តារាចម្រៀងល្បីឈ្មោះ Ed Sheeran បង្ហាញមុខមិត្តស្រីជាសាធារណៈ

ដោយយោងតាមសារព័ត៌មាន Khaosod នៅថ្ងៃទី​22 ខែមករា ឆ្នាំ 2018 នេះបានឱ្យដឹងថា តារាចម្រៀងល្បីឈ្មោះ Ed Sheeran ដែលជាម្ចាស់បទ “Shape of you”​ វ័យ26ឆ្នាំ បានប្រកាសដំណឹងល្អមួយថា ខណៈនេះលោកកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយមិត្តស្រី កញ្ញា Cherry Seaborn មានវ័យ 25 ឆ្នាំ ដែលជាអ្នកប្រឹក្សាយោបល់ល្បីឈ្មោះជនជាតិអង់គ្លេស។

បើតាមការបង្ហោះរូបនៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់តារាចម្រៀងប្រុសជនជាតិអង់គ្លេសរូបនេះ កាលពីថ្ងៃទី20 ក៏បានឱ្យដឹងផងដែរថា លោកមានភាពស្និទ្ធស្នាល និងមិនបានលាក់លៀមពីទំនាក់ទំនងស្នេហាមួយនេះពីភ្នែកមហាជនឡើយ។ លោកបានបន្ថែមពាក្យពេចន៍នៅលើរូបភាពមិត្តស្រីថា «ខ្ញុំមានគូដណ្ដឹងសម្រាប់ខ្លួនឯងហើយ ពួកយើងបានទាក់ទងគ្នាតាំងពីមុនចូលឆ្នាំថ្មីនេះមកម្ល៉េះ។ ពួកយើងមានសេចក្ដីសុខ និងស្រឡាញ់គ្នាខ្លាំងណាស់ សូម្បីតែសត្វឆ្មារបស់ពួកយើងក៏វាមានសេចក្ដីសុខដូចគ្នា»

គួរបញ្ជាក់ផងដែរថា ប្រភពសារព័ត៌មានបរទេសក៏បានបង្ហើបបញ្ជាក់បន្ថែមដែរថា អ្នកទាំងពីរបានស្គាល់គ្នា តាំងពីសម័យនៅរៀនមកម្ល៉េះ ប៉ុន្ដែសម្ព័ន្ធភាពរបស់អ្នកទាំងពីរត្រូវបានស្ងប់ស្ងាត់មួយរយៈវិញ ដោយសារតែខាងស្រីត្រូវទៅរៀនបន្ដនៅមហាវិទ្យាល័យក្នុងសហរដ្ឋអាមេរិក។ ហើយពួកគេបានត្រឡប់មកជួបគ្នា និងចាប់ផ្ដើមមើលចិត្តថ្លើមគ្នាឡើងវិញនៅក្នុងអំឡុងឆ្នាំ 2015 រហូតមកដល់បច្ចុប្បន្ននេះតែម្ដង៕

Advertisement