«Baby Shark» បទ​ចម្រៀង​ដែល​កុមារ​ស្ទើរ​គ្រប់រូប​ធ្លាប់បាន​ចូល​មើល ក្លាយជា​វីដេអូ​ដំបូង​គេ និង​តែមួយគត់​នៅលើ Youtube មាន​អ្នក​ចូល​មើល «១០,០០០,០០០,០០០ View»

Baby Shark ជា​បទ​ចម្រៀង​សប្បាយរីករាយ ដែល​កុមារ​នៅ​ទូទាំង​ពិភពលោក​ចូលចិត្ត​ទស្សនា ប៉ុន្តែ ធ្វើឱ្យ​អាណាព្យាបាល «ធុញទ្រាន់» ព្រោះតែ​ត្រូវ​ស្ដាប់​ច្រើនដង​ពេក ត្រូវបាន​ទទួលស្គាល់ថា បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ។

Youtube បាន​ទទួលស្គាល់ថា Baby Shark មិន​ត្រឹមតែ​ជា​បទ​ចម្រៀង​ដែលមាន​អ្នក​ចូល​មើល​រហូតដល់ ១ ម៉ឺន​លាន​ (១០,០០០,០០០,០០០) លើក​នោះទេ ប៉ុន្តែ ក៏​ជា​វីដេអូ​តែមួយ​នៅលើ​បណ្ដាញ​សង្គម​នេះ ដែល​បង្កើត​បានកំណត់​ត្រា​អស្ចារ្យ​យ៉ាង​ដូច្នេះ។

Baby Shark ដែលជា​ផលិតផល​របស់​យីហោ កូរ៉េខាងត្បូង Pinkfong ត្រូវបាន​បង្ហោះ​លើ Youtube កាលពី​ឆ្នាំ ២០១៦ ហើយ​ក៏បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​យ៉ាងច្រើន​នៅ ទ្វីបអាស៊ី មុនពេល​ទៅដល់ ទ្វីប​អាម៉េរិក អឺរ៉ុប​និង​បណ្ដា​ប្រទេសផ្សេងៗទៀត។ល។

វីដេអូ​ដែលមាន​លក្ខណៈសាមញ្ញ និង​សប្បាយរីករាយ​នេះ បានទទួល​ជោគជ័យ​លើសពី​ការរំពឹងទុក​របស់ Pinkfong ទៅទៀត។ ក៏ប៉ុន្តែ ការ​ស្ដាប់​ច្រើនដង​ពេក ធ្វើឱ្យ​អាណាព្យាបាល​ខ្លះ​មានការ​ធុញទ្រាន់​នឹង Baby Shark។ យ៉ាងណាក៏ដោយ បទ​ចម្រៀង​កុមារ​នេះ​នៅតែមាន​ភាព​ទាក់ទាញ​ខ្លាំង​ចំពោះ​កុមារតូច។

Pinkfong គឺជា​ឈ្មោះ​នៃ​យីហោ​ផ្នែក​អប់រំ​កុមារ​មួយ​របស់​ក្រុមហ៊ុន SmartStudy ដែលជា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​អប់រំ និង​កម្សាន្ត​របស់ កូរ៉េខាងត្បូង។ SmartStudy គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Samsung Publishing Co Ltd។ ខ្លឹមសារ​របស់ Pinkfong ផ្ដោត​សំខាន់​ទៅលើ​បទ​ចម្រៀង​សម្រាប់​កុមារ ក្នុងនោះ Baby Shark គឺជា​បទ​ចម្រៀង​ល្បីឈ្មោះ​បំផុត​របស់​ក្រុមហ៊ុន។ ឆា​ណែ​ល Youtube ផ្លូវការ​របស់ Pinkfong ក៏មាន​អ្នក​ចុះឈ្មោះ​តាមដាន​ជិត ៥៥ លាន​នាក់​ផងដែរ៕

Advertisement