ភាពយន្ដ​ខ្លី​របស់​ខ្មែរ មាន​សម្ទុះ​ខ្លាំង​ក្នុង​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ2017នេះ

នេះ​ជា​ឆ្នាំ​ទី 6 ហើយ​ដែល​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ បានរៀបចំ​ឡើង និង​ទទួលបាន​ជោគជ័យ​ខ្លាំង​បំផុត រហូតដល់​ឆ្នាំ 2017 នេះ​មានការ​គាំទ្រ​ពី​សំណាក់​ផលិតករ​បរទេស​បាន​មក​ចូលរួម​ប្រកួត​រហូតដល់​ទៅ 3,124 រឿង ជា​រឿង​ដែល​មកពី​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ទៀតផង។

គេ​សង្កេតឃើញថា ក្នុងឆ្នាំនេះ មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ក៏​ទទួលបាន​សម្ទុះ​នៃ​ការចូលរួម​ពី​ផលិតករ​វ័យក្មេង និង​ជើងចាស់​ដែលជា​ជនជាតិខ្មែរ​យើង​ដែរ ដោយបាន​ចូលរួម​ប្រកួត​ចំនួន 49 រឿង ហើយ​ជាប់​ជា​ជម្រើស​ក្នុងការ​ចាក់​ប​ញ្ជាំ​ង​នៅក្នុង​រោងភាពយន្ដ​ចំនួន 28 រឿង ព្រមទាំង​ជាប់​ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​មាន​ចំនួន 7 រឿង​ទៀតផង។

នៅ​រាត្រី​ថ្ងៃទី 25 ខែតុលា ឆ្នាំ 2017 ក្នុង​ពិធី​បើកសម្ពោធ​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ឆ្នាំ2017 នៅក្នុង​បរិវេណ​សាល​មហោស្រព​ចតុមុខ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​នៅក្នុង​ពិធី​ថា « ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការរីកចម្រើន​នៃ​វិស័យ​ភាពយន្ដ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​រីកដុះដាល​សុសសាយ​ខ្លាំង​ឡើង ហើយ​កាន់តែ​ទទួលបាន​ភាពល្បីល្បាញរ​ហូត​ដល់​បរទេស​បាន​មក​ចូលរួម និង​មានការ​ស្វែងយល់​ពីស​ន្តិ​ភាព​របស់​ប្រទេស​កម្ពុជា​យើង​ទៀតផង»។

យ៉ាងណាមិញ​លោក ជា សុខ​ហី ប្រធាន​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន ថា « ពិតជា​រំភើប​ណាស់ ! ចាប់តាំងពី​យើង​បានចាប់ផ្ដើម​មក យើង​សង្កេតឃើញថា សម្ទុះ​នៃ​ការផលិត​ភាពយន្ដ​ខ្មែរ​បាន​កើនឡើង​ខ្លាំង​មែនទែន ដូចជា​នៅក្នុង​ឆ្នាំនេះ យើង​ទទួលបាន​ជាង 3000រឿង ហើយ​អ្វីដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​គឺ រឿង​ខ្មែរ​មាន​ដល់​ទៅ 49 រឿង​ឯណោះ។ អស្ចារ្យ​មែនទែន! ភាពយន្ដ​ខ្មែរ​នៅក្នុង​ឆ្នាំ 2017 នេះ មានគុណ​ភាពល្អ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​បាន​ជាប់​ជា​ជម្រើស​យកទៅ​បញ្ចាំង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​រហូតដល់​ទៅ 3 រឿង »។

គួរបញ្ជាក់​ផងដែរ​ថា លោក ស៊ុំ ស៊ីថែ​ន ជា​អ្នកនាំពាក្យ​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា នៅក្នុង​ឆ្នាំនេះ កម្មវិធី​នៃ​ការបង្ហាញ​ស្នាដៃ​ភាពយន្ដ​ខ្នាត​ខ្លី​មាន​ចំនួន 4 កម្មវិធី ដូចជា Film Cam ( ភាពយន្ដ​ខ្លី​របស់​ក្រុម​ជំរំ​ភាពយន្ដ ) Legacy Film Lap , Family and You និង​គម្រោង​បង្ហាញ​ភាពយន្ដ​ទាំង 5 ដែល​ទទួលបាន​ជយលាភី​លេខ 1ក្នុង​រយៈពេល 5 ឆ្នាំ​ដំបូង​របស់​មហោស្រព​ភាពយន្ដ​ខ្លី​ចតុមុខ​ផងដែរ៕

Advertisement