ក្រុមបេក្ខនារី Miss Global ជាប់ចិត្តអាហារខ្មែរនៅក្នុងភោជនីយដ្ឋាន One More

កាលពីរាត្រី​ថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017កន្លងទៅ ភោជនីយដ្ឋាន One More មានកិតិ្តយសបានរៀបចំ និងទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមបេក្ខនារី Miss Global 2017 ដើម្បីភ្លក្សរសជាតិម្ហូបអាហារខ្មែរដ៏ឆ្ងាញ់ជាប់មាត់មិនអាចបំភ្លេចបាន ក្នុងព្រឹត្តការណ៍លំដាប់ពិភពលោកមួយនេះ ដែលបានរៀបចំជាពិសេស និងសម្រិតសម្រាំងស្នាដៃដោយចុងភៅឯកប្រចាំភោជនីយដ្ឋាន រួមមានអាហារ និងភេសជ្ជៈជាច្រើនមុខផងដែរ។

កាន់តែពិសេសជាងនេះទៅទៀត ក្រុមបេក្ខនារីបវរកញ្ញាទាំង 65 រូបដែលមកពីបណ្ដាប្រទេសនានាបានទទួលនូវឱជារសម្ហូបអាហារដែលចម្អិនពីបន្លែធម្មជាតិដែលពុំ​ធ្លាប់បាន​ទទួលទាន​ពីមុនមក ព្រមទាំងមានការទទួល និងសាទរយ៉ាងរាក់​ទាក់ពីសំណាក់ភ្ញៀវគាំទ្រអាហារនៅទីនោះក្នុងការថតរូបសែលហ្វីជាមួយគ្នាទៀតផង​។

ជំនួយការអ្នកគ្រប់គ្រងភោជនីយដ្ឋាន One More លោក ម៉េង ហុង បានប្រាប់អ្នកសារព័ត៌មានឡារ៉ែន ឱ្យដឹងថា ដោយសារតែនៅក្នុងភោជនីយដ្ឋាន One More មានបម្រើជូននូវសេវាកម្មម្ហូបអាហារខ្មែរ និងធ្លាប់មានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងរាជធានីភ្នំពេញនេះ ពោលគឺមិនថាតែម្ហូបអាហារ និងការតុងតែងរបស់ភោជនីយដ្ឋាននោះទេ គឺយើងខ្ញុំផ្ដោតសំខាន់ទៅលើរចនាប័ទ្មបែបខ្មែរ និងមានស្ដង់ដារកម្រិតអន្ដរជាតិ ដែលបើកស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្ដរជាតិទៀតផងនោះ ទើបធ្វើឱ្យហាងយើងខ្ញុំទទួលបានការគាំទ្រយ៉ាងច្រើនកុះករបែបនេះ។ បុរសសម្បុរសកូនកាត់ចិន និងជាជំនួយការអ្នកគ្រប់គ្រងហាងរូបនេះ បានបន្ដទៀតថា «​ក្រុមបេក្ខនារីបវរកញ្ញាពិភពលោក បានធ្វើដំណើរមកកាន់ប្រទេស​កម្ពុជា ប្រាកដជាចង់ភ្លក្សនូវរសជាតិអាហារប្លែកៗ រសជាតិដើមឆ្ងាញ់ៗរបស់ខ្មែរយើងជាក់ជាមិនខាន ដោយ​សារ​តែនៅទីនេះមានអាហារប្រណីតៗបែបខ្មែរយ៉ាងសម្បូរបែប យើងបានរៀបចំជាពិសេសសម្រាប់ទទួលក្រុមបរវកញ្ញាពិភពលោក ឬ Miss Global  2017 នារាត្រីតែម្ដង»។

ជាចុងក្រោយ លោកក៏បានបញ្ជាក់ប្រាប់ទៀតដែរថា ព្រោះតែការជឿទុកចិត្តពីអតិថិជនទាំងអស់ដែល​បានគាំទ្រ ចំពោះឱជារសម្ហូបអាហារ និងសេវាកម្មនៅភោជនីយដ្ឋាន One More ទើបធ្វើឱ្យអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី Miss Global  2017 ជ្រើសរើសយកទីនេះ ព្រមទាំងមានទំនុកចិត្តលើថ្វីដៃចុងភៅប្រចាំភោជនីយដ្ឋានប្រណីតមួយនេះ សម្រាប់ធ្វើការភ្លក្សអាហារជាពិសេសដែលមិនធ្លាប់មានពីមុនមក។ លោកសង្កត់ធ្ងន់បន្ថែមទៀតថា «រសជាតិអាហារបែបខ្មែរនៅក្នុងភោជនីយដ្ឋាន One More ពិតជាទាក់ទាញក្រុមបេក្ខនារីបវរកញ្ញាពិភពលោកឱ្យពិសាបានច្រើន និងសរសើរមិនដាច់ពីមាត់ទៀតផង»៕

Advertisement