តារា​ភាព​យន្ត​កំប្លែង​ល្បី​ឈ្មោះ​នៅ​ហុងកុង Richard Ng បាន​ទទួលមរណភាព

លោក​ Richard Ng Yiu-hon ដែលជា​តារា​សម្ដែង​ប្រភេទ​កំប្លែង​ដ៏​ល្បីឈ្មោះ​នៅ​ហុងកុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1980, 1990 បានទទួល​មរណភាព​កាលពី​ថ្ងៃទី 09 មេសា ដោយ​រោគា​ពា​ធ។

យោងតាម​ទំព័រ HK01 តារាភាពយន្ត​រូបនេះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​វ័យ 84 ឆ្នាំ ក្រោយពី​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​លាង​ឈាម​ដើម្បី​ព្យាបាល​ជំងឺ​ខ្សោយតម្រងនោម។ គាត់​ក៏​ធ្លាប់​ទទួល​ការវះកាត់ ព្រោះតែ​ស្ទះ​សរសៃឈាម​បេះដូង។

លោក Richard Ng Yiu-hon (ឬ Richard Woo) គឺជា​​តារា​សម្ដែង​បែប​កំប្លែង​ល្បីឈ្មោះ​មួយរូប​នៅ​ហុងកុង និង​បាន​សម្ដែង​ក្នុង​ខ្សែ​ភាព​ចំនួន​ជាង 100 រឿងនៅក្នុង​អាជីព​។

ទំព័រ On បានឱ្យដឹងថា ដោយសារតែ​សម្ដែង​បាន​ច្រើន​រឿង ទសវត្សរ៍​ឆ្នាំ 1980 ទ្រព្យសម្បត្តិ​របស់លោក Richard Ng ក៏បាន​កើនឡើង​លើសពី 100 លាន​ដុល្លារ​ហុងកុង (12.7 លាន​ដុល្លារ​អាម៉េរិក)។ ប៉ុន្តែ ចាប់ពី​ឆ្នាំ 2019 លោក​ក៏បាន​ឈប់​សម្ដែង ព្រោះតែ​កម្លាំង​ខ្សោយ។

លោក Richard Ng ធ្លាប់​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ពីរលើក ក្នុងនោះ​ភរិយា​ដំបូង​គឺ​ជនជាតិ​អង់គ្លេស តែ​បាន​លែងលះ​ក្រោយពី​រស់នៅ​ជាមួយគ្នា​បាន​កន្លះ​ឆ្នាំ។ ឆ្នាំ 1965 គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នកស្រី Susan និង​មានកូន​បូ​ន​នាក់ ក្នុងនោះ​មាន​ស្រី​បីនាក់ និង​ប្រុស​ម្នាក់។

Advertisement