Shakira «រា​ជនី​ចម្រៀង World Cup» នឹង​ច្រៀង​នៅ កាតា ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការប្រកួត

តារាចម្រៀង​ស្រី នាង Shakira ត្រូវបាន​គេ​ដាក់ឈ្មោះ​ឱ្យ​ថា «រា​ជនី​ចម្រៀង World Cup» ជាមួយនឹង​បទ​ចម្រៀង​ដ៏​ល្បីល្បាញ «Hips don’t lie Bamboo», «Waka Waka» និង «La la la»។

តារាចម្រៀង​ស្រី​រូបនេះ​នឹង​ច្រៀង​នៅក្នុង​ពិធី​បើក​ការប្រកួត World Cup 2022 នៅ​ទីលាន​ប្រកួត Al Bayt របស់ ប្រទេស​កាតា នៅ​ថ្ងៃទី 20 វិច្ឆិកា 2022 ខាងមុខ។ យោងតាម​ទំព័រសារព័ត៌មាន Musicmundial ស្ថាប័ន FIFA បាន​អញ្ជើញ Shakira មក​ច្រៀង ដោយសារតែ​បណ្ដា​បទ​ចម្រៀង​ដែល FIFA បាន​បញ្ចេញ​កន្លងមក មិន​ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក។

Hayya Hayya (Better Together) ជា​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ Trinidad Cardona, Davido និង Aisha មាន​អ្នក​ចូល​មើល​តែ 29 លាន​លើក (16 វិច្ឆិកា 2022) បន្ទាប់ពី​បាន​បង្ហោះ​លើ​បណ្ដាញ Youtube រយៈពេល 7 ខែ ហើយ FIFA ក៏​ទទួលបាន​ការស្នើ​ឱ្យប្រើ​ប្រាស់​បទ Waka Waka របស់ Shakira ឡើងវិញ។

យោងតាម Billboard តារាចម្រៀង Shakari បានបង្ហាញ​អំពី​ឥទ្ធិពល​ជាមួយនឹង World Cup តាមរយៈ​បទ​ចម្រៀង​ជា​និមិត្តរូប​មួយចំនួន​ដែល​តារាចម្រៀងក្រោយៗពិបាក​យកឈ្នះ។ ទំព័រសារព័ត៌មាន Rolling Stone យល់ថា រូបមន្ត​ជោគជ័យ​នៅក្នុង​ផលិតផល​របស់ Shakira គឺ ចង្វាក់ភ្លេង​បែប catchy tune ដ៏​គគ្រឹកគគ្រេង ស៊ិ​ច​ស៊ី រួម​នឹង​ភាពល្បីល្បាញ​របស់​នាង។

Shakari ចាប់ផ្ដើម​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង World Cup ចាប់ពី​ឆ្នាំ 2006 ជាមួយនឹង​បទ Hips don’t lie/Bamboo។ ខុស​ពីបទ​ចម្រៀង​ដែល​បានជ្រើសរើស​ជា​ផ្លូវការ​របស់​ឆ្នាំ​នោះ The time of our lives របស់ Shakari បានធ្វើឱ្យ​កក្រើក​បរិយាកាស​នៅ​ទីលាន​ប្រកួត​របស់ ប្រទេស​អាល្លឺម៉ង់ នាពេលនោះ។

«រាជនីចម្រៀង World Cup» នាង Shakira

ក្នុង​កិច្ច​សម្ភាស​មួយ Shakari បានឱ្យដឹងថា បទ​ចម្រៀង The time of our lives ខាងលើ​ត្រូវបាន​ដាក់ឈ្មោះ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ការជជែក​គ្នា​លេង​របស់​នាង​ជាមួយនឹង​តារាចម្រៀង​ដទៃ។ នាង​បកស្រាយ​ថា «ចង្កេះ​របស់ខ្ញុំ​នឹងមិន​ដែល​និយាយ​កុហក់​ឡើយ។ បើសិន​វា​មិន​គ្រលែង គឺ​មានន័យថា បទ​ភ្លេង​នេះ​មិនទាន់​បានល្អ​ត្រឹមត្រូវ»។

Shakra បាន​ច្រៀង និង​សម្ដែង​បទ Hips don’t lie នៅក្នុង​ពិធី​បើក​ការប្រកួត World Cup 2006 នៅ Munich និង​មុន​ការប្រកួត​ចុងក្រោយ​នៅ បែរ​ឡាំង ហើយ​ទាក់ទាញ​ការចូល​មើល​បាន 500 លាន​នាក់​នៅលើ Youtube  និង 700 លាន​នាក់​មើល​តាម​ទូរទស្សន៍​កាលណោះ។ ឆ្នាំ 2021 Time Out New York បាន​ចាត់ Hips don’t lie ទៅក្នុង​ចំណាត់ថ្នាក់​ទី 11 ស្ដី​ពីបទ​ចម្រៀង​ប៉ប់​ដែល​ពីរោះ និង​អស្ចារ្យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។

បួន​ឆ្នាំ​ក្រោយមក Shakira ក៏បាន​ច្រៀង​បទ​ចម្រៀង​ផ្លូវការ Waka Waka របស់ World Cup នៅ អាហ្វ្រិក​ខាងត្បូង។ មនុស្ស​ជាច្រើន​នៅ អាហ្វ្រិក យល់ថា ការជ្រើសរើស Shakira គឺជា​រឿង​មិន​សមស្រប ហើយ​នាង​គួរតែ​ទុក​ឱកាស​នេះ​ឱ្យ​តារាចម្រៀង​ក្នុងស្រុក។ ប៉ុន្តែ ភាព​ទាក់ទាញ​របស់ Waka Waka បាន​បញ្ជាក់ថា ការជ្រើសរើស Shakira គឺជា​រឿង​ត្រឹមត្រូវ​បំផុត។

ចំណែក​បទ La la la របស់ World Cup 2014 នៅ ប្រេ​ស៊ី​ល ដែលជា​បទ​ទី​ពីរ​របស់​រដូវ​កាល និង​ត្រូវបាន​ច្រៀង​ដោយ Shakira ក៏​មិន​អន់​ឡើយ៕

Advertisement