ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

កញ្ញា ណត្ថិយា មានមហាជនជាច្រើនស្គាល់នាងតាមរយៈការសម្ដែងកាយវិការក្នុងបទចម្រៀង «សន្សំលុយចងដៃអូន» និងបទ «រាំតាមពូ» ដែលជាការបកស្រាយរបស់លោក ខេមរៈ សិរីមន្ដ។ ថ្មីៗនេះបានលេចឮដំណឹងថា ក្រោយពីបានចូលប្រឡូកសិល្បៈមួយប្រាវមក នាងអាចមានលទ្ធភាពទិញខុនដូ នៅម្ដុំផ្សារបឹងត្របែកបានហើយ។

ក្រោយពីទទួលបានប្រជាប្រិយភាពមួយប្រាវរួចមក ស្រាប់តែបាត់មុខនាងឈឹង។ ធ្វើឱ្យអ្នកគាំទ្រនាងគិតថា នាងទំនងជាបោះបង់ចោលសិល្បៈទៅចាប់យកអាជីវកម្មថ្មីតាមរយៈការបើកហាងសាឡនពេញទំហឹងហើយមើលទៅ  តែផ្ទុយទៅវិញមិនត្រឹមតែនាងមិនបោះបង់ចោលអាជីពសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានដំណឹងល្អជាមួយការទិញខុនដូទៀតផង។

ជាមួយនឹងដំណឹងរីករាយនេះមានអ្នកគាំទ្រនាងជាច្រើនបានសរសើរពីសមត្ថភាពរបស់នាង ដ្បិតអីនាងទើបតែចូលប្រឡូកសិល្បៈបានមួយប្រាវសោះ តែអាចមានលទ្ធភាពទិញខុនដូរស់នៅបាត់ទៅហើយ។

កញ្ញា ណត្ថិយាបានលើកឡើងថា សូមអ្នកគាំទ្រនាងទាំងអស់កុំមានការយល់ច្រឡំឱ្យសោះទៅលើការទិញខុនដូនេះ ព្រោះវាជាលុយរបស់នាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «ខ្ញុំទិញវាក្នុងតម្លៃជាង10ម៉ឺនដុល្លារ ហើយលុយទិញខុនដូនេះជាលុយដែលបានមកពីការរកស៊ីធ្វើការរបស់ខ្ញុំនាពេលកន្លងមក។ ពេលសម្រេចចិត្ដទិញខុនដូ  ខ្ញុំបានគិតគូរវែងឆ្ងាយណាស់ ដោយសារទីតាំងនៅចំកណ្ដាលក្រុង ដូច្នេះខ្ញុំមិនបាច់ជួលកន្លែងបើកហាងលក់ផលិតផលអ្វីទេ ខ្ញុំយកកន្លែងរស់នៅធ្វើជាការិយាល័យសម្រាប់ដាក់លក់ផលិតផលតែម្ដង»។

ជាមួយនឹងការដកខ្លួនមួយរយៈនោះនាងប្រាប់ថា នាងមិនបានឈប់ពីការងារសិល្បៈទេ គ្រាន់តែមួយរយៈមុននាងរវល់រៀបចំរបររកស៊ីឱ្យមានដំណើរការល្អសិន  ដូច្នេះហើយទើបនាងរយាលពុំបានចេញមុខក្នុងសិល្បៈ។ នាងបញ្ជាក់ថា៖ «ហាងសាឡនរបស់ខ្ញុំបានផ្អាកដំណើរការទៅហើយ​ ដោយ​សារ​តែខ្ញុំគ្មានពេលមើលការខុសត្រូវ ព្រោះខ្ញុំរស់នៅភ្នំពេញតែម្នាក់ឯង រីឯបងប្អូនរស់នៅឯខេត្ដបាត់ដំបងទាំងអស់ ចង់ឱ្យពួកគាត់ជួយក៏មិនកើត ដូច្នេះទើបខ្ញុំសម្រេចបិទហាងសាឡននៅភ្នំពេញនេះចោល ហើយទៅបើកហាងលក់បុកល្ហុងនៅឯខេត្ដបាត់ដំបងវិញ»។

តារាសម្ដែងរូបនេះបន្ដថា ​ទោះបីជានាងបិទហាងសាឡនពិតមែន ប៉ុន្ដែមុខរបរលក់ផលិតផលថែរក្សាសម្ផស្សដែលបានដំណើរការជាយូរមកហើយនោះ  នាងនៅតែបន្ដលក់តាមរយៈ Online ដោយនាងពុំបានបោះបង់ចោលទេ។ រីឯហាងបុកល្ហុង ដែលចំណាយទុនជិតមួយម៉ឺនដុល្លារសម្រាប់ដំណើរការនោះ នាងត្រូវទុកឱ្យបងស្រីរបស់នាងជាអ្នកមើលការខុសត្រូវជំនួស៕

 

Advertisement