មិនធម្មតាមែន! មីក្រូហ្វូន Beyonce មួយដេញថ្លៃបានដល់តម្លៃ ១១០០០ដុល្លារ

ពិតជាភ្ញាក់ផ្អើលណាស់នៅពេល Beyonce បញ្ចេញមីក្រូហ្វូនមួយដែលមានតម្លៃថ្លៃកប់ពពក ក្នុងការដេញថ្លៃ។ កាលពីថ្ងៃអង្គារ៍ តារាចម្រៀង Beyonce បានបង្ហាញមីក្រូនហ្វូនផ្ទាល់ខ្លួនរបស់នាង ដែលធ្លាប់សម្ដែងនៅលើឆាកតន្ដ្រី Formation World Tour និងកម្មវីធី Grammys ក្នុងតម្លៃថ្លៃបំផុតបានដល់ទៅ ១១០០០ ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយរបស់ Daily Mail នៅថ្ងៃទី ០៣ ខែ​ឧសភា ឆ្នាំ២០១៧។

ការដេញថ្លៃនេះត្រូវបានប្រារព្ធធ្វើឡើងនៅសប្ដាហ៍នេះ នៅអាគារ Wearable Art Gala ក្នុងទីក្រុង LA ដែលកម្មវិធីនេះជាគំនិតផ្ដួចផ្ដើមរបស់ម្ដាយតារាស្រី Beyonce លោកស្រី Tina Knowles-Lawson។ នៅទីបញ្ចប់ការដេញថ្លៃចុងក្រោយបានទៅលើ អ្នកស្រី CeCe Hendriks ហើយអ្នកស្រីបានបង្ហោះរូបនៅលើបណ្ដាញអ៊ីនស្ដារក្រាម (Instagram) ផ្ទាល់ខ្លួន ថែមទាំងពោលពាក្យថា “ជីវិតនាងខ្ញុំប្រៀបបានដូចមាសមួយដុំនេះ” ។

គួរបញ្ជាក់ផងដែរថា ស្រ្ដីដែលទទួលជ័យជំនះក្នុងការដេញថ្លៃបានពោលទាំងចិត្តត្រេកអរ និងរំភើបថា “នាងសប្បាយចិត្តបំផុតនៅពេលបានទទួលមីក្រូហ្វូននេះ ពីព្រោះនាងធ្លាប់បានបាត់បង់ឱកាសទទួលបានវាម្ដងហើយ ខណៈដែលឃើញ Beyonce នៅឯ Coachella ។ នេះតាមការអះអាងប្រាប់គេទំព័រ TMZ ៕

Advertisement