សារ៉ាយ សក្ខណា ក្តាប់ឱកាសកើបប្រាក់ក្រៅប្រទេស ក្រោយពីអាជីវកម្មនឹងថឹង

ភ្នំពេញៈ តារា​សម្តែង​ស្រី​​សម្បុរ​ស្រអែម​ ញញឹម​ស្រស់ អ្នក​នាង សារ៉ាយ សក្ខ​ណា ដែល​​ស្វាមី​​ជា​​​​អាណិក​ជន​​​​អាមេរិក​​​​មាន​​ដើម​ទុន​​រាប់​សិប​ម៉ឺន​​ដុល្លារ ដែល​​ទើប​តែ​បើក​ហាង​កែ​សម្ផស្ស XENO ​ ​ហើយ​មមាញឹក​ការ​​ងារ​រក​​​​​​ស៊ី​​ខ្លាំង​​សឹង​តែ​ផ្តាច់​​ខ្លួន​ចេញ​ផុត​ពី​ការ​ងារ​សិល្បៈ​​ទៅ​ហើយ​​​នោះ ឥឡូវ​​ក៏​​​​ស្រាប់​តែ​ចាប់​បាន​ឱកាស​​​កើប​​​​​​​ប្រាក់​ពី​វិស័យ​សិល្បៈ​សា​ជា​ថ្មី​ឡើង​វិញ​ ដោយ​​នាង​នឹង​ត្រូវ​ចេញ​ទៅ​សម្តែង​​នៅ​​​​ប្រទេស​អូស្រ្តាលី​​នា​​​ថ្ងៃ​ទី​​៥ ខែ​ ៥ ​ខាង​មុខ​នេះ​។​​

ឱកាស​ចាក​ចេញ​ទៅ​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ​នោះ ក្រៅ​ពី​តារា​សម្តែង​ស្រី ដែល​មាន​ស្វាមី​ជា​​មេធាវី​អាណិក​​​ជន​មកពី​សហ​រដ្ឋ​អាមេរិក លោក កែវ មន្រ្តី​​ និង​បាន​ពង្រីក​ការ​ងារ​រក​ស៊ី​ជូន​​ម្តាយ​គឺ​ហាង​ស៊ុប យី​ហោ «Sakhana Family Soup» ស្ថិត​នៅ​ក្បែរ​ភោជនីយដ្ឋាន​ហេង​ហេង ម្ដុំ​ទួលគោក​នោះ ក៏​​ឃើញ​​​វត្តមាន​​តារា​​​ចម្រៀង​ស្រី​ពីរ​ដួង​ទៀត​​ចូល​រួម​ដែរ​មាន​តារា​ចម្រៀង​ស្រី​​អ្នកនាង ឈួន ស្រី​ម៉ៅ និង​​អ្នកនាង យ៉ាន លីន​ដា ដែល​អតីត​ជា​ភរិយា​របស់​លោក​ យ៉ែម សំអូន​។ ​

យ៉ាង​ណា​គេ​ក៏​មិន​បាន​ដឹង​ច្បាស់​ការ​​សម្តែង​​​មាន​​ប៉ុន្មាន​ថ្ងៃ ក្នុង​គោល​ដៅ​អ្វី និង​ត្រូវ​វិល​ត្រឡប់​​មក​វិញ​​​ពេល​​ណា​​ដែរ ខណៈ​ពេល​​នេះ​​តារា​សម្តែង​ស្រី​​បាន​ថត​ឈុត​កុន​បញ្ចប់​រឿង «ក្រមុំ​កូន១» ដែល​នៅ​​សល់​​ឲ្យ​ផលិត​​កម្ម ​Red Picture​ និង​កុន​ថ្មី​ពីរ​រឿង​ឲ្យ​​ផលិតកម្ម​ពីរ​ផ្សេង​គ្នា​​​ នា​ពេល​អម​ដំណើរ​ស្វាមី​រក​ទី​កន្លែង​បើក​​​​​ហាង​កែ​សម្ផស្ស​ កំពុង​តែ​រួម​រស់​ជុំ​ស្វាមី​នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ មិន​អាច​ទំនាក់​ទំនង​សាក​សួរ​បាន​ឡើយ។ តែ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី ផាន់ សម្ផស្ស ជា​ម្តាយ​របស់​តារា​សម្តែង​ស្រី​ សារ៉ាយ ស​ក្ខិ​ណា បង្ហើប​ប្រាប់​ថា៖ «ការ​សម្តែង​នោះ​ដូចជា​ត្រូវ​បាន​សមាគម​ខ្មែរ​នៅ​អូស្រ្តាលី​អញ្ជើញ​គាត់ [សក្ខណា] ទៅ​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ដែរ​ថា មាន​ចំនួន​ប៉ុន្មាន​ថ្ងៃ តែ​ដូចជា​ឮ​ថា ​មាន​រយៈ​ពេល​មិន​​​យូរ​​ឡើយ​​គឺ​ប្រហែល​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​​​»។ អ្នក​ស្រី ផាន់ សម្ផស្ស ក៏​បាន​ប្រលយ​ឲ្យ​ដឹង​​បន្ត​ថា៖ «​គាត់​មិន​ប្រាប់​ថា នឹង​ត្រូវ​មក​ស្រុក​ខ្មែរ​វិញ​សិន​នោះទេ ប្រហែល​​ជា​គាត់​ចេញ​ដំណើរ​ពី​អាមេរិក​ឆ្ពោះ​ទៅកាន់​​ប្រទេស​អូស្រ្តាលី​ តែ​ម្តង​ហើយ​មើល​ទៅ។ ​ឯ​​រឿង​​​មើល​​ការ​ខុស​ត្រូវ​លើ​ហាង​កែ​សម្ផស្ស​ ដែល​ពី​មុន​គ្មាន​អ្នក​​មើល​នោះ ឥឡូវ​នេះនាង​ដូចជា​រក​បាន​​អ្នក​​​​មើល​​ការ​ខុស​ត្រូ​វ​​ជំនួស​ហើយ​​ដែរ​ ទើប​បាន​ជា​នាង​ហ៊ាន​ព្រលែង​ដៃ​បែប​នេះ​​»៕​​

Advertisement