ហង្សមាស ទម្លាយរឿងមិនធ្វើសន្និសីទសារព័ត៌មានស្វាគមន៍លោក ខេមរៈ​ សិរីមន្ដ ដូចជាកូនប្រុស ព្រាប សុវត្ថិ

នៅថ្ងៃម្សិលមិញនេះ ខាងផលិតកម្មរស្មីហង្សមាស បានរៀបចំធ្វើកម្មវិធីសន្និសីទសារព័ត៌មានស្វាគមន៍តារាចម្រៀងថ្មីវ័យក្មេង និងជាអនាគតកំពូលតារាចម្រៀងប្រចាំទ្រនំរស្មីហង្សមាស គឺកូនប្រុសទាំង 3 រូបរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមមាន សុវត្ថិ មុនីវណ្ណ , សុវត្ថិ មុនីនាត និងសុវត្ថិ សិរីវឌ្ឍ ដែលត្រូវបានចុះកុងត្រាក្លាយជាតារាចម្រៀងរបស់រស្មីហង្សមាសក្នុងពេលតែមួយ។

ទន្ទឹមនឹងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ផលិតកម្មខាងលើ ចំពោះកូនប្រុសរបស់លោក ព្រាប សុវត្ថិ នៅក្នុងនោះមហាជនសង្កេតឃើញថា ផលិតកម្មដែលនាំមុខគេខាងផ្នែកកម្សាន្ដទី1 នៅប្រទេសកម្ពុជាមួយនេះ ពុំធ្លាប់ធ្វើកម្មវិធីសន្និសីទសារព័ត៌មានស្វាគមន៍តារាចម្រៀងថ្មីណាមួយឡើយ សូម្បីតែវត្តមានរបស់កំពូលតារាចម្រៀងដែលទាក់ទាញចិត្តយុវវ័យបំផុតគឺ លោក ខេមរៈ​ សិរីមន្ដ ដែលបានឈានជើងចូលមករួមទ្រនំគ្រួសារហង្សមាសនោះ ក៏គ្មានការរៀបចំធ្វើសន្និសីទសារព័ត៌មានស្វាគមន៍វត្តមានរបស់រូបលោកដែរ។ ចុះហេតុអ្វីបានជា ហង្សមាស ដូចជារាក់ទាក់ និងលើកតម្កើងចំពោះក្រុមគ្រួសាររបស់ ព្រាប សុវត្ថិ យ៉ាងនេះ?

ស្របគ្នានោះដែរ អគ្គ​នាយក​រង​ផលិតកម្ម​ហង្សមាស​លោកស្រី អ៊ឹង គឹមលាង បានប្រាប់អ្នកសារព័ត៌មាន ឡារ៉ែនថា «កន្លងមកខាងផលិតកម្មរស្មីហង្សមាសមានការជ្រើសរើស និងស្វែងរកតារាចម្រៀងថ្មីមកចូលរួមជាសមាជិកគ្រួសារហង្សមាស តាមបែបផែនខុសគ្នា នៅក្នុងនោះយើងក៏មានរៀបចំកម្មវិធីប្រឡងចម្រៀងជាច្រើន ដូចជា The Voice Cambodia , The Voice Kid Cambodia , Cambodian Idol និង Cambodian’s got Talent​ ជាដើម តែយ៉ាងណាមិញ ខាងផលិតកម្មក៏មិនបានផ្អែកទៅលើការប្រឡងចម្រៀងតែមួយមុខក្នុងការស្វែងរកតារាចម្រៀងដែលមានទេពកោសល្យនោះដែរ ពោលគឺចំពោះតារាចម្រៀងដទៃទៀត ក៏មានការរៀបចំពីសំណាក់ក្រុមការងាររបស់ផលិតកម្ម រស្មីហង្សមាស មួយក្រុមផ្សេងទៀតដែរ»។

ជាចុងក្រោយ អគ្គ​នាយក​រង​ផលិតកម្ម​ហង្សមាសក៏បានបញ្ជាក់បន្ថែមទៀតដែរថា ដោយហេតុសង្កេតឃើញថា តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានប្រជាជនខ្មែរចាត់ទុកលោកជាកំពូលតារាចម្រៀងនៅក្នុងដួងចិត្ត ជាកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងពិសេសជាងនេះគឺលោកជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសផ្ទាល់ ការដែលរៀបចំធ្វើកម្មវិធីសន្និសីទសារព័ត៌មាន គឺជាការស្វាគមន៍ឈាមជ័ររបស់លោក ព្រាប សុវត្ថិ ទាំងមូល ដែលជាតារាចម្រៀងប្រកបដោយទេពកោសល្យ ដែលនឹងផ្ដល់រសជាតិថ្មីសម្រាប់ប្រជាជនខ្មែរទាំងបច្ចុប្បន្ន និងនាពេលខាងមុខនេះ៕

Advertisement