រំដួលលិចទឹកគ្រងតំណែងតួ “ព្រះម៉ែនាគរាជ” ក្នុងខ្សែភាពយន្ដថ្មី

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាច្នៃ និងបង្ហាញម៉ូដ រំដួលលិចទឹក នៅថ្ងៃទី25 ខែមករា ឆ្នាំ2018 នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលស្ដែងឱ្យឃើញពីសកម្មភាពឈុតក្រៅឆាកនៃការថតខ្សែភាពយន្ដថ្មីមួយ ដែលតាមរយៈសកម្មភាពនៅក្នុងរូបភាពទាំងឡាយនោះ គេសង្កេតឃើញថា តារាភេទទីបីរូបនេះបានបង្ហាញពីម៉ូដសម្លៀកបំពាក់បែបបុរាណ និងមានគ្រងមកុដនាគី ហើយឈរបង្ហាញរាងនៅពីមុខប្រាសាទបុរាណខ្មែរទៀតផង។

នាងរំដួលបានបង្ហើបប្រាប់ឱ្យដឹងដែរថា «មកដល់ហើយចា៎ ជួបគ្នាជាថ្មីជាមួយឈុតពិសេសនៅក្នុងខ្សែភាពយន្តថ្មីដែលអូនទើបតែថតចប់…ដឹងថា អូនដើរតួអង្គអីទេ? មិនដែលគិតសោះថា ខ្លួននឹងបានសម្តែងជាតួអង្គដ៏ពិសេសនេះ គឺតួ ព្រះម៉ែនាគរាជ ដែលមានខ្លួនជាមនុស្ស និងកន្ទុយជាពស់នាគរាជ ពិតជាអស្ចារ្យណាស់ នៅក្នុងខ្សែភាពយន្តថ្មីរឿង “ម៉ាដាមអាប” ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ»។

ចុងក្រោយ តារាបង្ហាញម៉ូដ និងជាអ្នកផាត់មុខល្បីឈ្មោះរូបនេះបានបន្ដបញ្ជាក់ពីការរចនាម៉ូដ ព្រះម៉ែនាគរាជ នេះថា « សម្រាប់ឈុតនេះដែរ អូនសូមអរគុណដល់បង អិត សុទ្ធា ជាពិសេសតែម្ដង គឺបើមិនមានបងទេក៏មិនមានឈុតនេះកើតចេញជារូបរាងឡើងដែរ អរគុណបងដែលតែងតែជួយ និងស្រឡាញ់រាប់អានប្អូន។  ស្រឡាញ់លោកគ្រូបងណាស់»៕

Advertisement