ខេ​ម ត្រៀមខ្លួន​ថតកុន​ជា​លើកដំបូង

តារាចម្រៀង​ប្រុស ដែល​មហាជន​បានដាក់​រហស្សនាម​ថា “អធិរាជ​សំនៀង​ស្អក” ដ៏​ពីរោះ​រណ្តំ​ដួងចិត្ត មានឈ្មោះ​ពិត​លោក ប៉ុន សុ​ណារិន​ហៅ​លោក ខេ​ម បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ខ្សែភាពយន្ត​ដែល​ផលិតឡើង​ដោយ​ផលិតកម្ម​ថោ​ន ក្នុង​តំណែង​ជា​តួឯក។

តារាចម្រៀងរូបនេះ ក៏បាន​បង្ហើប​ប្រាប់​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​លើ​ការថត​កុន​ដែរ​ថា “ចំពោះ​រឿង​ថតកុន​នេះ កន្លងមក​មាន​ខាង​ផលិតករ​ជាច្រើន​ដែរ​បានមក​ទាក់ទង​ហៅ​ខ្ញុំ​ទៅ​ថត​ជា​ហូរហែ តែដោយសារ​ខ្ញុំ និង​ផលិតករ ចរចា​គ្នា​មិនត្រូវ​លើ​តម្លៃ ពេលវេលា និង​សាច់រឿង​មិនត្រូវ​ចិត្ត​ខ្ញុំ​ជាដើម។ ចំណែកឯ​ផលិតកម្ម​ថោ​ន​វិញ ប្រសិនបើ​ផលិតកម្ម​តម្រូវឱ្យ​ថតកុន​វិញ​នោះ ខ្ញុំ​ក៏ត្រូវ​តែ​ថត​តាម​ការចាត់ចែង​របស់​គេ​ដែ។

គួរកត់សម្គាល់​ផងដែរ​ថា លោក ខេ​ម តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ដែលមាន​ឈ្មោះ​ដើម​លោក ប៉ុន សុ​ណារិន មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​ប្រឡូក​ចូល​វិថី​សិល្បៈ​នា​អំឡុងពេល​ឆ្នាំ2007 តាមរយៈ​ការចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Boy Band របស់​ស្ថានីយទូរទស្សន៍ CTN និង​បាន​ធ្វើជា​តារាចម្រៀង​ឱ្យ​ស្ថានីយទូរទស្សន៍​មួយ​នេះ​រយៈពេល​មួយឆ្នាំ​ផងដែរ។ កាលពី​ឆ្នាំ2008 លោក ខេ​ម​បាន​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថោ​ន ខណៈ​តារាចម្រៀង​សំឡេង​ស្អក​រូបនេះ មិនសូវ​ទទួលបាន​ប្រជាប្រិយភាព និង​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​ប៉ុន្មាន​នោះទេ​នាពេលនោះ៕

Advertisement