ឆុំ វត្តី និយាយពីរឿងមួយនៅក្នុងរឿង “ភូមិគ្រឹះ100 ល្បិច”

តារាស្រីដែលមានទម្រង់មុខសមជានារីខ្មែរ ហើយស្លៀកសម្លៀកបំពាក់បុរាណខ្មែរបានស័ក្ដិសមជាងគេនោះគឺកញ្ញា ឆុំ វត្តី មានកិត្តិយសបានចូលរួមសម្ដែងក្នុងរឿងភាគបុរាណថ្មីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដែលមានចំណងជើងថា “ភូមិគ្រឹះ100ល្បិច”។ នៅថ្ងៃក្រុងពាលីនៃខ្សែភាពយន្តភាគនេះ តារាស្រីរូបនេះបានបង្ហើបរឿងពិសេសមួយប្រាប់អ្នកសារព័ត៌មាន ឡារ៉ែន។

រឿង “ភូមិគ្រឹះ100 ល្បិច” គឺជារឿងបែបបុរាណនាសម័យលោកម្ចាស់ក្នុងសម័យអាណានិគមបារាំងដែលតម្រូវឱ្យស្រីស្រស់ វត្តី សម្ដែងជាតួអង្គកូនស្រីទោលរបស់លោកឧកញ៉ាពាណិជ្ជធន និងលោកជំទាវបទុម ហើយនាងមានឈ្មោះថា  ឧស្សាហ៍ មានវ័យ 18 ឆ្នាំ។ អត្តចរិតឫកពានៅក្នុងរឿងនេះ នាងគឺជានារីម្នាក់ដែលមានប្រាជ្ញាឈ្លាសវៃ ព្រមទាំងជាមនុស្សមិនចេះខ្លាចនរណាឡើយ ពោលគឺនាងកាចឆ្នាសឆ្នើម។

តារាស្រីសម្បុរស្រអែមរូបនេះបានប្រាប់សារព័ត៌មាន ឡារ៉ែនថា «នេះជាប្រភេទរឿងបុរាណមួយទៀតហើយដែលមានភាពលំបាកច្រើនគួរសម និងក៏មិនខុសពីរឿងមុនៗដែរ ព្រោះថា នាងខ្ញុំត្រូវហ្វឹកហាត់ទាំងកាយវិការ កិរិយាសម្ដែង ដំណើរ ព្រមទាំងការសិក្សាបន្ថែមអំពីការប្រើប្រាស់ពាក្យសម្ដីទៅតាមសម័យកាលនោះ»។ នាងបានបន្ដថ្លែងថា «កាន់​តែ​លំបាកជាងនេះទៅទៀតគឺ ការស្លៀកសម្លៀកបំពាក់ឈុតបែបបុរាណមួយនេះត្រូវការចំណាយពេលរៀបចំ និងតុបតែងគ្រឿងអលង្ការរាងយូរបន្ដិច តែយ៉ាងណាមិញ វាក៏មិនដូចរឿងមុនៗដែលតម្រូវឱ្យមានការតុបតែងទ្រង់គ្រឿងសម្លៀកបំពាក់បែបក្សត្រីយ៍ដែលត្រូវចំណាយពេលយូរគួរសមនោះដែរ»។

សូមជម្រាបផងដែរថា នេះជាលើកទីមួយរបស់តារាស្រី ឆុំ វត្តី ហើយដែលបានសម្ដែងរឿងភាគទូរទស្សន៍ជាមួយតារាឯកប្រុស សាយ សៀរ៉ា ដែលសម្ដែងជាតួអង្គលោកហ្លួងខត្តិយ៉ា។ ជាពិសេសតារាស្រីរូបនេះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា «ទោះនេះជាលើកទីមួយដែលពួកយើងបានធ្វើការងារសម្ដែងជាមួយគ្នាក្ដី តែក៏ពួកយើងជឿជាក់ថា យើងអាចធ្វើបាន ពីព្រោះសម្រាប់យើងទាំងពីរនាក់គឺ ហ្វ្រេនលី ( Friendly ) រាក់ទាក់ស្និទ្ធស្នាលជាមួយគ្នា»៕

Advertisement