ភាពយន្ត​រឿង «Missing» ប្រាប់ថា ព័ត៌មាន​សម្ងាត់​របស់​អ្នក «អាច​ត្រូវគេ​លួចបាន​ដោយ​ងាយ»

និស្សិត​ស្រីម្នាក់​ឈ្មោះ June ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ និង​កុំព្យូទ័រ​យួរដៃ​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​ដើម្បី​ស្វែងរក​ម្ដាយ​ដែល​បាន​បាត់​ខ្លួន​នៅពេល​ដើរទេស​ចរណ៍​នៅ​បរទេស​ក្នុង​ភាពយន្ត​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា «Missing»។

«Missing» គឺជា​ខ្សែភាពយន្ត​របស់​​ផលិត​ករភាពយន្ត​មួយក្រុម​ដែល​ធ្លាប់បាន​ទទួលជោគជ័យ​ជាមួយនឹង​គម្រោង​ភាពយន្ត «Searching (2018)» នោះ​គឺ Aneesh Chaganty, Will Merrick និង Nick Johnson។ សាច់រឿង​របស់ «Missing» និយាយ​ពី​សិ​ស្ស​ស្រី​ម្នាក់​ឈ្មោះ June Allen (សម្ដែង​ដោយ Storm Reid) រើ​ទៅ​រស់នៅក្នុង​ទីក្រុង Los Angeles ជាមួយ​ម្ដាយ Grace Allen (Nia Long) បន្ទាប់ពី​ឪពុក​នាង​បាន​ស្លាប់។ នៅពេល​ជិត​ពេញវ័យ June ប្រែជា​មិន​ស្និទ្ធស្នាល​ជាមួយ​ញាតិសន្ដាន ហើយ​ពេលវេលា​ភាគច្រើន​របស់​នាង​គឺ​ការ​នៅ​ជាមួយ​មិត្ត​ភ័ក្ដិ និង​ឧបករណ៍​បច្ចេកវិទ្យា។

ថ្ងៃមួយ Grace Allen មាន​មិត្ត​ប្រុស​ថ្មី​ឈ្មោះ Kevin (Ken Leung) តាមរយៈ​អែប​ណាត់គ្នា។ អ្នក​ទាំងពីរ​សម្រេចចិត្ត​ធ្វើដំណើរ​ទេសចរណ៍​នៅ Colombia ហើយក៏​បាន​បាត់​ខ្លួន។ នៅផ្ទះ​ម្នាក់ឯង June ចាប់ផ្ដើម​តាមដាន ស្រាវជ្រាវ​លើ​អ៊ី​ន​ធើ​ណិ​ត​ដោយ​ការ​លួច​ចូល​គណនី​បណ្ដាញ​សង្គម​របស់​ម្ដាយ និង Kevin ដើម្បី​ស្វែងរក​ទីតាំង​ដែល​ពួកគេ​បាន​ទៅ។ June ក៏បាន​រកឃើញ​អាថ៌កំបាំង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាក់ទង​នឹង​អតីតកាល​របស់​គ្រួសារ​នាង។

ភាព​យន្តនេះ​បង្ហាញ​ពី​បច្ចេកវិទ្យា​ដែល​មនុស្ស​កំពុង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

ដូច​ទៅនឹង «Searching» ភាគ​យន្ត​រឿង «Missing» បន្ត​នាំមក​នូវ​រឿងរ៉ាវ​គួរ​ភ្ញាក់ផ្អើល​ជាច្រើន​ទាក់ទង​នឹង​បច្ចេកវិទ្យា ក៏ដូចជា​បញ្ហា​ពិបាក​ដោះស្រាយ​ជាច្រើន។ ក្រុម​អ្នក​ផលិត​រឿង​បាន​បញ្ចូល​កត្តា​បច្ចេកវិទ្យា​ទៅក្នុង​សាច់រឿង​ប្រកបដោយ​ភាព​ប្រទាក់ក្រឡា។ ទស្សនិកជន​នឹង​បានឃើញ​​សប​វ៉ែ​រ និង​កម្មវិធី​ដែល​គេ​ប្រើ​រាល់ថ្ងៃ ក្នុងនោះ​មាន​ទាំង Facebook, Instagram ឬ​ជំនួយការ​និម្មិត Siri ជាដើម​នៅក្នុង​ខ្សែភាពយន្ត​នេះ។ June អាច​តាមដាន​ម្ដាយ​​នាង​ដោយការ​​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ ឬ​តារាង​ស្ថិតិ​នៃ​​ទីតាំង​ដែល​បាន​ដើរ​ឆ្លងកាត់​របស់ Google Maps។

ក្រៅពី​រឿងរ៉ាវ​បំបែកសំណុំរឿង​របស់ June សាច់រឿង​ក៏​ទាក់ទាញ​ចំណាប់អារម្មណ៍​ផងដែរ​ដោយមាន​ខ្លឹមសារ​ស្ដីពី​ការការពារ​ទិន្នន័យ និង​សុវត្ថិភាព​លើ​អ៊ី​ន​ធើ​ណិ​ត។ ដោយ​គ្រាន់តែ​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ឆ្លាត​វៃ June អាច​ចូល​គណនី​អ៊ី​មេ​ល បណ្ដាញ​សង្គម​របស់​ម្ដាយ​នាង និង Kevin បាន​ដោយ​ងាយ។ ទស្សនិកជន​នឹង​ភ្ញាក់ផ្អើល​នៅពេល​ដឹងថា ព័ត៌មាន​សម្ងាត់​​ផ្ទាល់ខ្លួន​ងាយ​នឹង​ត្រូវគេ​លួចបាន​ បើសិន​មិន​យកចិត្តទុកដាក់​លើ​ការការពារ។

រឿង «Missing» ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ក្រុម​អ្នកវាយតម្លៃ​អន្តជាតិ

ក្រុម​អ្នក​ផលិត​បានទទួល​ជោគជ័យ​ក្នុងការ​អូសបន្លាយ​ការចង់​ដឹង​របស់​ទស្ស​និក​ជន​ដោយ​ការបង្កើត​បញ្ហា​ពិបាក​ដោះស្រាយ។ June អាច​តាមរក​ដាន​​ម្ដាយ​នាង​ដោយ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តែប៉ុណ្ណោះ។ ដូច្នេះ ចំណុច​ដ៏​តូច​មួយ​ក៏​ត្រូវបាន​ក្រុម​អ្នកដឹកនាំ​រឿង​ធ្វើ​ឱ្យទៅជា​តម្រុយ​សំខាន់​ដើម្បី​ស្វែងរក។

រឿង «Missing» ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ក្រុម​អ្នកវាយតម្លៃ​អន្តជាតិ ដោយ​ទទួលបាន​ពិន្ទុ 86% ក្នុងចំណោម​ការវាយតម្លៃ​សរុបចំនួន 110 លើក នេះ​បើតាម Rotten Tomatoes។ ភាគច្រើន​យល់ថា ក្រុម​អ្នក​ផលិត​ជោគជ័យ​ក្នុងការ​ធ្វើឱ្យ​ទស្សនិកជន​ត្រូវផ្ដោត​អារម្មណ៍​តាមដាន និង​រង់ចាំ​ការ​ស្រាយ​អាថ៌កំបាំង។ ក៏ប៉ុន្តែ អ្នកវាយតម្លៃ​ខ្លះ​​យល់ថា ចង្វាក់​ប្រទាក់ក្រឡា​គ្នា​នៅ​ក្នុង​​ភាពយន្ត​នេះ «លឿន​ពេក» ហើយ​សាច់រឿង​នៅមាន​ចន្លោះប្រហោង​មួយចំនួន៕

Advertisement