នី មុន្នីនាថ អន្ទងហៅអតីតគូដណ្ដឹង៖ «​បើ​បង​ពិតជា​ស្មោះត្រង់​ បង​មក​កម្ពុជា​មក ​អូន​ចាំ​បង»

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី5 ខែ​ធ្នូ ឆ្នាំ2017 នេះបានឱ្យដឹងថា ក្រោយពី​សាង​ស្នេហ៍​ផ្អែមល្ហែមជាមួយគ្នា​អស់មួយរយៈ​មក ​ ថ្មីនេះៗអតីតគូដណ្ដឹង នី មុន្នីនាថ ដែលគេដឹងថា បានឈ្លោះបាក់បែកគ្នានោះបានចាប់ផ្តើមចេញសារ​វាយប្រហារ​ជា​បន្តបន្ទាប់មកលើរូបនាង ថែមទាំងឌឺដង​ពាក្យសម្តី​ដាក់គ្នា​ដូច​អា​យ៉ៃ​ឆ្លើយឆ្លងមិនចេះចប់មិនចេះហើយដូច្នោះដែរ។

លោក អ៊ឹង សូ​ឡាំង ជាអតីតគូដណ្ដឹងរបស់តារាស្រីរូបនេះបានផ្លែផ្កាដាក់នាងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី3 ខែធ្នូនេះថា «បងនឹងទៅ…កុំភ័យ! អូនត្រៀមតែលុយដែលអូនបានបោកបងទៅនោះឱ្យគ្រប់ចំនួន ហើយរួមនឹងលុយជំងឺចិត្តដែលពៅមាស( ផ្កាមាស) ត្រូវបង់ឱ្យបងបន្ទាប់ពីចេញសាលដីកាពីតុលាការបញ្ជាក់ថា អូនពិតជាបានបោក និងបំពានលើសេចក្ដីទុកចិត្តនោះទៅ ពេលនោះហើយដែលបងនឹងចុះទៅស្រុកខ្មែរដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ ច្រូចទឹកឱ្យអូនខ្លះ សូមកុំឱ្យអូនអត់ឃ្លាន ស៊ីមិនរើសមុខតទៅទៀតណា…ហាសហា»។ សំដីឡកឡាយនេះបានបញ្ចើចបញ្ឈឺតារាសម្ដែងស្រីរូបនេះជាខ្លាំង ហើយអ្វីដែលគួរឱ្យកត់សម្គាល់ពីភ្លើងកំហឹងដែលមិនអាចទប់បាននេះ នី មុន្នីនាថ បានតបតជា​សារ​អន្ទងហៅបុរសអាណិកជននេះវិញដែលមាន​អត្ថន័យ​ថា ​«សូមបញ្ជាក់ថា ​នាង​ខ្ញុំ​គ្មាន​គេច​ទៅណា​ទេ ​នាង​ខ្ញុំ​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល មានតែ​អតីត​គូ​ដណ្ដឹង​របស់​នាង​ខ្ញុំ​ទេ​ដែល​គាត់​មិន​នៅក្នុង​ប្រទេស​កម្ពុជា អ៊ីចឹ​ង​សូមមេត្តា​ពិចារណា​ផង (​បើ​បង​ពិតជា​ស្មោះត្រង់ ​បង​មក​កម្ពុជា​មក ​​អូន​ចាំ​បង)​»​។​

គួររំឭកផងដែរថា មេធាវី​តំណាងឱ្យតារាសម្ដែងស្រី នី មុន្នីនាថ ទើបបាន​ចូលខ្លួន​ជំនួស​កូនក្តី​របស់លោក​តាម​ដីកា​បង្គាប់​របស់​តុលាការ​កាលពី​ថ្ងៃទី29 វិច្ឆិកាកន្លងទៅនេះ រីឯបណ្ដឹងទាមទារប្រាក់សំណងដែលអតីតគូដណ្ដឹងបានដាក់ពាក្យប្ដឹងមកលើតារាស្រីរូបនេះក៏នៅមិនទាន់មានដំណោះស្រាយនៅឡើយដែរ។

ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៕

Advertisement