១៧ នេះ ស្រាប់តែគេឃើញតារាសម្តែងស្រីមេម៉ាយកូនមួយក្តៅស្រួយ សម្រស់ផូរផង់មិនចាញ់ក្រមុំ អ្នកនាង ភិន សុដាលីស អតីតជាភរិយាមិនបានរៀបការរបស់តារាសម្តែងប្រុស និងជាពិធីករទូរទស្សន៍លោក ប៉ែន ចំរ៉ុង ដោយពួកគេសម្រេចត្រឹមចុះអេតាស៊ីវិលភ្លាមៗនោះ បានបង្ហោះសារចែករំលែកក្តីស្រឡាញ់ និងចែករំលែកបទពិសោធខ្លះៗក្រោយពីបានក្លាយជាម្តាយរបស់កូនស្រីខ្លួនឈ្មោះ ភិន សុខេធើរីណា ដែលមានវ័យ ៧ ខែហើយ។

អ្នកនាង ភិន សុដាលីស បានប្រាប់ឲ្យដឹងក្នុងបទសម្ភាសមួយថា៖ «នៅក្នុងទិវាមាតាអន្តរជាតិនេះ ក្នុងនាមជាម្តាយម្នាក់ និងជាសិល្បការិនីមួយរូបផងដែរនោះ នាងខ្ញុំពិតជាបានជួបការលំបាកជាច្រើន ប៉ុន្តែក្នុងនោះក៏មានពេលវេលាសប្បាយចិត្ត និងសុភមង្គលលាយឡំជាមួយគ្នាដែរ។ ជារៀងរាល់ពេលមុនចេញទៅថត ខ្ញុំមានកាតព្វកិច្ចជាម្ដាយដែលត្រូវបំពេញដូចជា នៅពេលព្រឹកក្រោយក្រោកពីគេង នាងខ្ញុំតែងតែទៅប្រឡែងលេងជាមួយកូនស្រីសំណព្វចិត្តសិន បន្ទាប់មកទើបធ្វើការបំបៅទឹកដោះគោ រួចទើបយកកូនស្រីទៅងូតទឹកសម្អាតខ្លួន ក្រោយមកទៀតក៏ធ្វើការបំបៅលើកទីពីរ រួចទើបដាក់ឲ្យគេគេងវិញ»។

កូនស្រីដ៏ស្រស់ស្អាតរបស់អ្នកនាង ភិន សុដាលីស ឈ្មោះ ភិន សុខេធើរីណា ហៅក្រៅថា ខេត មានវ័យ ៧ ខែហើយ ខណៈទារិកានេះបានកើតនៅវេលាម៉ោង ៤ និង ៤២ នាទី ល្ងាចនៃថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៦។ ចំណែកឯសាលក្រមលែងលះដែលបានចេញដោយចៅក្រមសាលាដំបូងកាលពីល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ចប់បដិវត្តន៍ស្នេហារបស់គូស្នេហ៍ជាតួអង្គទុំទាវសម័យទំនើបនាសតវត្សរ៍ទី ២១ គឺលោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស ដែលកាលពីពេលមុននេះពួកគេបានខិតខំពុះពារជម្នះរនាំងប្រពៃណី «នំមិនធំជាងនាឡិ» តែមិនបានយូរប៉ុន្មានក៏ផ្ដាច់និស្ស័យស្នេហ៍តាមផ្លូវច្បាប់ទៅ វិញ៕

Advertisement