រន្ធត់!! សមាជិកក្រុមចម្រៀង SHINEE  ធ្វើអត្តឃាតបញ្ចប់ជីវិត

តាមរយៈសារព័ត៌មាន koreaboo នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2017 ដែលបានចេញផ្សាយមុននេះបន្ដិច បានបង្ហើបឱ្យដឹងពីសំបុត្ររបស់តារាចម្រៀងប្រុស Jong hyun ដែលជាសមាជិកក្រុមចម្រៀង SHINEE បានផ្ញើឱ្យបងស្រីរបស់ខ្លួនមុនពេលធ្វើអត្តឃាតបញ្ចប់ជីវិត។ នៅក្នុងអត្ថន័យរបស់សំបុត្របានបញ្ជាក់ពីហេតុផលនៃការស្លាប់ និងមូលហេតុដែលបានធ្វើឱ្យជីវិតទទួលរងនូវការឈឺចាប់ ដោយលោកបានសរសេរថា ដើមហេតុគឺ បណ្ដាលមកពីអាការបាក់ទឹកចិត្ត។

នៅក្នុងសំបុត្ររបស់តារាប្រុសរូបនោះបានសរសេរថា «ខ្ញុំមានអារម្មណ៍កណ្ដោចកណ្ដែងនៅក្នុងអំឡុងពេលដែលខ្ញុំកំពុងត្រៀមចម្រៀងទោលនៅឡើយ រាងកាយរបស់ខ្ញុំនឿយហត់ខ្លាំងបំផុត ជាធម្មតាខ្ញុំមានកម្លាំងខណៈដែលបាននៅជុំជាមួយសមាជិកដទៃទៀត ក៏ប៉ុន្ដែនៅពេលនេះខ្ញុំនៅតែម្នាក់ឯងធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ឯកា និងតែលតោល»។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំនឿយហត់ណាស់ សូមប្រាប់ពួកគេផងថា ដោះលែងខ្ញុំទៅ ដែលពេលកន្លងមកខ្ញុំធ្វើយ៉ាងប្រឹងប្រែងនោះ គឺជាការតាំងចិត្តខិតខំរបស់ខ្ញុំនាពេលចុងក្រោយ»។

គួរបញ្ជាក់ផងដែរថា មិត្តជិតស្និទ្ធរបស់តារា​ប្រុសរូបនេះដែលបានជួបលោកនៅថ្ងៃទី18 ម្សិលមិញនេះបានបញ្ជាក់ប្រាប់មន្ត្រីប៉ូលិសថា «ពួកយើងបានជជែកគ្នា ហើយប្រាប់ Jong hyun ថា ប្រសិនបើអត់ធ្មត់បន្ដិច អ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញមិនខាន ហើយខ្ញុំក៏បានណែនាំគាត់ឱ្យទៅជួបគ្រូពេទ្យ តែគាត់បដិសេធ»។ មិត្តស្និទ្ធស្នាលរបស់លោកម្នាក់នេះបានបន្ដទៀតថា «មិនថាសំណូមពរទី1 ឬទី2 នោះទេ គឺលោកគិតអំពីចម្រៀងទាំងអស់ គាត់តែងតែនិយាយញឹកញាប់ថាមិនអាចធ្វើឱ្យក្រុមគ្រួសារយល់ពីចិត្តលោកបាន ព្រោះលោកចង់ធ្វើឱ្យបានល្អជាងនេះ ក៏ប៉ុន្ដែសមត្ថភាពលោកមិនមានគ្រប់គ្រាន់ និងអាយុក៏ច្រើន ទើបត្រូវគេដកចេញ ហើយមានអារម្មណ៍លំបាកចិត្តខ្លាំងណាស់»៕

Advertisement