តារាចម្រៀងវៀតណាម និយាយអ្វីខ្លះពីខ្មែរនៅក្នុងបទចម្រៀងនេះ?

ចម្រៀងមួយបទរបស់តារាចម្រៀងវៀតណាមដែលមានឈ្មោះល្បី នាង LêVân ( ឡេ វឹន ) ដែលមានចំណងជើងថា « HươngTìnhTràVinh » ឬ  មន្ដស្នេហ៍នារីខេត្ត TràVinh (ជ្វែវីញ) កំពុងតែក្លាយជាបទចម្រៀងល្បីរន្ទឺនៅក្នុងប្រទេស វៀតណាម និងឆ្ពោះទៅកាន់ពិភពលោក។

បទនេះបានច្រៀងរៀបរាប់អំពីបងប្អូនខ្មែរកម្ពុជាក្រោម ដែលបានរក្សាទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ខ្មែរបានយ៉ាងល្អនៅក្នុងទឹកដីខេត្ត TràVinh ប្រទេសវៀតណាម។ យ៉ាងណាមិញ នៅក្នុងខេត្ត TràVinh គឺជាខេត្តដែលល្បីឈ្មោះ និងសម្បូរទៅដោយនារីកម្ពុជាក្រោមស្អាតៗ សាច់សៗជាច្រើន ព្រមទាំងជាទីកន្លែងដែលល្បីល្បាញខាងរាំឡាំថូន ដែលជាទូទៅ ពួកគេពេញនិយមរាំនៅក្នុងវត្ត TràVinh។ រាល់កម្មវិធីបុណ្យទាននៅក្នុងវត្តនេះទៀតសោត គេរមែងតែងសង្កេតឃើញមានការរៀបចំកម្មវិធីសម្ដែងជូនជារបាំប្រពៃណីខ្មែរ របាំឈ្នាង ល្ខោនខោល ការរាំឡាំថូន និងមានការបណ្ដែតប្រទីបជាដើម។

បទចម្រៀងរបស់តារាស្រីល្បីឈ្មោះ ឡេ វឹន ក៏បានរៀបរាប់ផងដែរថា បើបងៗសុភាពបុរសខ្មែរ និងបរទេសនានា បានមកលេងវត្ត TràVinh ហើយ នឹងបាក់ចិត្តស្រឡាញ់នារីនៅទីនេះមិនខាន និងសូមកុំភ្លេចលើកដៃឡើងរាំឡាំថូននៅទីនេះផង ព្រោះថា នារីនៅទីនេះពូកែរាំឡាំថូនណាស់ ហើយក៏ពូកែដាំស្លដូចគ្នាផងដែរ។ គួរបញ្ជាក់ដែរថា បទចម្រៀងនេះកំពុងតែមានអ្នកទស្សនារាប់លាននាក់នៅលើបណ្ដាញសង្គម Youtube៕

 

Advertisement