សារព័ត៌មានវៀតណាមថា៖  សាន ស្រីឡៃ ត្រូវអតីតស្វាមីប្រមាថ ទោះជាបានលែងគ្នាហើយក៏ដោយ

នៅព្រឹកថ្ងៃទី17 ខែតុលា ឆ្នាំ2017នេះ សារព័ត៌មានវៀតណាម Kenh14 បានរាយការណ៍ថា មរណភាពរបស់តារាចម្រៀងកម្ពុជា ដែលជាអតីតបេក្ខភាពប្រឡងកម្មវិធីលំដាប់អន្ដរជាតិ The Voice Cambodia រដូវកាលទី2 គឺអ្នកនាង សាន ស្រីឡៃ គឺជាសោកនាដកម្មដ៏ក្តៅគគុក ដ៏ឃោឃៅ និងដ៏គួរឱ្យភ័យរន្ធត់បំផុត។

សារព័ត៌មានខាងលើបានអះអាងថា តាមរយៈមិត្តជិតស្និទ្ធរបស់ស្រីឡៃ គឺដារ៉ា បាននិយាយ​បន្ថែមអំពីអ្នកនាងថា ស្រីឡៃ ជាមនុស្ស​រួសរាយរាក់ទាក់ ប៉ុន្តែនាងតែងតែត្អូញត្អែរអំពីប្តី​របស់នាងឈ្មោះ រិន។ នាងធ្លាប់បាននិយាយ​ថា «ប្តីរូបនោះមិនចង់ឲ្យនាងចូលរួមប្រឡងចម្រៀងនោះទេ និងចាប់តាំងពីនាង​បានចូលរួមប្រកួត The Voice មក ប្តីរបស់នាងតែងតែជេរប្រមាថនាងរហូត ទោះបីជាបានលែងលះគ្នាហើយក៏ដោយ ក៏រូបគេ​តែងតែមករំខាននាងជានិច្ច»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារាចម្រៀង សាន ស្រីឡៃ មានកូនពីរនាក់ ប្រុសទាំងពីរ ម្នាក់អាយុ8ឆ្នាំ ម្នាក់អាយុ6ឆ្នាំ ចំណែកម្តាយជាស្រ្តីមេម៉ាយ។ ខ្មាន់កាំភ្លើងជាអតីតប្តីរបស់អ្នកនាង សាន ស្រីឡៃ ដែលបច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន អាយុ៥៣ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយភ្លាមៗដែរ៕

 

Advertisement