តារាសម្ដែង អ៊ឹម ជីវ៉ា សាងភ្នួសជាលើកទី2 ក្រោយជួបគ្រោះក្រឡាប់រថយន្ដ

ខុសពីតារាភាគច្រើនដែលមុនសម្រេចចិត្តសាងផ្នួស សុទ្ធតែបានកំណត់ពេលវេលាមួយច្បាស់លាស់ លោក អ៊ឺម ជីវ៉ា បានអះអាងថា លោកមិនទាន់ដឹងថានឹងលាព្រះផ្នួស ក្រោយពីបានសាងព្រះផ្នួសក្នុងរយៈពេលមួយសប្ដាហ៍ 10ថ្ងៃ ឬមួយខែនោះទេ ដោយលោកមានសង្ឃដីកាថា ខ្លួននឹងបួសឆាប់ ឬ លឿន អាស្រ័យលើទឹកចិត្តជ្រះថ្លារបស់ខ្លួន។ យ៉ាងណាមិញលោកថាពេលវេលាសឹកមកវិញ បើទោះជាលឿនបំផុត ក៏មានរយៈពេលមិនក្រោមមួយសប្ដាហ៍នោះដែរ។

សូមរំឭកដែរថា កាលពីឆ្នាំ2012 តារាសម្ដែងលោក អ៊ឹម ជីវ៉ា ធ្លាប់បានបួសម្ដងហើយ ដោយការសម្រេចចិត្តបួសលើកនោះ គឺលោកបានកំណត់ពេលវេលាច្បាស់លាស់ដើម្បីសឹកវិញ ដែលខុសប្លែកពីការបួសលើកនេះ ដែលលោកប្រកាសថាមិនទាន់ដឹងថាពេលណាទើបសឹកនោះទេ។ លោកថាខ្លួនចង់បួសយូរ គឺអាចបួសឱ្យបានដល់មួយខែ ដើម្បីបានយល់ដឹងព្រះធម៌ និងធ្វើឱ្យចិត្តស្ងប់សុខ ប៉ុន្តែបើអំឡុងពេលបួសអារម្មណ៍របស់លោកចង់សឹកក្នុងរយៈពេលមុនមួយខែ គឺលោកនឹងសឹកវិញនៅក្នុងពេលនោះ អ៊ីចឹងហើយទើបលោកមិនទាន់ហ៊ានកំណត់ថាបួសមួយសប្ដាហ៍ ឬបួសមួយខែ ដោយសារតែភាពជាក់ស្ដែងនៅមិនទាន់ដឹង។

ឮលោកថា ការបួសលើកនេះ គឺដើម្បីចម្លងគ្រោះ និងដើម្បីលាមាត់លាករ ដែលធ្លាប់ខុសឆ្គងដោយមិនដឹងខ្លួន និងដើម្បីបញ្ជូនកុសលជូនដល់អ្នកស្លាប់នៅក្នុងហេតុការណ៍អូសរថយន្តរបស់លោកយកទៅជួសជុល នៅពេលលោកធ្វើដំណើរទៅខេត្តកោះកុងកាលពីថ្ងៃបុណ្យសមុទ្រ។ ក្នុងនោះ លោកក៏ចង់បួសបំពេញភិក្ខុសង្ឃ ដើម្បីសងគុណដល់អ្នកមានគុណរបស់លោកផង ទើបលោកសម្រេចចិត្តបួសជាលើកទី2។

លោក អ៊ឺម ជីវ៉ា បានសម្រេចចិត្តបួសនៅវត្តនាគវ័ន្ដ ដែលជាទីអារ៉ាមលោកធ្លាប់ស្នាក់អាស្រ័យ ដោយក្នុងពិធីរបស់លោក គេឃើញមានភ្ញៀវកុះករ ខណៈដែលតារាសិល្បៈ ក៏មានវត្តមានច្រើននាក់ខុសពីកាលបួសលើកទី1។ លោកបញ្ជាក់ក្រោយសម្រេចចិត្តបួសថា បើតាមតែលោកកុំមានការងាររវល់ច្រើន លោកនឹងបួសឱ្យបានយូរសម្រាប់លើកទី2នេះ ប៉ុន្តែដោយសារតែលោកមិនអាចបួសយូរពេកបាន ទើបលោកសម្រេចចិត្តបើទោះជាបួសយូរបំផុតក៏មិនលើសពី1ខែដែរ៕

Advertisement