នារីម៉ូដែលកូរ៉េ ចំណាយប្រាក់ផ្ទាល់ខ្លួនរាប់លាន រៀបការជាមួយតារាថៃប្រុសសង្ហា

បើតាមសារព័ត៌មាន Mthai ដែលបានចេញផ្សាយនៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2017 នេះ បានឱ្យដឹងថា នារីម៉ូដែលមានឈ្មោះល្បីនៅប្រទេសកូរ៉េ បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់រាប់លានបាត ដើម្បីរៀបចំពិធីរៀបមង្គលការជាមួយតារាសម្ដែងថៃប្រុសស្រស់សង្ហា ទាំងខ្លួននាងមិនបានទទួលបណ្ណាការពីសាមីកូនកំលោះសូម្បីតែបន្តិចឡើយ ដោយខាងកូនកំឡោះបានអះអាងប្រាប់អ្នកសារព័ត៌មានថៃថា នេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសកូរ៉េ។

កូនក្រមុំមានឈ្មោះថា ប៉ាក ហ្យុន ស៊ុន(Park Hyun Sun) មានវ័យ 35 ឆ្នាំ ជាជនជាតិកូរ៉េ មានអាជីពជាតារាបង្ហាញម៉ូដ បានរៀបការជាមួយតារាថៃប្រុស លោក អួន រ៉ាំងស៊ីត នៅថ្ងៃទី5 ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ​។ លោក អួន រ៉ាំងស៊ីត បានប្រាប់អ្នកសារព័ត៌មានថៃថា  «ចំពោះរឿងបណ្ណាការ គឺសំណាងល្អខ្លាំងណាស់ ខាងស្រីមិនបានទាមទារអ្វីឡើយ ព្រោះមិនធ្លាប់មានពិធីបែបនេះពីមុនមកនៅប្រទេសគេ ។ ខាងស្រីបានប្រាប់ថា ជាធម្មតាសម្រាប់កូនប្រុសដែលគេត្រៀមខ្លួនចូលមកនៅផ្ទះខាងស្រី  ខាងស្រីជាភរិយាត្រូវតែត្រៀមអ្វីៗក្នុងរឿងទទួលកូនប្រុសបែបនេះហើយ  ហើយខាងស្រីថែមទាំងបានប្រាប់ទៀតថា នាងគ្រោងនឹងទិញគ្រឿងសង្ហារិមថ្មីៗសម្រាប់ទទួលរូបខ្ញុំទៀតផង តែខ្ញុំបានបដិសេធ»។

គួរបញ្ជាក់ផងដែរថា តារាម៉ូដែលនាង ប៉ាក ហ្យុនស៊ុន មិនបានបកស្រាយរឿងនេះបញ្ជាក់បន្ថែមឡើយ ដោយគ្រាន់តែបានឱ្យដឹងថា នាងពិតជាបានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងការរៀបអាពាហ៍ពិពាហ៍នេះពិតប្រាកដមែន៕

Advertisement