ទោះបី​ចេញពី​ទ្រនំហង្សមាស​ ឈិត សុវណ្ណបញ្ញា បន្តជាទូតសុឆន្ទៈយុទ្ធនាការ​ ១០០ កោដិ​សំឡេង​កម្ពុជា

ភ្នំពេញៈ ​បន្ទាប់​ពី​ដើរ​ចេញ​ពី​ទ្រនំ​ចាស់​ផលិតកម្ម​រស្មីហង្សមាស មិន​ទាន់​បាន​ប៉ុន្មាន​ផងនោះ ក៏​​ស្រាប់តែ​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា បង្ហាញ​វត្តមាន​នៅ​លើ​ទ្រនំ​​ថ្មី​នៃ​ពិធី​ជួប​ជុំ​ក្រុមតារា​ប្រុស​ស្រី និង​អ្នក​ដឹកនាំ​កម្មវិធី​សម្តែង​នៃ​ផលិតកម្ម​ថោន ដើម្បី​ត្រៀម​​ផលិត​បទចម្រៀង​ថ្មីៗ​ចេញ​នាឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខ និង​បាន​ទទួល​សិទ្ធិ​បន្ត​ធ្វើ​ជា​ទូត​សុច្ឆន្ទៈ​នៃ​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា ឆ្នាំទី ៥ ទៀត​ផង​ដែរ​។

អម​ដោយ​រូប​ថ​ត​ប្រគល់​លិខិត​សរសើរ នា​ឱកាស​ថ្ងៃ​បើក​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា ( One Billion Rising Cambodia) លើកទី ៥ របស់​ក្រួសង​​កិច្ចការ​នារី ដែលបាន​ផ្តើមឡើង​ដើម្បី​អំពាវនាវ​ឲ្យមាន​សកម្មភាព​ធ្វើឡើង​ជាការ​ឆ្លើយតប​នឹង​ស្ថិតិ​ដ៏គួរ​ឲ្យព្រួយបារម្ភ​បង្ហាញថា ស្ត្រី ១ ក្នុង​ចំណោម ៣ នាក់​នៅ​លើ​ពិភព​លោក បាន​កំពុងតែ​ត្រូវរង​ការ​វាយ​ដំ និង​ចាប់​រំ​លោភ​សម្រាប់​ជីវិត​រស់នៅ​របស់​គេ នាចុង​សប្តាហ៍​កន្លងមក​ខណៈ​កញ្ញា ឈិត សុវណ្ណ​បញ្ញា ក៏បង្ហោះ​​សារ​រីករាយ​ផងដែរ​ថា៖ «នាងខ្ញុំ​មាន​អារម្មណ៍​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កម្មវិធី​នេះ ហើយក៏​សូមថ្លែង​​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ទៅដល់​លោក​អ៊ំ លោកពូ អ្នកមីង ព្រម​ទាំង​បងប្អូន​ទាំងអស់ ដែល​បានគាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ថ្ងៃនេះ។ ស្រឡាញ់​អ្នក​ទាំង​អស់គ្នា!»។

កញ្ញា ឈិត សុវណ្ណ​បញ្ញា ក៏​ប្រាប់​​ពីដំណើរ​​​ដើម​ទង​នៃ​តំណាង​ជា​ទូត​សុច្ឆន្ទៈ​នៃ​យុទ្ធនាការ ១០០ កោដិ​សំឡេង​កម្ពុជា​ថា៖ «តាមពិតទៅ​ខ្ញុំ​បាន​​ធ្វើ​ជាទូត​សុច្ឆន្ទៈ​នៃ​កម្មវិធី​នេះ​តាំងពី​ឆ្នាំ ២០១៣ មក​បង! ឆ្នាំ​នេះ​ជា​លើកទី ៥ ហើយ​ដែល​នាងខ្ញុំ នៅ​តែ​បន្ត​បាន​ការ​គាំទ្រ»។ យុទ្ធនា​ការ​ ១០០ កោដិ​សំឡេង​កម្ពុជា ឆ្នាំ ២០១៧ នេះ ផ្តោត​សំខាន់​ក្រោម​ប្រធានបទ​ថា «បញ្ចប់​គ្រប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី ដើម្បី​សេចក្តី​ស្រឡាញ់ និង​យុត្តិធម៌» ទន្ទឹម​នឹង​ពេលដែល​អំពើ​ហិង្សា និង​អយុ​ត្តិធម៌ កំពុងតែ​ទទួល​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​នៅ​ប្រទេស​កម្ពុជា​នោះ​។ ក្នុង​នាម​ជាទូត​សុច្ឆន្ទៈ​ប្រាំឆ្នាំ​ជាប់គ្នា​នោះ តារាចម្រៀង​ស្រី ទើបដើរ​ចេញពី​ទ្រនំ​ចាស់​ហង្សមាស និងធ្លាប់​ជោគជ័យ​ក្នុងការ​សម្តែង​ជា​តួឯក​ស្រី​​នៃកុន​ដំបូង​រឿង «ទេសចរណ៍​ឋាននរក» ហើយ​បានបង្ហាញ​វត្តមាន​យ៉ាងច្បាស់​ក្រឡែត ទៅជ្រក​ក្រោម​ទ្រនំថ្មី​ផលិតកម្ម​ថោន ជាមួយ​នឹង​​មិត្តរួម​អាជីព ដែល​ក៏បាន​ដើរ​ចេញពី​ផលិតកម្ម​ចាស់ដែរ​មាន​អ្នកនាង យក់ ឋិតរដ្ឋា និង​អតីតជា​អ្នកដឹកនាំ​ការសម្តែង​នៅឯ​ហង្សមាស លោក ​អ៊ិន ទីតូ កញ្ញា ឈិត សុវណ្ណ បញ្ញា ផ្ញើសារ​ទៅដល់​បងប្អូនស្ត្រី​ទាំងអស់​ថា៖ «សុំ​បងប្អូន​ស្ត្រី​ដែលជា​ភរិយា ​និង​សុភាព​នារី​​ទាំងអស់​ត្រូវ​តែ​ក្លាហាន និង​ហ៊ាន​និយាយ​ប្រាប់​ទៅដល់​ភ្នាក់ងារ ឬ​ក្រុមការងារ​ពាក់ព័ន្ធ​នឹងបញ្ហា​អំពើហិង្សា ក្នុងករណី​បងប្អូន​បាន​ជួប​នូវ​បញ្ហា​នានា​​ដូចជា​ការប្រើ​ហិង្សា​ពីស្វាមី ឬជន​ដទៃ​នោះ»៕

 

Advertisement