ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវរឹបរថយន្ដឡិចស៊ីស 470 ពាក់ព័ន្ធនឹងលុយ3 ម៉ឺនដុល្លារ

នៅរសៀលថ្ងៃទី3 ខែមករា ឆ្នាំ 2018 មុននេះបន្ដិច ម្ដាយរបស់តារាស្រី សារ៉ាយ សក្ខណា ត្រូវបានមន្ត្រីប៉ូលិសតុលាការសាលាដំបូងរាជធានីភ្នំពេញ រឹបអូសតម្កល់ទុករថយន្ដឡិចស៊ីស 470 សេរ៊ីថ្មី ព័ណ៌ទឹកប្រាក់ ស្លាកកលេខ 2AJ 5488 ដោយសារ ជាប់ពាក់ព័ន្ធនឹងរឿងលុយបំណុល 3ម៉ឺនដុល្លារ។ រហូតមកទល់នឹងម៉ោងនេះ រថយន្តរបស់អ្នកស្រី ផាន់ សម្ផស្ស ដែលជាម្ដាយរបស់ តារាសម្ដែង សារ៉ាយ សក្ខណា ត្រូវបានតុលាការឃាត់ទុក ខណៈអ្នកស្រី បានបើករថយន្តមកឲ្យតុលាការតម្កល់ទុកដោយផ្ទាល់តែម្ដង ហើយពេលនេះមិនទាន់សុំការបកស្រាយនៅឡើយទេ។

ប្រភពពីមន្ត្រីប៉ូលិសតុលាការសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា « រថយន្តរបស់អ្នកស្រី សម្ផស្ស ម្ដាយអ្នកនាង សារ៉ាយ សក្ខណា ត្រូវបានតុលាការរឹបអូសតាមបណ្ដឹងរបស់ អ្នកស្រី ឃុត ស្រីមុំ បន្ទាប់ពីអ្នកស្រីខ្ចីលុយចំនួន 3ម៉ឺនដុល្លារ ហើយមិនសងទាំងដើម និងការប្រាក់ មកទល់នឹងឈានដល់ការរឹបអូសនេះ»។

ប្រភពដដែលបានថ្លែងបន្តថា «អ្នកស្រីសម្ផស្ស បានយករថយន្តដែល បានបង់រំលោះនៅឃ្លាំងរថយន្ត យីហោ A5 យកមកបញ្ចាំអ្នកស្រី ឃុត ស្រីមុំ កាលពី 1ឆ្នាំមុន តែដោយមានការយោគយល់ អ្នកស្រី ឃុត ស្រីមុំ ម្ចាស់ចងការប្រាក់ ក៏បានប្រគល់រថយន្តឲ្យយកមកប្រើមួយរយៈ។ អ្នកស្រី មិនបានបង់ការប្រាក់ និងមិនដោះស្រាយបំណុលរយៈពេលយូរមកហើយ ទើបឈានដល់ការដាក់បណ្ដឹង ហើយដោយមានការតវ៉ា ទើបឈានដល់ការស្នើឲ្យតុលាការរឹបអូស យករថយន្តរបស់អ្នកស្រី មកតម្កល់ទុកនៅតុលាការ នៅរសៀលថ្ងៃទី3 មករានេះ»៕

Advertisement