មាស សុខសោភា ប្រកាសចង់រៀបការហើយ!!!

ចាប់តាំងពីបានបែកធ្លាយរូបភាពឱបថើបបឺតជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាល កាលពីអំឡុងឆ្នាំ2008 ខណៈដែលនាងទើបតែចេញបទចម្រៀងនៅក្នុងផលិតកម្ម M  នៅពេលរឿងអាស្រូវរបស់ មាស សុខសោភាមួយនេះ បានធ្វើឱ្យនាងធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ រហូតដល់នាងព្យាយាមលាក់បាំងអំពីសាវតាពិតរបស់គូស្នេហ៍ សូម្បីតែឈ្មោះក៏គ្មានអ្នកសារព័ត៌មានណាបានដឹងដែរ។ ដោយឡែក តារាស្រីល្បីឈ្មោះរូបនេះ ធ្លាប់បានគ្រោងរៀបការនៅអំឡុងឆ្នាំ2009 ដែរ ប៉ុន្តែបានសម្រេចចិត្តឆាចោលវិញ ហើយសម្រេចចិត្តរួមរស់ជាមួយគូស្នេហ៍ដោយការឆ្លងដែន ព្រោះនាងចង់សាងកេរ្តិ៍ឈ្មោះឡើងវិញ រហូតបានជោគជ័យដល់សព្វថ្ងៃនេះ។

មួយរយៈថ្មីៗ ជុំវិញព័ត៌មានស្នេហារបស់តារាស្រីសំឡេងផ្អែមក្រអួនក្រអៅរូបនេះ ត្រូវបានមហាជនទម្លាយឱ្យដឹងថា គូស្នេហ៍របស់ មាស សុខសោភា មានឈ្មោះថា លោក អ៊ឹត រ៉ាដា អាណិកជនខ្មែរនៅកាណាដា ដែលពួកគេមានទំនាក់ទំនងស្នេហាអស់រយៈពេល 11ឆ្នាំមកហើយ ដោយពុំបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍នោះទេ ពោលគឺបានរួមរស់ជាម្ចាស់ស្នេហ៍ក្នុងរូបភាពលាក់លៀម ដែលមានការលើកឡើងថា ដោយសារតែនាងខ្លាចពិបាកដណ្តើមការគាំទ្រនៅលើវិថីចម្រៀង ទើបខ្លាចរោងការ ។ តែថ្មីៗនេះ ស្រាប់តែគេសង្កេតឃើញថា តារាស្រីរូបនេះ បានបណ្ដើរប្រុសស្នេហ៍ជាសាធារណៈ យ៉ាងបើកចំហ ក្រោយពីមានតារាល្បីៗជំនាន់ស្រកគ្នា បានចូលរោងការទាំងមានការគាំទ្រពីមហាជនយ៉ាងខ្លាំង។

ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបាន បានបណ្ជាក់ឱ្យដឹងផងដែរថា ថ្មីនេះៗ មាស សុខសោភា បង្ហើបថាគ្រោងចូលរោងក្នុងអំឡុងពេល 2-3 ឆ្នាំខាងមុខទៀត។ ប្រភពដដែលបានបន្ដថា ទំនាក់ទំនងស្នេហារបស់ពួកគេ ឈានដល់ដំណាក់កាលរួមរស់ជាមួយគ្នាក្រោមដំបូលផ្ទះតែមួយយូរណាស់មកហើយ ហើយពួកគេហាក់ដូចជាមិនបានលាក់លៀមអ្វីឡើយ ដោយមជ្ឈដ្ឋានខ្លះលើកឡើងថា នាងមិនលាក់លៀមទៀតទេ ព្រោះតារាចម្រៀង មាស សុខសោភា និងលោក អ៊ឹត រ៉ាដា មានគម្រោងដឹកដៃគ្នាចូលរោងការឆាប់ៗនេះ៕

 

Advertisement