សា​រ៉ា​យ ស​ក្ខ​ណា និង​ DJ អា​ណូ កំពុងស្ថិត​នៅក្នុង​តំណែង​តួឯក​នៅ ​CTN

Red Picture ជា​ផលិតកម្ម​ដែល​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​ក្នុងការ​ផលិត​រឿង​ជាច្រើន ដូចជា​រឿង «ភូមិ​អត់​មនុស្ស» «ទង់ព្រលឹង» និង «ផ្ទះ​សសរ​កណ្ដាល» ជាដើម។ បច្ចុប្បន្ន​ផលិតកម្ម​មួយ​នេះ​បាន​ពង្រីក​សក្ដានុពល​កា​ន់​តែ​ខ្លាំង​បន្ថែមទៀត តាមរយៈ​ការសហការ​ជាមួយ​ CTN  , KONGCHAK Picture W&H Investment Holding Co.,Ltd,Black magic design។

ក្នុងឱកាស​សន្និសីទកាសែត​ស្ដីពី​កិច្ចសហប្រតិបត្ដិការ​រ​វាង Red Picture  និង​ស្ថាប័ន​ទាំង4 ត្រូវបាន​លោក ឌៀប សុវណ្ណ​រ៉ា ចាងហ្វាង​លិ​ត​កម្ម Red Picture លើកឡើងថា ក្នុង​កិច្ចសហប្រតិបត្ដិការ​នេះ​ផលិតកម្ម​លោក​គ្រោង​នឹង​ផលិត​រឿង​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ចំនួន 4រឿង​ក្នុង​មួយឆ្នាំ ដូច្នេះ​ផលិតកម្ម​របស់លោក​ត្រូវការ​តារា​សម្ដែង​ជាច្រើន។ ម្យ៉ាងទៀត ក្រៅពី​ខ្សែភាពយន្ដ​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍ ​CTN ហើយ​នោះ Red ក៏​ផលិត​ខ្សែភាពយន្ដ​ដុំ​ខ្នាត​ធំ​ផងដែរ។

លោក​បន្ដថា ជំហាន​ដំបូង​ក្នុង​ការផលិត​ភាពយន្ដ​ភាគ Red Picture បាន​សម្លឹង​ឃើញ​តារា​នៅក្នុង​ចិ​ត្ដ​ដើម្បី​យកមក​ធ្វើជា​តួឯក​រួចហើយ គឺ​ទី1 អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា ទី2 DJ អា​ណូ។លោក​អះអាងថា អ្នក​ទាំងពីរ​សុទ្ធតែជា​តារា​សម្ដែង​មាន​បទពិសោធ និង​មាន​សមត្ថភាព​ដែល​លោក​គិតថា ស័​ក្កិ​សម​ទៅនឹង​សាច់រឿង​ដែល​លោក​គ្រោង​នឹង​ផលិត​នាពេលខាងមុខ។

ទោះជា​យ៉ាងណា​លោក ឌៀប សុវណ្ណារ៉ា បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជាមួយនឹង DJ អា​ណូ​យើង​គ្រាន់តែ​បាន​បង្ហើប​ដំណឹង​នេះ​ទៅដល់​គាត់​ប៉ុ​ណ្នោះ ប៉ុន្ដែ​កិច្ចការ​លម្អិត​យើង​ត្រូវ​ជជែក​គ្នា​បន្ថែមទៀត​ដើម្បី​ឈានទៅដល់​ការធ្វើ​កុងត្រា​តែម្ដង។

ដោយឡែក​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ទើប​ត្រឡប់​មកពី​អាមេរិក​បាន​បញ្ជាក់ថា នាង​មក​ស្រុកកំណើត​ក្នុង​គោលបំណង2 ទីមួយ​មកលេង​ក្រុមគ្រួសារ ទី​ពីរ​មក​ធ្វើការ​ងារ​ដោយ​នាង​បានទទួល​ការងារ​ពី​ផលិតកម្ម ​Red Picture។ នាង​បន្ដថា នាង​មិនទាន់​ដឹងថា នឹង​ចេញ​ថត​នៅពេលណា​នោះទេ ប៉ុន្ដែ​នាង​អះអាងថា ក្នុង​រឿង​ថ្មី​របស់​CTN នាង​ទទួលបាន​តំណែង​ជា​តួ​ស្រី​ហើយ៕

Advertisement