កញ្ញា ប៊ី សុធារី អំពាវនាវដល់បងប្អូនខ្មែរជួយបោះឆ្នោតគាំទ្រ…

ថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2017 ម្សិលមិញ គឺជាថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា ហើយក៏ជាថ្ងៃដែលបវរកញ្ញាឯក ប៊ី សុធារី  ចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងពីធីប្រកួត Miss Universe 2017  ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី27 វិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

នៅព្រឹកថ្ងៃដដែលក្នុងបរិវេណសណ្ឋាគារ Naga World បវរកញ្ញាស្រស់សោភារូបនេះ បានថ្លែងទាំងក្ដីរំភើបលាយឡំជាមួយក្ដីសង្ឃឹមនៅក្នុងពិធីសន្និសីទសារព័ត៌មានថា «នាងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីទៅបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ គឺក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាល «Miss Universe» និងតាំងចិត្តបង្ហាញឲ្យអន្តរជាតិបានដឹងអំពីសម្បត្តិវប្បធម៌របស់ខ្មែរ ទំនៀមទម្លាប់របស់ប្រជាជនខ្មែរយើង ជាពិសេសទង់ជាតិកម្ពុជានឹងត្រូវបានបង្ហូតឡើងនៅលើឆាកអន្តរជាតិនៅក្នុងថ្ងៃប្រកួតនោះដែរ»។

ស្រីស្រស់ ប៊ី សុធារី បានបន្តទៀតថា រូបនាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាទាំងមូល ដើម្បីទៅចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ដែលជាព្រឹត្តិការណ៍ធំលំដាប់ពិភពលោក ខណៈដែលនេះជាលើកទី1សម្រាប់រូបនាងផ្ទាល់។ កញ្ញា ប៊ី សុធារី បានត្រៀមនូវសម្លៀកបំពាក់ចំនួន 3 ឈុតធំៗ នៅក្នុងថ្ងៃប្រកួតរួមមាន ឈុតហែលទឹក ឈុតប្រពៃណី និងឈុតរាត្រីសមោសរ។ សូមបញ្ជាក់ថា ក្នុងការដុសខាត់ និងពង្រឹងសមត្ថភាពបន្ថែម សុធារី បានធ្វើដំណើរទៅហ្វឹកហាត់នៅឯប្រទេស ហ្វីលីពីន ក្រោយពីទទួលបានជយលាភីនៅក្នុងប្រទេសនៅឆ្នាំ2016 ដើម្បីសិក្សាបន្ថែមពីការរៀបចំឥរិយាបថមុនពេលឆ្លើយសំនួរ ការដើរបង្ហាញម៉ូដលើឆាកអន្ដរជាតិ និងជាពិសេសនោះ គឺការហ្វឹកហាត់ផ្នែកភាសាអង់គ្លេស ពីសំណាក់គ្រូបង្វឹកល្បីៗ ដើម្បីដណ្ដើមយកជយលាភីឱ្យបាន។

ជាចុងក្រោយកញ្ញា ប៊ី សុធា បានលើកម្រាមដៃដប់សំពះស្នើសុំ និងសូមអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ មេត្តាជួយគាំទ្ររូបនាង នៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ព្រោះកម្មវិធីនេះមានការបោះឆ្នោតតាមរយៈបណ្ដាញប្រព័ន្ធអ៊ីនធើណិតដើម្បីបានជាប់បន្ដជា Miss Popular Vote ដែលនឹងជាប់ដោយស្វ័យប្រវត្តិទៅវគ្គចុងក្រោយ។ ដូច្នេះសូមចូលរួមបោះឆ្នោតលើកទឹកចិត្តដល់រូបនាងទាំងអស់គ្នាផង។

   សូមបងប្អួនខ្មែរទាំងអស់ កុំភ្លេចបោះឆ្នោតជូនបវរកញ្ញាឯកចក្រវាល ប៊ី សុធារី  តំណាងប្រទេសកម្ពុជា ទាំងអស់គ្នា!!!៕

Advertisement