ផ្អែមល្ហែមយ៉ាងនេះ !! នៅ ស៊ីនឿន បង្ហើបប្រវត្តិស្នេហាជាមួយគូដណ្ដឹង អានហើយលើសជាតិស្ករ

តារាចម្រៀងនៅទ្រនំហង្សមាស លោក នៅ ស៊ីនឿន ក៏បានរៀបរាប់ឱ្យដឹងពីប្រវត្តិស្នេហ៍ដែលនាំឱ្យលោក និងគូដណ្ដឹងបានទាក់ទងគ្នារហូតឈានដល់ថ្ងៃដ៏មង្គល នឹងប្រកាសរៀបការរហូតដល់ចុងឆ្នាំ2019។

លោកបានរៀបរាប់ក្នុងថ្ងៃភ្ជាប់ពាក្យយ៉ាងអធឹកអធមកាលពីថ្ងៃទី27 ខែធ្នូ ថា ហេតុផលដែលនាំឱ្យលោក និងកញ្ញា ដូមីនិក ស្រឡាញ់គ្នា គឺដោយសារតែកាលពីដើមឆ្នាំ2018 ក្នុងពេលដែលឡើងទៅច្រៀងលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក ក៏បានជួបនាង ហើយសារតែសម្រស់ និងភាពរួសរាយរាក់ទាក់របស់នាង ក៏ធ្វើឱ្យលោកកត់សម្គាល់ និងតាមសុំស្គាល់។ លោកថាខ្លួនរមែងឆាតសួរសុខទុក្ខ និងបង្កបរិយាកាសរីករាយឱ្យនាងជាប្រចាំ រហូតដល់អំឡុងខែមេសាក្នុងឆ្នាំ2018ដដែល លោកក៏មានឱកាសទៅច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកម្ដងទៀត ហើយក៏កាន់តែជិតស្និទ្ធិជាមួយនាង និងឈានដល់ការចែចូវដល់ចាស់ទុំតែម្ដង។

លោកនិយាយថាខ្លួនស្គាល់នាងតែប៉ុន្មានខែប៉ុណ្ណោះ ក៏ហ៊ានសារភាពថាស្រឡាញ់ និងចង់បាននាងជាភរិយា ហើយក្នុងពេលជួបនាងម្ដងទៀតនៅអាមេរិក ក៏សុំស្ដីដណ្ដឹងនាងតែម្ដង ដោយសារតែមាននិស្ស័យ និងការដក់អារម្មណ៍ខ្លាំងឡើង។ យ៉ាងណាមិញ បើទោះជាបានស្រឡាញ់ និងយល់ចិត្តគ្នាមិនចាញ់ពីអ្នកស្រឡាញ់គ្នាច្រើនឆ្នាំយ៉ាងនេះក្ដី តែលោកប្រកាសថារហូតគម្រប់មួយឆ្នាំនៃការភ្ជាប់ពាក្យទើបសម្រេចចិត្តរៀបការ។ នោះគឺដោយសារតែនាងចង់ទុកពេលបង្កើនជំនាញសាឡនរបស់នាងឱ្យកាន់តែស្ទាត់សិន ស្របគ្នាដែលនាងទើបតែមានវ័យ21ឆ្នាំ ដោយចង់រៀបការក្នុងវ័យ22ឆ្នាំច្រើនជាង៕

Advertisement