ផលិតកម្ម SM រៀបចំពិធីបុណ្យសពតារាចម្រៀង Jong hyun

តាមរយៈសារព័ត៌មាន koreaboo បានចេញផ្សាយនៅថ្ងៃទី19 ខែធ្នូ ឆ្នាំ 2017 បានឱ្យដឹងថា មុននេះបន្ដិចខាងផលិតកម្ម S.M. Entertainment បានចេញសាររំលែកទុក្ខចំពោះតារាចម្រៀងប្រុស Jong hyun ដែលជាសមាជិកក្រុមចម្រៀង SHINEE ថែមទាំងបានរៀបចំកន្លែងមួយសម្រាប់អ្នកគាំទ្រដើម្បីចូលគោរពវិញ្ញាណក្ខន្ធនិងពិធីបុណ្យសពរបស់តារាប្រុសរូបនេះទៀតផង។

កាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2017នេះ ផលិតកម្ម S.M. Entertainment  បានបញ្ជាក់ថា តារាចម្រៀងប្រុស Jong hyun គឺជាតារាចម្រៀងដែលល្អបំផុត ជាអ្នកដែលស្រឡាញ់តន្ត្រីជានរណាៗទាំងអស់ តែភ្លាមៗលោកបានចាកចេញពីយើងទៅដោយគ្មាននរណាម្នាក់ដឹងមុនឡើយ។ បេះដូងរបស់ពួកយើងឈឺចាប់បំផុត នៅពេលបានទទួលដំណឹងដ៏គួរឱ្យរន្ធត់ និងក្រៀមក្រំនេះ ដោយសារអ្នកគាំទ្រកំពុងតែបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេជារៀងរហូតហើយ។ ស្របតាមបំណងប្រាថ្នារបស់គ្រួសារតារារូបនេះ ពួកយើងនឹងរៀបចំកន្លែងសមរម្យមួយសម្រាប់អ្នកគាំទ្រ សមាជិកក្រុមគ្រួសារចូលគោរពវិញ្ញាណក្ខន្ធ និងសម្ដែងក្ដីសោកស្ដាយចំពោះ Jonghyun ដែលបានប្រើរយៈពេលជាច្រើនឆ្នាំនៅជាមួយពួកយើង។

ផលិតកម្មខាងលើក៏បានបញ្ជាក់ទៀតដែរថា ការគោរពវិញ្ញាណក្ខន្ធនឹងចាប់ផ្តើមពីថ្ងៃទី19 ខែធ្នូ វេលាម៉ោង 12 ថ្ងៃត្រង់ (KST) នេះតទៅ ក្រុមអ្នកគាំទ្រអាចចូលធ្វើការគោរពរបស់ពួកគេនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តសេអ៊ូលអេស៊ាន បន្ទប់ក្រោមដីលេខ 1 នៅសាលសូន្យ។ សូមបង្ហាញអារម្មណ៍ដ៏កក់ក្តៅរបស់អ្នកចំពោះ Jonghyun ដែលជាសិល្បករឆ្នើមដ៏អស្ចារ្យបំផុត ដែលបានសម្រាកដោយស្ងប់សុខជានិរន្តរ៍។ ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសាររបស់សពលោក Jonghyun៕

Advertisement